ភ្ងៀវជាតិ និងអន្តរជាតិប្រមាណជាង៣០០០ ចូលរួម ដើរ ដង្ហែក្បួន ក្នុងព្រឹត្តិការណ៍ ដើម្បីពិភពលោកមួយដែលគ្មានមីន ……
នៅមុនការបេីកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសដែលកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ភ្ងៀវជាតិ និងអន្តរជាតិប្រមាណជាង៣០០០ បានចូលរួមដើរ ដង្ហែក្បួន ដើម្បីពិភពលោកមួយដែលគ្មានមីន រយៈចំងាយ៤គីឡូមែត្រ ចាប់ពីមុខប្រាសាទអង្គរវត្ត រហូតដល់លានជល់ដំរី ដេីម្បីបង្ហាញជានិមិត្តរូប នៃការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅការសម្រេចបានអនាគតមួយ ដែលគ្មានការគំរាមកំហែងដោយសារគ្រាប់មីន និង ជាសក្ខីភាព ពីមិត្តគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី ដេីម្បីអំពាវនាវរួមគ្នាសម្រេចគោលដៅ ការលុបបំបាត់ការរងគ្រោះ និងទុកវេទនា ដែលបង្កឡេីងដោយគ្រាប់មីនប្រឆាំងមនុស្ស។
លោក សំកុល សុចិត្រា អភិបាលខេត្តសៀមរាប បានអោយដឹងថា ខេត្តសៀមរាប គឺជាបេះដូងនៃបេសកកម្មសកលមួយ គឺការឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ តាមរយៈការដើរដង្ហែក្បួននាថ្ងៃនេះ បានធ្វេីការចេញដំណើរពីប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់លានជល់ដំរី មិនមែនជាការដើរធម្មតានោះទេ តែជានិមិត្តរូបដ៏សំខាន់ នៃការប្តេជ្ញាចិត្តរួមគ្នារបស់យើង ឆ្ពោះទៅការសម្រេចបានអនាគតមួយ ដែលគ្មានការគំរាមកំហែងដោយសារគ្រាប់មីន។ ការដើរដង្ហែក្បួនេះ គឺជាការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីភពលោកមួយដែលគ្មានមីន ដែលបានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងចលនាសកល ក្នុងការលុបបំបាត់គ្រាប់មីន។
ក្នុងដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ា បានអោយដឹងថា យើងមកពីគ្រប់ទិសទី ជួបជុំគ្នា ក្នុងនាមជាមិត្ត ជាគ្រួសារតែមួយ និងមានក្តីស្រមៃរួមគ្នា គឺការសម្រេចបានពិភពលោកមួយដែលគ្មានមីន។ រាល់ជំហានដែលយើងបានបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព សន្តិភាព និងអនាគតមួយដែលមនុស្សលែងមានក្តីបារម្ភ ថាដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ។ វត្តមានរបស់ អ៊ុ ពូ មីង បង-ប្អូន លោកគ្រូ-អ្នកគ្រូ ក្មួយៗយុវជន និងសិស្សានុសិស្ស និងនិងភ្ញៀវអន្តរជាតិ ដែលមកពីគ្រប់ទិសទី ទូទាំងពិភពលោក គឺមិនមែនត្រឹមតែជាការចូលរួមក្នុងការដើរដង្ហែក្បួននោះទេ តែវាជាបេះដូងនៃបេសសកម្មរួមរបស់យើង។ យើងកំពុងដើរឆ្ពោះទៅរកអនាគតមួយ ដែលកូនៗរបស់យើង អាចរត់លេងដោយសេរី កសិកររបស់យើង អាចធ្វើស្រែចំការ ដោយមិនមានភាពភ័យខ្លាច ហើយសហគមន៍របស់យើង នឹងអាចលូតលាស់ប្រកបដោយសុវត្ថិភាព។ ឯកឧត្តបបណ្ឌិតទេសរដ្ឋន្ត្រី បានបញ្ជាក់ថា ការដង្ហែក្បួនរបស់យើងនាពេលនេះ បានធ្វេីឡេីង ប្រកបដោយក្តីរីករាយ និងប្រកបដោយថាមពល ហើយសូមចងចាំក្នុងចិត្តថា ការដើររបស់យើង គឺជាការត្រួសត្រាយផ្លូវ ឆ្ពោះទៅរកអនាគតមួយដែលភ្លឺត្រចះត្រចង់ និងប្រកបដោយសុវត្ថិភាព។
គួរបញ្ជាក់ថា ការដើរដង្ហែក្បួន ក្នុងព្រឹត្តិការណ៍ ដើម្បីពិភពលោកមួយដែលគ្មានមីន គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ សម្រាប់វិស័យសកម្មភាពមីនសកល ក្នុងការអំពាវនាវ និងជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមទៅកាន់ពិភពលោក ដើម្បីបញ្ចប់ការរងគ្រោះ និងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលមានអ្នកចូលរួមប្រមាណជា ៣០០០ នាក់ រួមមាន ៖ គណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្ត។ ហេីយអ្វីដែលយើងអាចសម្រេចបានថ្ងៃនេះ គឺដោយសារការប្តេជ្ញា ចិត្តដ៏មោះមុត ក្នុងការសម្រេចឱ្យបានពិភពលោក មួយដែលគ្មានមីន និងការបន្ត កសាងសន្តិភាព ដើម្បីជាកេរ្តិ៍ដំណែល បន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង៕