មន្ត្រីជាន់ខ្ពស់មកពីបណ្តាក្រសួង-ស្ថាប័ន និងដៃគូរអភិវឌ្ឍនានា បើកសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រជាតិលើកទី១ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា

ឯកឧត្តម ប៉ាន់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានគណៈកម្មការបច្ចេកទេសអន្តរក្រសួង ក្រុមប្រឹក្សាជាតិស្តីពី អាហារូបត្ថម្ភជាតិ មានប្រសាសន៍ថា សិក្ខាសាលាថ្ងៃនេះរៀបចំឡើង ដើម្បីធ្វើការពិគ្រោះយោបល់ និងប្រមូលនូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធសម្រាប់ជាមូលដ្ឋាន ដើម្បីរៀបចំយុទ្ធសាស្ត្រមួយដែលគ្រប់ជ្រុងជ្រោយ មានភាពឆ្លើយតប ប្រកបដោយបរិយាប័ន្ន និងមានចីរភាព ដោយប្រារព្ធធ្វើឡើងនៅព្រឹកនេះ នាសណ្ឋាគារសាន់ អេន ម៉ូន រាជធានីភ្នំពេញ។ ឯកឧត្តម ប្រធានគណៈកម្មការ បានបន្តថា យុទ្ធសាស្រ្តជាតិនេះ នឹងផ្តល់នូវក្របខណ្ឌគោលនយោបាយជាតិមួយដែលមានលក្ខណៈជាប្រព័ន្ធសម្រាប់គំនិតផ្តួចផ្តើម

ក្នុងការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារថ្មី ក៏ដូចជាកម្មវិធីបញ្ចូលមីក្រូសារជាតិដែលកំពុងអនុវត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ និង ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងដោយមានការគាំទ្រពីដៃគូជាតិ និងអន្តរជាតិពាក់ព័ន្ធ ក្រុមការងារសម្រេចបាននូវលទ្ធផលល្អប្រសើរជាច្រើន លើសូចនាករអាហារូបត្ថម្ភសំខាន់ៗដូចជា បញ្ហាក្រិសក្រិន ស្លេកស្លាំង ស្គមស្គាំង ក៏ប៉ុន្តែវានៅតែស្ថិតនៅកម្រិតខ្ពស់មិនអាចទទួលយកបាន បញ្ហាកង្វះមីក្រូសារជាតិនៅតែជាបញ្ហាដ៏ស្រួចស្រាវ ដោយស្ត្រីក្នុងវ័យបន្តពូជ និងកុមាអាយុក្រោម ៥ឆ្នាំ ច្រើនជាង ៨០% មានបញ្ហាកង្វះមីក្រូសារជាតិយ៉ាងតិចមួយមុខ ទន្ទឹមនឹងនេះអត្រាលើសទម្ងន់ និងធាត់ជ្រុល បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។ បញ្ហាកង្វះមីក្រូសារជាតិ ដែលគេស្គាល់ថាជាការអត់ឃ្លានកំបាំងមុខ ដោយសារយើងមើលមិនឃើញដោយភ្នែកទទេ មានផលជះអវិជ្ជមានយ៉ាងខ្លាំងទៅលើបញ្ហាក្រិសក្រិន ស្គមស្គាំង ស្លេកស្លាំង និងបញ្ហាអាហារូបត្ថម្ភដ៏ទៃទៀត។ ឯកឧត្តម ប៉ាន់ ប៊ុនធឿន មានប្រសាសន៍បន្ថែមថា ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ក្រសួងផែនការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកលើកកម្ពស់អាហារូបត្ថម្ភ ជាពិសេសអនុគណៈកម្មការបញ្ចូលមីក្រូសារជាតិបានយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការពង្រឹង និងពង្រីកកម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា។ បច្ចុប្បន្ននេះមានកម្មវិធីបញ្ចូលមីក្រូសារជាតិចំនួន ៣ ដែលកំពុងអនុវត្តគឺ៖ កម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដទៅក្នុងអំបិលជាសកល និង កម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី ទឹកស៊ីអីវ ដោយឡែក កម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអង្ករ ត្រូវបានអនុវត្តដោយអង្គការ WFP តាមរយៈកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា។ ដើម្បីជំរុញលើកកម្ពស់ការបញ្ចូលមីក្រូសារជាតិនៅក្នុងចំណីអាហារឱ្យកាន់តែមានប្រសិទ្ធភាព និង មានស័ក្កសិទ្ធភាព ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ក្រសួងផែនការ តាមរយៈអនុគណៈកម្មការបញ្ចូលមីក្រូសារជាតិ ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៃអង្គការសហប្រជាជាតិ និងអង្គការសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់ GIZ បាននឹងកំពុងរៀបចំបង្កើត «យុទ្ធសាស្ត្រជាតិលើកទី១ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា ២០២៥ – ២០៣០»។ យុទ្ធសាស្ត្រជាតិលើកទី១ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា (២០២៥-២០៣០) នឹងត្រូវ រៀបចំបង្កើតឡើងបន្ថែមពីលើ និងបំពេញការគាំទ្រគ្នាទៅវិញទៅមកជាមួយនឹងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ (២០២៤-២០២៨) ដែលនឹងត្រូវអនុម័តនាពេលខាងមុខ មានសារៈសំខាន់យ៉ាងខ្លាំងដើម្បីឈានឆ្ពោះទៅសម្រេចបាននូវក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦-២០៣០ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍមូលធនមនុស្សដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា៕