ភ្លើងឆេះព្រៃនៅប្រទេសប៉េរ៉ូត្រឹមតែ២សប្តាហ៍បណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ និងផ្ទៃដីជាង៣០០០ហិកត្រូវខូចខាត
ភ្លើងឆេះព្រៃនៅក្នុងប្រទេសប៉េរូបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់គិតត្រឹមថ្ងៃច័ន្ទនេះ ហើយផ្ទៃដីដាំដុះ និងតំបន់ធម្មជាតិជាង ៣០០០ហិកតាក៏ត្រូវបានភ្លើងបំផ្លិចបំផ្លាញដែរ។
នាយករដ្ឋមន្ត្រីប្រទេសប៉េរ៉ូលោក Gustavo Adrianzén បានប្រាប់សារព័ត៌មានថា ហេតុការណ៍ភ្លើងឆេះនេះបានកើតឡើងដោយសារសកម្មភាពរបស់មនុស្ស ហើយតំបន់ចំនួន២២ក្នុងចំណោមតំបន់ទាំង២៤របស់ប្រទេសនេះគឺផ្ទុះករណីដូចគ្នានេះយ៉ាងសកម្មដែរ។ ពេលនេះ ពពក ផ្សែង និងខ្យល់បក់បោកកំពុងរារាំងដល់ប្រតិបត្តិការរបស់យន្តហោះដែលមានដើម្បីប្រយុទ្ធនឹងភ្លើង។
របាយការណ៍ការពារជនស៊ីវិលដែលចូលដោយសារព័ត៌មាន Associated Press បង្ហាញថា ចាប់តាំងពីខែកក្កដាមក មនុស្សយ៉ាងតិច ១៥ នាក់បានស្លាប់ និង ៩៨ នាក់ផ្សេងទៀតបានរងរបួសដោយសារភ្លើងឆាបឆេះ។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ មាន១០នាក់គឺស្លាប់ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ចុងក្រោយនេះ ហើយមនុស្សជាង១៨០០នាក់បានរងផលប៉ះពាល់ពីហេតុការណ៍ភ្លើងឆេះព្រៃនេះ។ សត្វពាហនៈចំនួន ៣៣៤ ក្បាលក៏បានងាប់នៅក្នុងហេតុការណ៍ភ្លើងឆេះដ៏អាក្រក់នេះដែរ។ សេវាព្រៃឈើ និងសត្វព្រៃជាតិ (SERFOR) របស់ប្រទេសប៉េរ៉ូ បានបង្ហាញថាផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរ ដែលធ្វើឲ្យភ្លើងរីករាលដាលកាន់តែខ្លាំងឡើងៗ៕
សម្រួលអត្ថបទ៖ សុផារិន្ទ