ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងប្រារព្ធធ្វើនៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង 

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាល រាជធានីភ្នំពេញ និងខេត្តពាក់ព័ន្ធ ។ 

ជាកិច្ចចាប់ផ្តើម សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំទាំងអស់ ដែល បានចូលរួមប្រជុំតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបានលើកពីការងារ ចំពោះមុខ ដែលគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ខេត្ត ត្រូវរួមសហការគ្នាដោយ ស្មារតីយកចិត្តទុកដាក់ ដើម្បីរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៥។ 

បន្ទាប់មក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល បានបន្តដំណើរការអង្គប្រជុំ ដោយលើកយកគោលការណ៍សំខាន់ៗ សម្រាប់អនុវត្ត និងបានជម្រាបជូនអំពីខ្លឹមសារព្រះរាជកម្មវិធី និងការប្រព្រឹត្តទៅនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ឲ្យបានជោគជ័យនិងខ្ពង់ខ្ពស់បំផុត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឈិន កេតនា មានប្រសាសន៍ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលនឹង ប្រារព្ធនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា បានផ្តល់នូវអនុសាសន៍មួយចំនួនស្តីអំពី គម្រោងផែនការណែនាំលើកិច្ចការសំខាន់ៗជាច្រើនដូចជាការរៀបចំចាត់តាំងក្រុមពិធីការនៅតាមផ្លូវចូលទៅកាន់ទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធី រៀបចំទង់ជ្វាលីនៅទីតាំងព្រះពន្លាជ័យ និងការងារសន្តិសុខសណ្តាប់ធ្នាប់ជាដើម ពិសេសការរៀបចំសាកល្បងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅមុនថ្ងៃប្រារព្ធនូវព្រះរាជពិធី ដើម្បីធ្វើឲ្យព្រះរាជពិធីមានកិច្ចដំណើរការយ៉ាងល្អប្រសើរ និងខ្ពង់ខ្ពស់បំផុត។ 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ឈិន កេតនា បានសំណូមពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងគណៈកម្មការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។ 

សូមជម្រាបជូនថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនាឆ្នាំនេះ ស្តេចមាឃ និង មេហួ ដែលមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ជាស្តេចមាឃ និងលោកជំទាវ ផាត សុផាន្នី ជាមេហួ ជាព្រះរាជតំណាង ដង្ហែឆ្ពោះទៅកាន់ទីព្រះស្រែ។