មនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗនៅអេស្ប៉ាញកើនដល់២១៨នាក់ និង រាប់ពាន់នាក់រស់នៅទាំងភាពតក់ស្លុតនិងគ្មានទឹកស្អាតបរិភោគ
ត្រឹមតែមួយប៉ប្រិចភ្នែកសោះគ្រោះធម្មជាតិទឹកជំនន់ភ្លាមៗបានធ្វើឲ្យអេស្ប៉ាញរងគ្រោះធ្លាក់ខ្លាំងជាមួយនឹងសំណល់ភក់បោកបក់រថយន្ត ផ្ទះសម្បែងនិងហាងអាជីវកម្មជាច្រើនកន្លែងនិងអ្វីៗគ្រប់យ៉ាងតាមផ្លូវនានាមិនគួរឲ្យជឿក្នុងប្រវត្តិសាស្រ្ត។ មួយសប្តាហ៍បន្ទាប់ពីទឹកជំនន់កាលពីថ្ងៃទី២៩ខែតុលាមក អាជ្ញាធរអេស្ប៉ាញបានរកឃើញសពមនុស្សចំនួន២១៨នាក់ហើយគិតត្រឹមថ្ងៃពុធនេះ ហើយក្រុមជួយសង្រ្គោះនៅតែបន្តស្វែងរកមនុស្សបាត់ខ្លួនដែលពួកគេមិនអាចស្គាល់ចំនួនច្បាស់លាស់នៅឡើយ។ ទំហំនៃការខូចខាតបានរំឮកពួកគេឡើងអំពីផលវិបាកនៃរលកយក្សស៊ូណាមិកន្លងទៅ និងវានៅតែគំរាមកំហែងដល់អ្នកស្រុកទីនោះដដែល ដោយអ្នកនៅរស់រានមានជីវិតបានបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ពួគកេដើម្បីយករបស់សេសសល់ខ្លះៗតាមដែលអាចធ្វើបាន! ខណៈដែលពួកគេក៏បានកាន់ទុក្ខមនុស្សជាទីស្រឡាញ់គ្មានថ្ងៃបំភ្លេចបានឡើយ។ ក្រុមអ្នកស្ម័គ្រចិត្ត ទាហាន និងប៉ូលីសជាច្រើនពាន់នាក់ កំពុងបោសសម្អាតភក់កំទេចកំទីដ៏ក្រាស់ដែលគ្របដណ្តប់ផ្ទះសម្បែង ផ្លូវថ្នល់ និងហាងអាជីវកម្មនានា ស្របពេលដែលពួកគេក៏កំពុងកំពុងប្រឈមមុខនឹងការខ្វះខាតទំនិញជាមូលដ្ឋានមួយចំនួនដែរ រួមមានទាំងទឹក ស្អាតសម្រាប់បរិភោគ និង អាហារបំប៉នជាដើម។ សកម្មភាពអូសសន្តោងរថយន្តដែលខូចខាតចេញទៅកាន់ទីឆ្ងាយ និងសកម្មភាពបោសសម្អាតសំណល់ភក់ និងកម្ទេចកម្ទីគឺជាសកម្មភាពអាទិភាពដើម្បីអនុញ្ញាតឱ្យអ្នកស្រុកអាចត្រឡប់ទៅនៅផ្ទះរបស់ពួកគេ ទៅបើកហាងទំនិញ និងកន្លែងធ្វើការរបស់ពួកគេវិញដែរ។ លោក Jorge Tarazona ត្រូវត្រលប់ទៅកន្លែងកើតហេតុវិញ ទោះដឹងថាទីនោះមានប្អូនថ្លៃស្រីរបស់លោក និងក្មួយស្រីអាយុ៣ខែរបស់លោកបានស្លាប់ដោយគ្រោះធម្មជាតិនេះក្តី ដើម្បីលោកបានសរសេរពាក្យក្នុងចិត្តនៅលើក្រដាសរំលែកទុក្ខដោយផ្ទាល់ដៃទៅលើសំណល់រថយន្តខូចខាតទាំងនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ