មនុស្សស្លាប់ពីគ្រោះរញ្ជួយដីមីយ៉ាន់ម៉ាកើនឡើងជាង១៦០០នាក់ ខណៈថ្ងៃច័ន្ទនេះក្រុមសង្រ្គោះចិនបានជួយកុមារអាយុ៥ឆ្នាំម្នាក់ និងស្រ្តីមានផ្ទៃពោះម្នាក់ពីគំនរអគារបាក់បែក Sky Villa

ក្រុមអ្នកជួយសង្គ្រោះភូមា និងក្រុមសង្រ្គោះអន្តរជាតិ រួមទាំងក្រុមជំនាញសង្រ្គោះមកពីប្រទេសចិននិងរុស្ស៊ីបានមកប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុគ្រោះរញ្ជួយដីនៃអគារខុនដូ Sky Villa ដែលបានដួលរលំនៅទីក្រុង Mandalay រយៈពេល៣ថ្ងៃបន្ទាប់ពីគ្រោះរញ្ជួយដីដ៏សម្បើមដែលបានវាយប្រហារនិងបន្តសម្លាប់មនុស្សអស់ជាង១៦០០នាក់ហើយ និងបានបន្សល់ទុកមនុស្សរាប់ពាន់នាក់ផ្សេងទៀតកប់ក្រោមគំនរបាក់បែក។ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីព្យាយាមជួយសង្គ្រោះអ្នកនៅរស់ដែលជាប់នៅខាងក្នុងកំទេចកំទីនៃអគារខុនដូមួយនេះ។ គ្រោះរញ្ជួយដីកម្រិត៧.៧ រ៉ិចទ័របានវាយប្រហារនៅវេលាម៉ោងថ្ងៃត្រង់ថ្ងៃសុក្រមុន ជាមួយនឹងចំណុចកណ្តាលរញ្ជួយនៅជិតទីក្រុង Mandalay ដែលបានធ្វើឱ្យអគារជាច្រើនខ្នងដួលរលំ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាអាកាសយានដ្ឋានក្នុងទីក្រុង Mandalay។ ប្រទេសចិនបាននិយាយថាបុគ្គលិកសង្គ្រោះនិងអ្នកជំនាញចិនប្រមាណជាង១៣៥នាក់ រួមជាមួយនឹងសម្ភារៈផ្គត់ផ្គង់មានដូចជា ឧបករណ៍វេជ្ជសាស្ត្រ និងម៉ាស៊ីនភ្លើង បានបញ្ជូនជាបន្តបន្ទាប់សម្រាប់ជំនួយសង្គ្រោះបន្ទាន់មានតម្លៃជាង១៣.៨លានដុល្លារអាមេរិក។ ខណៈនៅព្រឹកថ្ងៃទី៣១ខែមិនាក្រុមជួយសង្គ្រោះចិនបានសម្រេចការងារសង្រ្គោះទាញយកអ្នកនៅរស់រានមានជីវិតបានចំនួន៤នាក់ហើយពីគំនរបាក់បែករញ្ជួយដីនៅក្នុងទីក្រុង Mandalay ។ ភ្លាមៗបន្ទាប់ពីរយៈពេលពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ស្ត្រីម្នាក់ដែលនៅរស់រានមានជីវិតត្រូវបានគេរកឃើញពីទីតាំងសណ្ឋាគារ Great Wall បន្ទាប់ពីជាប់គាំងអស់រយៈពេលជិត៦០ម៉ោងក្នុងទីក្រុង។ ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា ការងារជួយសង្គ្រោះបានចំណាយពេលប្រហែល៤ម៉ោង ហើយស្ត្រីនោះស្ថិតក្នុងស្ថានភាពហ្នឹងហ្ន័របន្ទាប់ពីរកឃើញ។ មិនតែប៉ុណ្ណោះក៏មាន កុមារអាយុ៥ឆ្នាំម្នាក់ និងស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានជួយសង្គ្រោះចេញពីគំនរបាក់បែកនៃខុនដូស្កាយវីឡានេះ ពិតជាសំណាងល្អណាស់ ដែលពួកគេនៅមានជីវិត។ នីស្ត្រីអាយុ២៩ឆ្នាំម្នាក់ក៏ត្រូវបានគេជួយសង្គ្រោះចេញពីទីតាំងនៃខុនដូ Sky Villa ដែលដួលរលំដូចគ្នា។ CCTV បាននិយាយថាស្ថិតក្នុងស្មារតីហ្នឹងហ្ន័រ នៅពេលគេរកឃើញនាង ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលបន្ថែម។ ចំណែកក្រសួងគ្រាអាសន្នរបស់រុស្ស៊ីវិញបាននិយាយថាក្រុមជំនាញជួយសង្គ្រោះ១២០នាក់និងសម្ភារៈផ្គត់ផ្គង់របស់ពួកគេបានទៅដល់ទីក្រុង Yangon ដើម្បីជួយសង្រ្គោះពលរដ្ឋមីយ៉ាន់ម៉ាដែរ ហើយក្រសួងសុខាភិបាលប្រទេសនេះបាននិយាយថា ទីក្រុងម៉ូស្គូកំពុងបញ្ជូនបន្ថែមនូវក្រុមគ្រូពេទ្យទៅកាន់មីយ៉ាន់ម៉ាដើម្បីជួយព្យាបាលអ្នករបួស។ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះត្រូវមានឧបសគ្គបន្តិចបន្តួចដោយសារកត្តាផ្លូវថ្នល់ ស្ពានដែលបាក់ធ្លាក់ចុះ ដែលបង្ករជាបញ្ហាប្រឈមនៃប្រតិបត្តិការជួយសង្រ្គោះនៅក្នុងប្រទេសដែលមានសង្រ្គាមស៊ីវិលស្រាប់មួយនេះ។ ការស្វែងរកអ្នកនៅរស់រានមានជីវិតត្រូវបានធ្វើឡើងជាកត្តាចម្បងដោយសារអ្នកស្រុកមីយ៉ាន់ម៉ាពិតជាគ្មានជំនួយពីឧបករណ៍ធុនធ្ងន់ឡើយ ដោយពួកគេបានព្យាយាមរំកិលកម្ទេចកម្ទីថ្មដោយដៃផ្ទាល់ និងជាមួយប៉ែលក្រោមកំដៅថ្ងៃ៤១អង្សារសេ និងមានតែអេស្កាវ៉ាទ័រដែលចល័តចុះឡើងម្តងម្កាលប៉ុណ្ណោះ។ អ្វីដែលកាន់តែអាណោធអាធមប្រទេសមួយនេះគឺទទួលងរងគ្រោះរញ្ជួយដី៣ថ្ងៃជាប់គ្នាដោយកាលពីថ្ងៃអាទិត្យរញ្ជួយ បន្ថែមកម្រិត ៥.១ រ៉ិចទ័រ កាលពីរសៀលថ្ងៃអាទិត្យនៅលើទីក្រុង Mandalay ដដែល ទុក្ខជាន់ទុក្ខមិនដឹងគេចទៅណារួច។ មកដល់ពេលនេះមនុស្សចំនួន១.៥លាននាក់នៅក្នុងទីក្រុង Mandalay នៅបន្តដេករណូករណែលពាសពេញផ្លូវថ្នល់ ដោយសារផ្ទះរបស់ពួកគេត្រូវរញ្ជួយបាក់ខ្ទេចខ្ទាំអស់ ដកដង្ហើមជាមួយនឹងបរិយាកាសក្លិនស្អុយសពមនុស្សតាមដងផ្លូវ បន្ថែមជាមួយនឹងសង្រ្គាមផ្ទៃក្នុងក៏មិនទាន់រលត់ផុតទៀត មិនដឹងថាក្តីសង្ឃឹមនៅទីណា ដូច្នេះមានតែមួយគត់គឺជំនួយពីបរទេសសម្រាប់ស្ថានភាពនៅពេលនេះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ