មកដឹងពីមូលហេតុដែលនាំឲ្យមានកំណើនទាសភាពសម័យទំនើប (Modern slavery) និងការជួញដូរមនុស្សនៅទូទាំងពិភពលោក

អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានគណៈកម្មការសកលស្តីពី ទាសភាពសម័យទំនើប និងការជួញដូរមនុស្ស ឬ Modern slavery and human trafficking ដោយលោកស្រី Theresa May បានជំរុញឱ្យមានវិធានការជាបន្ទាន់លើទាសភាពសម័យទំនើប និងការជួញដូរមនុស្សក្នុងអំឡុងពេលកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ។
លោកស្រី Theresa May បានបញ្ជាក់ច្បាស់ៗថា “យើងត្រូវតែធ្វើសកម្មភាពនានាចាប់ពីពេលឥឡូវនេះទៅ។ ប្រសិនបើយើងបរាជ័យក្នុងការធ្វើវា នោះច្បាស់ណាស់នឹងមានមនុស្សរាប់លាននាក់ទៀតនឹងត្រូវជាប់គាំងក្នុងការកេងប្រវ័ញ្ចបែបសម័យទំនើប។ មនុស្សរាប់លាននាក់ទៀតនឹងប្រឈមមុខនឹងហានិភ័យដែលយើងនឹកស្មានមិនដល់។ លោកស្រី Theresa May បាននិយាយថា បុរស ស្ត្រី និងកុមារប្រមាណជា៥០លាននាក់ត្រូវបានជាប់ក្នុងទាសភាពនៅទូទាំងពិភពលោក បើទោះបីជាសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សដែលអនុម័តក្នុងឆ្នាំ ១៩៤៨ បានសង្កត់ធ្ងន់លើការហាមឃាត់នូវសកម្មភាពទាសភាព និងការបម្រើសេវានានាក្តី។ លោកស្រី Theresa May បាននិយាយទៀតថា “កត្តាដែលធ្វើឱ្យមនុស្សងាយរងគ្រោះទៅនឹងទាសភាពសម័យទំនើប និងការជួញដូរមនុស្សកំពុងកើនឡើង ដែលវាជំរុញដោយការកើនឡើងនៃបញ្ហាប្រឈមជាសកលនៃការប្រែប្រួលអាកាសធាតុផង ការផ្លាស់ទីលំនៅដោយបង្ខំ និងជម្លោះក្នុងប្រទេសផង។ ចំណែកប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Philemon Yang បាននិយាយថា ដើម្បីទាញចេញពីឫសគល់នៃទាសភាពសម័យទំនើប និងការជួញដូរមនុស្ស ពួកគេត្រូវតែដោះស្រាយស្ថានការណ៍ដែលឃុបឃិតគ្នាដើម្បីរក្សាមនុស្សឱ្យស្ថិតក្នុងភាពងាយរងគ្រោះបំផុត។ លោក Yang បាននិយាយដោយលើកឧទាហរណ៍ថា ភាពក្រីក្រ ការប្រែប្រួលអាកាសធាតុ ជម្លោះផ្ទៃក្នុងរ៉ាំរ៉ៃ និងអស្ថិរភាពសង្គម ការធ្វើចំណាកស្រុកមិនទៀងទាត់ វិសមភាព រួមទាំងផ្អែកលើយេនឌ័រ ពូជសាសន៍ និងកត្តាផ្សេងទៀត ព្រមទាំងកង្វះលទ្ធភាពទទួលបានការអប់រំជាមធ្យម ការថែទាំសុខភាព ទីផ្សារ និងកិច្ចការពារសង្គម ដែលកើតឡើង គឺជាមូលហេតុដែលនាំឲ្យមានទាសភាពសម័យទំនើប គ្រប់រូបភាព។ លោកបញ្ជាក់ថា៖ យើងត្រូវតែរួមគ្នា យើងត្រូវតែបែងចែកធនធានគ្នា យើងត្រូវតែប្រកាន់ជំហរឲ្យបានរឹងមាំជាងមុន ប្រឆាំងនឹងទាសភាពសម័យទំនើប និងការជួញដូរមនុស្សនៅជុំវិញពិភពលោក៕
សម្រួលអត្ថបទ៖ សុផារិន្ទ