ព្រះវិហារ Notre Dame ដ៏ល្បីនៅបារាំងទទួលបានភ្ញៀវទេសចរបំបែកកំណត់ត្រា ១ខែដំបូង៨០ម៉ឺននាក់ ក្រោយចំណាយពេល៥ឆ្នាំជួសជុល ដោយសារតែភ្លើងឆេះយ៉ាងដំណំកាលពីឆ្នាំ២០១៩
ក្រោយពីរយៈពេលមួយខែ នៃដំណើរការបើកទ្វាឡើងវិញរបស់ព្រះវិហារ Notre Dame ក្នុងទីក្រុងប៉ារីសបានប្រកាសឲ្យដឹងនូវចំនួនអ្នកចូលទស្សនាយ៉ាងច្រើន ដោយក្នុងនោះមានមនុស្ស ៨០ម៉ឺននាក់បានមកទស្សនាព្រះវិហារនេះជាថ្មីក្រោយពីជួសជុលរួចរាល់ ដោយជាមធ្យមគឺមានអ្នកចូលទស្សនា៣០ពាន់នាក់ក្នុងមួយថ្ងៃ។ ព្រះវិហារ Notre Dame នេះបានទាក់ទាញចំនួនអ្នកចូលទស្សនាស្ទើតែស្មើទៅនឹងចំនួនអ្នកទស្សនានៅសារមន្ទីរ Louvre ដ៏ល្បីល្បាញទៅហើយ។ សេវាចូលទស្សនាគឺមិនគិតថ្លៃទេ ប៉ុន្តែភ្ញៀវត្រូវបានគេណែនាំអោយកក់ទុកជាមុន ដើម្បីធានាថាពួកគេមិនលុបចោលឡើយ។ លោកស្រី Christina Schächter ជាអ្នកទេសចរមកពី Landau ប្រទេសអាឡឺម៉ង់បាននិយាយថាលោកស្រីមកទស្សនាលើកនេះមិនចាំបាច់តម្រង់ជួរយូរដូចមុនទេ។ លោកស្រីបានពន្យល់បន្ថែមថា៖ «យើងអាចដើរកាត់វាបានយ៉ាងងាយស្រួល ហើយប្រសិនបើយើងមានពេលបន្តិចទៀត យើងអាចអង្គុយមើលការងារជួសជុលរបស់ក្រុមអ្នកជំនាញបាន។ ក្រោយពេលជួសជុល វាជាស្អាត ភ្លឺចែងចាំងខ្លាំងណាស់ និង គួរឱ្យរំភើបថែមទៀតផង»។ សូមបញ្ជាក់ថាព្រះវិហារ Notre-Dame ត្រូវបើកដំណើរការឡើងវិញនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់ពីបញ្ចប់ការងារជួសជុលឡើងវិញរយៈពេល៥ឆ្នាំ ក្រោយពីអគ្គីភ័យដែលបានបំផ្លាញផ្នែកខាង និងដំបូលនៃព្រះវិហារនេះបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរដល់ផ្នែកខាងក្នុងរបស់វាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០១៩៕
សម្រួលអត្ថបទ៖សុផារិន្ទ