មកដឹងពីជីវិតនយោបាយរបស់លោក Rodrigo Duterte! ខណៈក្រុមអ្នកវិភាគនិងប្រជាជនហ្វីលីពីនភាគច្រើនបញ្ជាក់ថាដីកាចាប់ខ្លួនរបស់ ICC នៅមានភាពស្រពិចស្រពិលច្រើន

ប៉ុន្មាននាទីបន្ទាប់ពីអតីតមេដឹកនាំហ្វីលីពីនលោក Rodrigo Duterte ត្រូវបានប៉ូលីស Interpol ចាប់ខ្លួន និងបង្ខំឲ្យលោកឡើងលើយន្តហោះពិសេសទៅកាន់ទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយ ICC ស្រាប់តែលោកប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន Ferdinand Marcos JR ចេញមកបាននិយាយថា៖ អំពីការចាប់ខ្លួននេះ “គឺមិនពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងប្រទេសហ្វីលីពីនទេ” ។ លោកបានប្រាប់អ្នកយកព័ត៌មានទៀតថា ការចាប់ខ្លួននេះគឺអនុលោមទៅតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលជាប់ទាក់ទងនឹងសង្គ្រាមគ្រឿងញៀនដ៏សាហាវរបស់អ្នកកាន់តំណែងមុនរបស់លោក ដោយសំដៅលើលោក Rodrigo Duterte ដែលវាគឺជាបញ្ហារបស់ហ្វីលីពីន ដែលបំពេញនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនមិនបានល្អប៉ុណ្ណោះ។ ប៉ុន្តែការចាប់ខ្លួនលោក Duterte គឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃអង្គារដោយវាបានកើតឡើងត្រឹមតែរយៈពេលមួយខែ បន្ទាប់ពីមានបទចោទប្រកាន់លើកូនស្រីរបស់លោក Duterte ដែរ គឺលោកស្រី Sara និងជាអនុប្រធានាធិបតីរបស់ប្រទេសនេះបានធ្វើឱ្យទ្រព្យធននិងជីវិតនយោបាយនៃគ្រួសារដ៏ល្បីនេះត្រូវស្ថិតក្នុងគ្រោះថ្នាក់យ៉ាងជ្រាលជ្រៅដែរ នេះគឺជាអ្វីដែលក្រុមអ្នកវិភាគបានប្រាប់ AFP ។ លោក Michael Henry Yusingco ជាមន្ត្រីជាន់ខ្ពស់នៅមជ្ឈមណ្ឌលគោលនយោបាយ Ateneo បានបញ្ជាក់ពីការបោះឆ្នោតនៅពាក់កណ្តាលអាណត្តិរបស់ហ្វីលីពីននាខែឧសភាខាងមុខនេះថា៖ ខ្ញុំអាចនិយាយបានថាមានតែបេក្ខជនបីនាក់ប៉ុណ្ណោះដែលមកពីគណបក្ស PDP Laban របស់លោក Duterte ដែលកំពុងស្ថិតនៅលើផ្លូវត្រូវដើម្បីដណ្តើមយកអាសនៈមួយ ក្នុងចំនោមអាសនៈព្រឹទ្ធសភាជាប់ឆ្នោតជាតិចំនួន១២ទៀតខណៈដែលគណបក្ស New Philippines Alliance ដែលកំពុងកាន់អំណាចដោយត្រកូល Marcos មានបេក្ខជនចំនួន៨នាក់គឺជាកម្លាំងដ៏រឹងមាំក្នុងចំណោមមេដឹកនាំរបស់ពួកគេ។ អ្នកដែលត្រូវបានជាប់ឆ្នោតនៅពាក់កណ្តាលអាណត្តិនេះនឹងអាចសម្រេចឈានទៅរកបោះឆ្នោតសកលនាពេលខាងមុខ។ លោក Yusingco បាននិយាយទៀតថាដោយសារ “ការគ្រប់គ្រងពេញលេញរបស់ត្រកូល Marcos លើផ្នែកសំខាន់ៗនៃរដ្ឋាភិបាល… វាពិតណាស់ដែលធ្វើត្រកូល Duterte ត្រូវឈានដល់ទីបញ្ចប់ ប៉ុន្តែក៏មានអ្នកវិភាគបានព្រមានថាបញ្ហានេះគឺវាលឿនពេកហើយសម្រាប់ដីការចាប់ខ្លួនលោក Duterte របស់ ICC ប្រសិនបើគ្មានការសម្របសម្រួលពីរដ្ឋាភិបាលសាម៉ីននោះ។ សូមរំលឹកថា លោក Rodrigo Roa Duterte ត្រូវបានគេស្គាល់ឈ្មោះថា Digong Rody និងមានអក្សរកាត់ថា DU30 និង PRRD ដែលលោកគឺជាអតីយមេធាវី និងជាអ្នកនយោបាយហ្វីលីពីន ដែលបានបម្រើការងារជាប្រធានាធិបតីទី១៦របស់ប្រទេសហ្វីលីពីន ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២។ លោកគឺជាប្រធានគណបក្ស Partido Demokratiko Pilipino (ជាអតីតគណបក្សនយោបាយរបស់មុនក្លាយជាបក្ស PDP-Labanid) ក្នុងប្រទេសហ្វីលីពីន។ លោក Duterte គឺជាប្រធានាធិបតីហ្វីលីពីនដំបូងគេដែលមកពីដែនកោះមីនដាណាវ ហើយជាបេក្ខភាពដែលមានវ័យចាស់ជាងគេដែរ ដែលចូលកាន់តំណែងកំពូលនេះដោយចាប់ផ្តើមអាណត្តិនៅអាយុ៧១ឆ្នាំ។ លោក Duterte កើតនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ១៩៤៥ ក្នុងទីក្រុង Maasin បច្ចប្បន្នជាទីក្រុង Leyte ហើយឥឡូវនេះគឺលោកមានអាយុ៧៩ឆ្នាំហើយ។ មានទ្រព្យសម្បត្តិសរុប $550,000។ ភរិយារបស់លោក Elizabeth Zimmerman (កើតនៅឆ្នាំ ១៩៧៣ និងមរណភាពនៅឆ្នាំ២០០០)។ លោកមានដៃគូម្នាក់ទៀតដែលមានឈ្មោះថា Honeylet Avanceña។ លោកមានកូន៤នាក់ជាមួយនឹងភរិយាដើមរបស់លោក ឈ្មោះ Sara Duterte, Sebastian Duterte, Paolo Duterte,Veronica Duterte ។ ឪពុករបស់លោកឈ្មោះ Soledad Duterte និង ម្តាយឈ្មោះ Vicente Duterte។ លោក Rodrigo Duterte ធ្លាប់បានសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Lyceum នៃហ្វីលីពីន ដោយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៦៨ មុនពេលលោកទទួលបានសញ្ញាប័ត្រច្បាប់ពីមហាវិទ្យាល័យច្បាប់ San Beda ក្នុងឆ្នាំ ១៩៧២។ បន្ទាប់មកលោកបានធ្វើការងារជាមេធាវី និងជាព្រះរាជអាជ្ញាសម្រាប់ទីក្រុង Davao មុនពេលក្លាយជាអភិបាលរង និងក្រោយមកជាអភិបាលក្រុង បន្ទាប់ពីការបះបោរអំណាចប្រជាជនឆ្នាំ ១៩៨៦។ អំឡុងពេលដែលលោក Duterte បានឈ្នះសម្លេងឆ្នោត៧អាណត្តិសម្រាប់តំណែងជាអភិបាលក្រុង Davao អស់រយៈពេលជាង២២ឆ្នាំ លោកបានធ្វើទីក្រុងដែលធ្លាប់មានអំពើឧក្រិដ្ឋកម្ម ក្លាយទៅជាទីក្រុងប្រកបដោយសន្តិភាព និងជាមិត្តដ៏ជិតស្និតសម្រាប់ក្រុមអ្នកវិនិយោគដែរ។ យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ របស់លោក Duterte បាននាំទៅរកជ័យជម្នះពីការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។ ហើយអំឡុងពេលរូបលោកកាន់តំណែងជាប្រធានាធិបតីលោកបានដាក់ចេញនូវគោលនយោបាយក្នុងប្រទេសដោយខ្លួនឯង ដោយបានផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ដោយចាប់ផ្តើមធ្វើសង្រ្គាមយ៉ាងចម្រូងចម្រាសលើក្រុមជួញដូរគ្រឿងញៀន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងអំពើពុករលួយនិងបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លាប្រឆាំងនឹងអំពើភេរវកម្ម និងការបះបោរបែបកុម្មុយនិស្តជាដើម។ លោកបានចាប់ផ្តើមផែនការកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ និងបានផ្តួចផ្តើមកំណែទម្រង់សេដ្ឋកិច្ចសេរី សម្រួលដំណើរការរបស់រដ្ឋាភិបាល ហើយបានស្នើសុំឲ្យមានការផ្លាស់ប្តូរទៅប្រព័ន្ធជារដ្ឋាភិបាលសហព័ន្ធ ប៉ុន្តែនៅទីបំផុតគឺមិនបានជោគជ័យនោះទេ។ លោកបានមើលការខុសត្រូវទាំងស្រុងលើការបញ្ចុះសពដ៏ចម្រូងចម្រាសរបស់ត្រកូល Marcos សមរភូមិម៉ារ៉ាវីឆ្នាំ២០១៧ និងការឆ្លើយតបរបស់រដ្ឋាភិបាលហ្វីលីពីនចំពោះជំងឺរាតត្បាត COVID-19 ជាដើម។ លើសពីនេះបុរសខ្លាំង Rodrigo Duterte បានប្រកាសពីចេតនារបស់លោកក្នុងការបន្ត “គោលនយោបាយការបរទេសឯករាជ្យ” និងពង្រឹងទំនាក់ទំនងជាមួយចិននិងរុស្ស៊ីដែរ។ លោកក៏បានប្រកាសពីបេក្ខភាពអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ដូចគ្នា បន្ទាប់ពីលោកប្រកាសចូលនិវត្តន៍នៅខែតុលាឆ្នាំ ២០២១ពីឆាកនយោបាយ! និយាយជារួមប្រជាជនហ្វីលីពីនភាគច្រើនទាំងក្នុងនិងក្រៅប្រទេសគឺស្រលាញ់គាំទ្រលោក Rodrigo Duterte ខ្លាំងណាស់ ព្រោះលោកបានបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្តកំចាត់ក្រុមជួញដូរគ្រឿងញៀន ដោយពួកគេគិតថាដិការចាប់ខ្លួនរបស់ ICC មកលើអតីតប្រធានាធិបតីរបស់ពួកគេ គឺនៅភាពស្រពិចស្រពិល មិនមានភស្តុតាងច្បាស់លាស់៕
សម្រួលអត្ថបទ៖ សុផារិន្ទ