មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា ៖ ការប្រើប្រាស់ សង្ឃសព្ទ និងរាជសព្ទ សម្រាប់ការនិយាយ ការសរសេរ និងការអានឱ្យបានត្រឹមត្រូវ គឺជារឿងចាំបាច់ណាស់សម្រាប់កូនខ្មែរគ្រប់រូប
ឯកឧត្តម ឆាត សុឆេត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានអង្គព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ប្រជាជនភាគច្រើន ជាអ្នកកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដូច្នេះត្រូវប្រើប្រាស់ សង្ឃសព្ទ និងរាជសព្ទ សម្រាប់ការនិយាយ ការសរសេរ និងការអាន ឱ្យបានត្រឹមត្រូវទៅតាម បញ្ញត្តិនៃខេមរភាសាស្របតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា គឺជារឿងចាំបាច់ណាស់សម្រាប់កូនខ្មែរគ្រប់រូប។
ឯកឧត្តម ឆាត សុឆេត រដ្ឋលេខាធិការ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយនៃការប្រើប្រាស់រាជសព្ទ និងសង្ឃសព្ទ” នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធម្មការនិងសាសនា ។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាន៍បញ្ជាក់ថា ជ្រកក្រោមដំបូលសុខសន្តិភាពពេញលេញ នៃការដឹកនាំប្រកបដោយកិត្តិបណ្ឌិតនិងភាពប្រាកដនិយមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយនិងភាពបុិនប្រសព្វ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់លើ វឌ្ឍនភាព នៃវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនគួរឲ្យ
កត់សម្គាល់។ ជាក់ស្តែងកម្ពុជាជាប្រទេសដ៏ចំណាស់ ដែលពោរពេញដោយ វប្បធម៌ អរិយធម៌ ពិសេសមានបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដូចនេះប្រជាពលរដ្ឋខ្មែរចាំបាច់ប្រកាន់ភ្ជាប់ និងត្រូវយល់ដឹងអំពី ការប្រើប្រាស់រាជសព្ទ និងសង្ឃសព្ទ ទាំងការនិយាយ អាន និងសរសេរ ទៅតាម បញ្ញត្តិនៃខេមរភាសា ធ្វើយ៉ាងណាឱ្យស្របតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង។
អង្គសិក្ខាសាលានេះមានការនិមន្តនិងអញ្ជើញចូលរួមជាព្រះវាគ្មិន វាគ្មិន ធ្វើបទបង្ហាញអំពីការប្រើប្រាស់សង្ឃសព្ទដោយ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និងធ្វើបទបង្ហាញអំពីការប្រើប្រាស់រាជសព្ទដោយ ឯកឧត្តម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីជំនាញមកពីគ្រប់ក្រសួង-ស្ថាប័ន។
លោក គឹម ជួប ប្រធាននាយកដ្ឋានកិច្ចការព្រះពុទ្ធសាសនានៃក្រសួងធម្មការនិងសាសនា បានលើកឡើងពីគោលបំណងនៃការរៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយនៃការប្រើប្រាស់រាជសព្ទ និងសង្ឃសព្ទ” នេះថា សិក្ខាសាលានេះបានរៀបចំឡើងផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ មាត្រា ៤៣ “ពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ហើយកម្ពុជាជាប្រទេសប្រកាន់ របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ សេរីពហុបក្សដោយស្របទៅនឹងបាវចនានៃព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ។
ដោយឡែក ការរៀបចំសិក្ខាសាលានេះផ្ដោតទៅលើចំណុចសំខាន់មួយចំនួនដូចខាងក្រោម៖
១. ការផ្សព្វផ្សាយអំពីការប្រើប្រាស់រាជសព្ទ និងសង្ឃសព្ទ។
២. ការចេះប្រើរាជសព្ទ និងសង្ឃសព្ទទាំងការអាន សរសេរនិងនិយាយឲ្យបានត្រឹមត្រូវ។
៣. ការប្រើរាជសព្ទ និងសង្ឃសព្ទលើលិខិតរដ្ឋបាលនិងលិខិតបទដ្ឋានគតិយុត្តឲ្យបានត្រឹមត្រូវ។
៤. ចូលរួមលើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនាជាសាសនារដ្ឋនៅកម្ពុជា។
៥. បង្ហាញពីសារៈសំខាន់និងគុណតម្លៃនៃការប្រើប្រាស់រាជសព្ទ និងសង្ឃសព្ទ ដល់យុវជននិងប្រជាជនទូទៅដើម្បីកុំឲ្យមានការភាន់ច្រឡំ និងមិនហ៊ានប្រើប្រាស់។
ដើម្បីឲ្យការប្រើប្រាស់នូវរាជសព្ទ សង្ឃសព្ទឲ្យបានត្រឹមត្រូវគឺទាមទារឲ្យគ្រប់ក្រសួងមានការសហការ និងការចូលរួមចំណែកពីគណៈសង្ឃជាន់ខ្ពស់ ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ជាតិនិងក្រោមជាតិ និងផ្សព្វផ្សាយចែករំលែកការប្រើប្រាស់នូវរាជសព្ទ សង្ឃសព្ទឲ្យបានត្រឹមត្រូវ ក្នុងការធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ៕