មនុស្ស៨ស្លាប់ភ្លាមៗនៅប្រទេសនីហ្សេរីយ៉ាក្នុងគ្រោះថ្នាក់រថយន្តសណ្តោងបុកជាមួយនឹងរថយន្តជាច្រើនគ្រឿងទៀតដែលចតជាប់គាំងស្តុបចរាចរណ៍ធ្វើឲ្យផ្ទុះឆាបឆេះយ៉ាងរន្ធត់

មនុស្ស៨នាក់ស្លាប់នៅជិតរដ្ឋធានី Abuja ក្នុងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តសណ្តោងមួយគ្រឿងបានបុករថយន្តដែលឈប់ចតចោល ផ្ទុះចេញឆាបឆេះយ៉ាងសន្ធោសន្ធៅ។ នាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថាយោងតាមរបាយការណ៍បឋមបង្ហាញថារថយន្តសណ្តោងនោះបានធ្វើដំណើរដោយមានផ្ទុកឧស្ម័នធម្មជាតិបង្ហាប់ ឬ (CNG) ដែលវាជាមូលហេតុធ្វើឲ្យកាន់តែធ្ងន់ធ្ងរ បង្ករទៅជាភ្លើងឆាបឆេះយ៉ាងលឿនមិនគួរឲ្យជឿ។ មន្ត្រីបាននិយាយថាមនុស្សជាច្រើននាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យនោះ ដោយខ្លះបានជាប់ក្នុងរថយន្តរបស់ពួកគេបន្ទាប់ពីគ្រោះថ្នាក់ដ៏រន្ធត់នេះ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវហាយវេដ៏មមាញឹកមួយនៅជិតស្ពាន Nyanya ក្នុងទីក្រុង Ayo ដែលមានចំងាយប្រហែលជា១០គីឡូម៉ែត្រពីភាគកណ្តាលនៃទីក្រុង។ រថយន្តសណ្ដោងនោះបានបាត់បង់លំនឹង និងជ្រុលទៅបុករថយន្តចំនួន១៤គ្រឿងទៀតដែលចតនិងជាប់គាំងចរាចរណ៍ នេះបើយោងតាមការបញ្ជាក់របស់ក្រុមបញ្ជាការដ្ឋាននគរបាលដែនដីសហព័ន្ធ។ ប៉ូលិសបាននិយាយថាជនរងគ្រោះ៦នាក់ត្រូវបានគេទាញចេញពីបំណែកតួរថយន្ត ហើយប្រញាប់ប្រញ៉ាល់នាំពួកគេទៅសង្រ្គោះនៅមន្ទីរពេទ្យ ប៉ុន្តែត្រូវបានគេបញ្ជាក់មកវិញថាពួកគេបានស្លាប់ហើយ។ ចំណែកមនុស្ស២នាក់ទៀតបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេកនៅកន្លែងកើតហេតុ។ សូមបញ្ជាក់ថានីហ្សេរីយ៉ាជាជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក ប្រទេសនេះខ្វះខាតប្រសិទ្ធភាពប្រព័ន្ធផ្លូវដែកក្នុងការដឹកជញ្ជូនទំនិញជាហេតុនាំឲ្យប្រតិបត្តិករត្រូវដឹកជញ្ជូនតាមរថយន្ត ហើយគ្រោះថ្នាក់ចរាចរណ៍រន្ធត់ៗជាច្រើន បានក្លាយជារឿងធម្មតាទៅហើយសម្រាប់ប្រទេសនេះ។ សូមរឹលឹកថាកាលពីខែមករាកន្លងទៅក៏មានមនុស្ស៩៨នាក់ដែរ បានស្លាប់នៅក្នុងករណីផ្ទុះធុងសាំងមួយនៅភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា ក្បែរតំបន់ Suleja នៃរដ្ឋNiger ហើយសោកនាដកម្មនោះបានកើតឡើងនៅពេលដែលរថយន្តដឹកប្រេងមួយគ្រឿងដែរ បានព្យាយាមផ្ទេរប្រេងចូលក្នុងធុងសាំងនៅក្បែរម៉ាស៊ីនភ្លើងរួចក៏ឆាបឆេះផ្ទុះចេញតែម្តង៕
សម្រួលអត្ថបទ៖ សុផារិន្ទ