ភ្លៀងធ្លាក់ខ្លាំងពន្លិចទីក្រុង Kentucky និងព្រមានពីព្យុះកំបុតត្បូងដ៏សាហាវ ខណៈបុគ្គលិកធ្វើការនៅការិយាល័យអាកាសធាតុកាន់តែតិចទៅៗ ដោយសាររដ្ឋបាលលោក Trump ប្រកាសកាត់បន្ថយ

ប្រព័ន្ធព្យុះដែលបោកបក់លើតំបន់ដ៏ធំនៃភាគខាងត្បូង និងកណ្តាលភាគខាងលិចរបស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៦នាក់ហើយបានស្លាប់ ជាមួយនឹងការព្រមានអំពីវត្តមានព្យុះកំបុតត្បូង និងទឹកជំនន់ភ្លាមៗដែរ ដោយបង្កើតឱ្យស្ថានភាពអាកាសធាតុកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលអ្នកព្យាករណ៍និយាយថាវាអាចបណ្តាលឱ្យកើនឡើងនូវផ្លូវទឹកហូរហៀរទៅថ្ងៃខាងមុខ។ តំបន់ដែលរងផលប៉ះពាល់ជាច្រើនត្រូវទឹកជន់លិចយ៉ាងខ្លាំងនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីព្យុះដ៏ខ្លាំងនិងច្រើនថ្ងៃបានបោកបក់បង្ករឱ្យមានព្យុះកំបុតត្បូងដ៏សាហាវបន្ថែមទៀត។ នាយកដ្ឋានប៉ូលីស Dawson Springs នៅតំបន់ Dawson Springs រដ្ឋ Kentucky បានចែករំលែកវីដេអូនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយបានហៅទឹកជំនន់នៅទីនោះថា “ស្ថានភាពនេះវាពិតជាមិនធ្លាប់មានទេពីមុនមក” ។ ការបង្ហោះវីដេអូនោះនាយកដ្ឋានក៏បានដាក់ចំនងជើងទៀតថា “សូមលោកអ្នកចាំថា នៅទីនេះនឹងមានភ្លៀងធ្លាក់បន្តទៀត” ដោយភ្ជាប់ជាមួយនឹងវីដេអូដែលបង្ហាញពីទីក្រុងតូចមួយស្ទើរតែលិចទឹកអស់ទៅហើយ។ ការព្រមានអំពីព្យុះកំបុតត្បូងថ្មីត្រូវបានប្រកាសចេញពេញមួយយប់នៅក្នុងរដ្ឋ Alabama និង Mississippi រួមជាមួយនឹងការព្រមានអំពីទឹកជំនន់ភ្លាមៗសម្រាប់ស្រុកមួយចំនួននៅក្នុងរដ្ឋ Kentucky, Mississippi និង Tennessee។ ព្យុះបានបោកបក់នៅពេលដែលការិយាល័យសេវាកម្មអាកាសធាតុជាតិមានបុគ្គលិកធ្វើការកាន់តែតិចជាងមុន ដោយសារតែការកាត់បន្ថយបុគ្គលិករបស់រដ្ឋបាលលោក Trump ៕

សម្រួលអត្ថបទ៖សុផារិន្ទ