មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីរៀបចំកម្មវិធីអបអរសាទរចូលឆ្នាំថ្មី

កាលពីថ្ងៃសៅរ៍ទី២១ ខែធ្នូ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីប្រចាំក្រុងភ្នំពេញបានរៀបចំកម្មវិធីអបអរសាទរចូលឆ្នាំថ្មី ដែលមានសម្តែងល្ខោននិយាយខ្លីសម្រាប់កុមារ រាំលេងល្បែងប្រជាប្រិយចូលឆ្នាំតាមបែបប្រពៃណីជាតិរបស់ប្រទេសរុស្ស៊ី។ ក្នុងចំណោមភ្ញៀវជាងពីររយនាក់នៃផ្ទះវប្បធម៌រុស្សី មានកុមារ ឪពុកម្តាយ គ្រប់ជាតិសាសន៍បានចូលរួមក្នុងកម្មវិធីនេះ។ ល្ខោនរឿងដែលពួកគេបានទស្សនា ត្រូវបានតាក់តែងតាមលំនាំរឿងព្រេងរបស់រុស្ស៊ី ដែលពួកគាត់ធ្លាប់បានស្គាល់ពីមុនមក។ តាមប្រពៃណីប្រទេសរុស្ស៊ី នៅពេលលោកតាណូអែល និងចៅស្រីរបស់គាត់ ជាតួអង្គសំខាន់ដែលតែងតែជូនកាដូដល់កុមារជានិច្ច។ បន្ទាប់ពីខ្សែភាពយន្តវីដេអូ និងការសម្តែងរួចមក ក៏មានការលេងល្បែងកំសាន្តប្រជាប្រិយ៍ ដែលគេតែងលេងក្នុងពេលអបអរសាទរបុណ្យចូលឆ្នាំ ក្រៅពីនោះមានការរាំជុំគ្នា ការប្រកួតប្រជែងអានកំណាព្យជូនដល់លោកតាណូអែលដើម្បីទទួលកាដូ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ីតែងរៀបចំកម្មវិធីប្រពៃណីបែបនេះ ដើម្បីគាំទ្រដល់ជនរួមជាតិរុស្ស៊ីដែលស្នាក់នៅប្រទេសកម្ពុជា ក៏ដូចជាផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងរុស្ស៊ី-កម្ពុជា។ នៅប្រទេសរុស្ស៊ីការឈប់សម្រាកពិធីបុណ្យណូអែល និងចូលឆ្នាំថ្មីមានសារៈសំខាន់ ហើយការប្រារព្ធពិធីបុណ្យនេះ ធ្វើឡើងនៅទូទាំងប្រទេស ហើយគ្រួសារនីមួយៗរៀបចំតុបតែងផ្ទះ ដើមណូអែលរបស់ពួកគេជាដើម។ ពិធីបុណ្យចូលឆ្នាំទីពីរដែលត្រូវបានគេទទួលស្គាល់នៅប្រទេសរុស្ស៊ី ជាពិធីបុណ្យចូលឆ្នាំថ្មីដែលត្រូវបានគេប្រារព្ធនៅយប់ថ្ងៃទី១៣-១៤ ខែមករា យោងតាមប្រតិទិនបុរាណគ្រិស្តអូស្សូដក់ ដែលប្រើនៅក្នុងប្រទេសរុស្ស៊ីរហូតដល់ឆ្នាំ១៩១៨៕