មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី និងអង្គភាពព័ត៌មានកម្ពុជាចំនួន៨ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការព័ត៌មានជាមួយគ្នា ដើម្បីផ្លាស់ប្តូរកាន់តែទូលំទូលាយ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងចិននិងកម្ពុជា

មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី និងអង្គភាពព័ត៌មានកម្ពុជាចំនួន៨ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការព័ត៌មានជាមួយគ្នា ដើម្បីឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងចិននិងកម្ពុជា ហើយក៏ជាការអនុវត្តការផ្លាស់ប្តូរកាន់តែទូលំទូលាយ លើបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

ពិធីនេះធ្វើឡើង នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកស្រី Chen Yi jun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្ស និងជារដ្ឋមន្ត្រីនៃនាយកដ្ឋានឃោសនា នៃតំបន់ស្វយ័តជនជាតិជ័ង ខេត្តក្វាងស៊ី ។

ឯកឧត្តម ផុសសុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានកម្ពុជា មានប្រសាសន៍ថា តាមរយះកិច្ចសហប្រតិបត្តិការ ក្នុងវិស័យព័ត៌មានលើកនេះ គឺជាស្ពានដ៏សំខាន់មួយសម្រាប់ការពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសកម្ពុជា-ចិន។ បណ្ដាញសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ប្រជាជន និងប្រជាជន ពិសេសបានបង្កើនការយល់ដឹងរវាងប្រជាជនពីប្រទេសទាំងពីរ។

ឯកឧត្តម ឲ្យដឹងទៀតថា ព្រឹត្តិការណ៍នៅថ្ងៃនេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទំព័រថ្មី សម្រាប់ការផ្លាស់ប្តូរ និងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយ។ កិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាវិធីសាស្រ្តដែលអាចចែករំលែកធនធាន ការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យា ដើម្បីសហការក្នុងការផ្សព្វផ្សាយអត្ថបទរំជួលចិត្តដែលទាក់ទងនឹងការទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

លោក Yang Tian និពន្ធនាយករងនៃកាសែត《Guangxi Daily》បានលើកឡើងថា នេះជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរវាងចិននិងកម្ពុជា ។ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី បង្កើតឡើងដើម្បីផ្លាស់ប្តូរកាន់តែទូលំទូលាយ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងបណ្តាប្រទេសអាស៊ាន រួមទាំងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការ ជាមួយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា មានរយៈពេលយ៉ាងយូរ និងជិតស្និទ្ធ។ ជាពិសេសចាប់តាំងពីការបង្កើតស្ថានីយ៍ទំនាក់ទំនងអន្តរជាតិ Guangxi Cloud-អាស៊ាន(កម្ពុជា)មក បានពង្រឹងទម្រង់នៃកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្លងដែន និងបានរួមគ្នារៀបចំផែនការផ្សព្វផ្សាយព័ត៌មានដ៏មានឥទ្ធិពលជាច្រើន ដើម្បីបង្ហាញពីភាពស្រស់ស្អាត នៃតំបន់ភ្នំនិងទន្លេរបស់ខេត្តក្វាងស៊ី និងភាពទាក់ទាញនៃមនុស្សជាតិដល់ប្រទេសកម្ពុជា ហើយក៏បានបង្ហាញអំពីប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាទៅដល់ប្រជាជនខេត្តក្វាងស៊ី ដោយចាក់បញ្ចូលនូវភាពរឹងមាំថ្មី ទៅក្នុងចំណងមិត្តភាព រវាងប្រទេសទាំងពីរយ៉ាងស្អិតរមួត។

លោក ផ្លុង វិចិត្រ អគ្គនាយកអង្គភាពសារព័ត៌មាន The Camcodia China Times បានលើកឡើងថា ឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិន និងអាស៊ាន និង ជាឆ្នាំដ៏សំខាន់សម្រាប់ខួប៥ឆ្នាំរបស់ Guangxi Daily ដែលបានបង្កើតការរិយាល័យទំនាក់ទំនងរបស់ខ្លួននៅទីក្រុងភ្នំពេញ។

ប៉ុន្មានឆ្នាំមកនេះ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើវិស័យរាយការណ៍ព័ត៌មាន ទំនាក់ទំនងវប្បធម៌ និងការច្នៃប្រឌិតបច្ចេកវិទ្យាជាដើម។ នេះមិនត្រឹមតែធ្វើឱ្យការយល់ដឹងកាន់តែស៊ីជម្រៅរវាងប្រជាជនទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងស្ពានដ៏សំខាន់មួយ ដើម្បីជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផងដែរ។ កិច្ចសហប្រតិបត្តិការរវាង Guangxi Daily និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកម្ពុជា ផ្តល់ឱ្យយើងនូវវេទិកាមួយ សម្រាប់ការរៀនសូត្រ ទំនាក់ទំនង និងការរីកចម្រើនរួមគ្នា។