ភ្លើងឆេះព្រៃនៅតំបន់ Los Angeles ក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិកមានទំហំខូចខាត ដោយប៉ាន់ប្រមាណជាបឋមអាចចន្លោះពី២៥០ទៅ២៧៥ប៊ីលានដុល្លា!  

រូបភាពពីលើអាកាសបានបង្ហាញពីការបំផ្លិចបំផ្លាញបង្កឡើងដោយភ្លើងឆេះព្រៃទៅកាន់សង្កាត់នានានៅក្នុងទីក្រុង Los Angeles កាលពីសប្តាហ៍មុនគួរឲ្យព្រឺព្រួច។ទោះបី ជាភ្លើងបាននឹងកំពុងឆាបឆេះផ្ទះ និងហាងអាជីវកម្មជាច្រើននៅក្នុងទីក្រុង Los Angeles បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់ហើយ និងជម្លៀសមនុស្សរាប់ពាន់នាក់ ផ្សេងទៀត ដោយក្នុងនោះវាបានបំផ្លាញអគារជាង១២០០០កន្លែង ដែលជាហេតុការណ៍ដ៏អាក្រក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសមហាអំណាចមួយនេះ។ ករណីឆាបឆេះនេះបានចាប់ផ្តើមកាលពីថ្ងៃទី០៧ខែមករា បង្កឡើងដោយខ្យល់ព្យុះ Santa Ana ដ៏កាចសាហាវ ដែលបានបង្កទៅជាបញ្ហាដល់កងកម្លាំងពន្លត់អគ្គីភ័យដ៏ធំ ដែលត្រូវបានដាក់ពង្រាយនៅទូទាំងតំបន់ជាច្រើននៃទីក្រុងនិងបន្តរីករាលដាល។ Cal Fire បានរាយការណ៍ថាភ្លើងឆេះដំបូងនៅ Palisades, Eaton, Kenneth និង Hurst បានលេបត្របាក់ផ្ទះប្រជាជនក្នុងចំងាយប្រហែលជា១៦៣គីឡូម៉ែត្រក្រឡា។ Cal Fire បានរាយការណ៍ពីការទប់ស្កាត់ភ្លើងឆេះនៅ Palisades Fire នៅ ១៧% និង Eaton Fire នៅ៣៥% កាលពីថ្ងៃអង្គារនះដែរ ម៉ោងនៅអាម៉េរិក។ ការិយាល័យពិនិត្យសុខភាព របស់ខោនធី LA បាននិយាយថា ភ្លើងនៅ Palisades ដែលស្ថិតនៅតាមបណ្តោយឆ្នេរ សមុទ្របានសម្លាប់មនុស្ស៨នាក់ ខណៈដែលអគ្គីភ័យ Eaton ដែលនៅឆ្ងាយពីសមុទ្រ សម្លាប់មនុស្ស១៧នាក់ផ្សេងទៀត។ មនុស្សជិត 30 នាក់នៅតែបាត់ខ្លួន។ ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់ថាតើអ្វីដែលបង្កឱ្យមានអគ្គិភ័យនេះរាលដាលដ៏អាក្រក់នេះ ព្រោះអាចមានមូលហេតុដ៏ចំបងបំផុតមួយ ចំណែកទីភ្នាក់ងាររដ្ឋាភិបាល មិនទាន់បានផ្តល់ការប៉ាន់ប្រមាណនូវទំហំខូចខាតជាបឋមនៅឡើយបានទេ ប៉ុន្តែ AccuWeather ដែលជាក្រុមហ៊ុនផ្តល់ទិន្នន័យស្តីពីអាកាសធាតុ និងផលប៉ះពាល់របស់វា បានបញ្ជាក់ទំហំខូចខាត និងខាតបង់ផ្នែកសេដ្ឋកិច្ចអាច ២៥០ទៅ២៧៥ប៊ីលានដុល្លាអាម៉េរិកឯណោះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ