មន្ត្រីជាន់ខ្ពស់អគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រសួងយុត្តិធម៌ អំពាវនាវដល់មេធាវីគ្រប់រូប សូមព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សារ ឬសម្រុះសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ

ការអំពាវនាវ របស់ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅ ប្រព័ន្ធតុលាការ ក្រសួងយុត្តិធម៌ តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “តួនាទីមេធាវីក្នុងប្រព័ន្ធយុត្តិធម៌ និងការអនុវត្តក្នុងសម័យរដ្ឋាភិបាលឌីជីថល” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ អាជ្ញាកណ្តាលការងារ និងមជ្ឈត្តករ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នាសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។

ឯកឧត្តម បានមានប្រសាសន៍ថា ក្រៅពីការការពារក្តីនៅតុលាការ និងក្នុងករណីដែលច្បាប់អនុញ្ញាត, មេធាវីគ្រប់រូប សូមព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សារ ឬសម្រុះសម្រួលបញ្ចប់វិវាទនៅ ក្រៅប្រព័ន្ធតុលាការ ជាពិសេសករណីវិវាទគ្រួសារ វិវាទដីធ្លី វិវាទផ្នែករដ្ឋប្បវេណី និងវិវាទពាណិជ្ជក ម្ម។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានចាត់ទុកជាការងារអាទិភាពដ៏សំខាន់មួយ ក្នុងការងារកែទម្រង់វិស័យយុត្តិធម៌ ដើម្បីធានានូវស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា ដែលជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស។ ទន្ទឹមនេះ, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនត្រឹមតែអាចជួយដល់គូភាគីវិវាទអាចបញ្ចប់ទំនាស់ដោយ ឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះ-ឈ្នះទាំងអស់គ្នានោះទេ ប៉ុន្តែ អាចជួយកាត់បន្ថយការ កកស្ទះសំណុំរឿងរដ្ឋប្បវេណីនៅតាមសាលាជម្រះក្តីផងដែរ។ ទន្ទឹមនេះ អ.ដ.ក. បានចុះអនុស្សារ ណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដូច្នេះ មេធាវី ទាំងឡាយអាចនាំយកវិវាទដែលខ្លួនបានសម្រុះសម្រួលដោះស្រាយបញ្ចប់ ហើយស្នើមក អ.ដ.ក. ដើម្បី ទទួលស្គាល់ និងចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់កំណត់ហេតុនេះ មាន តម្លៃដូចសាលក្រម ស្ថាពរ។ ឯកឧត្តម យ៉ម ផារ៉ូត បានមានប្រសាសន៍បញ្ជាក់ថា តួនាទីរបស់មេធាវីកាន់តែមានសារៈសំខាន់ថែមទៀត ដោយ សារការវិវត្តន៍នៃស្ថានភាពកាន់តែស្មុគស្មាញនៃសង្គម ជាពិសេសនៅក្នុងបរិបទនៃសង្គមនីតិរដ្ឋ ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មានកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រជាពលរដ្ឋកាន់តែមានការ លំបាកក្នុងការស្វែងយល់ឱ្យបានច្បាស់លាស់ និងគោរពឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់ និង បទប្បញ្ញត្តិជាធរមាន, ដូចនេះ តួនាទីរបស់មេធាវីកាន់តែមានភាពចាំបាច់ ដើម្បីធានាបាននូវសុវត្ថិភាព គតិយុត្តនៃសកម្មភាពអាជីវកម្ម និងសកម្មភាពរស់នៅប្រចាំថ្ងៃមួយចំនួនរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម តាមរយៈការផ្តល់សេវាប្រឹក្សាយោបល់ ការរៀបចំឯកសារផ្លូវច្បាប់នានាដែលច្បាប់អនុញ្ញាត និងដើម្បី ការពារផងដែរនូវសិទ្ធិស្របច្បាប់នៅក្នុងករណីដែលមានវិវាទកើតឡើង។ ផ្អែកលើតួនាទីដ៏មានសារៈសំខាន់របស់មេធាវីនៅក្នុងវិស័យយុត្តិធម៌, មេធាវី គឺជាតួអង្គ ដៃគូដ៏សំខាន់មួយរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ហៅកាត់ថា អ.ដ.ក.) នៅក្នុងការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលជាកម្មវិធីនយោបាយ អាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នេះ។

តាមសន្ទរកថាស្វាគមន៍របស់ លោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញាវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ ប្រធានក្រុមមេធាវី អាស៊ី កម្ពុជា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ អាជ្ញាកណ្តាលការងារ និងមជ្ឈត្តករ បានគូសបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងធ្វើការផ្លាស់ប្តូរយោបល់ ការចែករំលែក ចំណេះដឹង បទពិសោធន៍ការងារ អំពីតួនាទីសំខាន់ៗរបស់មេធាវីវិស័យយុត្តិធម៌ ក្រោមប្រធានបទ “តួនាទីមេធាវីក្នុង ប្រព័ន្ធយុត្តិធម៌ និងការអភិវឌ្ឍក្នុងសម័យរាជរដ្ឋាភិបាលឌីជីថល” ដែលបន្តិចទៀត វាគ្មិនកិត្តិយស នឹងធ្វើបទបង្ហាញ ដែលតំណាងមកពីស្ថាប័នសំខាន់ៗ ក្នុងវិស័យយុត្តិធម៌ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១ មុំទី៤ ទិសដៅការ ងារ ២០២១ ដល់ ២០៣៥ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអនុវត្តនូវតួនាទី និងភារកិច្ចរបស់មេធាវីឱ្យសមស្រប ក្នុងសម័យកាលរដ្ឋាភិបាលឌីជីថល។ លោកជំទាវ ជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលានេះ គឺនឹងចូលរួមចំណែកផ្សព្វផ្សាយបន្ថែមទៀតនូវចំណេះដឹងចំណេះធ្វើ និងបង្កើនជំនាញសមត្ថភាពទៅដល់សិក្ខាកាមដើម្បីបញ្ជ្រាបជាពុទ្ធិពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ ជាពិសេសការ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

មានប្រសាសន៍បិទសិក្ខាសាលា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ប្រធានបទ នៃសិក្ខាសាលាថ្ងៃនេះ គឺមានសារៈសំខាន់ មិនមែនត្រឹមតែសម្រាប់អ្នកជំនាញផ្នែកច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រប់វិស័យដែល ពាក់ព័ន្ធក្នុងការធានានូវសុចរិតភាពនៃយុត្តិធម៌នៅកម្ពុជា។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាវាគ្មិន បានលើកយកនូវប្រធានបទចាំបាច់សំខាន់ៗមួយចំនួន នៅក្នុងដំណើរការនៃប្រព័ន្ធយុត្តិធម៌ មកធ្វើបទបង្ហាញ ជូនអង្គសិក្ខាសាលា ដែលក្នុងនោះមានដូចជា៖ ការប្រើប្រាស់ឧបករណ៍ អេ អាយ (AI) សម្រាប់ផ្នែកច្បាប់បែបការងារទំនើប។ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បញ្ជាក់ថា ប្រធានបទដ៏សំខាន់មួយ ដែលយើងពិភាក្សានាថ្ងៃនេះ គឺ តួនាទីរបស់មេធាវី ក្នុងប្រព័ន្ធយុត្តិធម៌។ មេធាវី គឺជា ឆ្អឹងខ្នងនៃគ្រប់ប្រព័ន្ធច្បាប់ទាំងអស់ ដោយបានដើរតួរជាអ្នកតស៊ូមតិ ដើម្បីយុត្តិធម៌ និងជាអ្នក ការពារសិទ្ធិរបស់បុគ្គល។ មេធាវីត្រូវធានាថា ដំណើរការរឿងក្តីក្នុងតុលាការ ដំណើរការដោយយុត្តិធម៌ និង សុចរិតភាព។ ទន្ទឹមជាមួយនឹងសារៈសំខាន់ នៃតួនាទី របស់មេធាវីខាងលើនេះ មន្ត្រីនគរបាលយុត្តិធម៌ ក៏មានភារកិច្ចដ៏សំខាន់ក្នុងការអនុវត្តច្បាប់ និងលើកកម្ពស់ភាពយុត្តិធម៌ក្នុងសង្គម ផងដែរ។ ទោះបីជាក្នុងដំណាក់កាលស៊ើបអង្កេត ប្រមូលភស្តុតាង ឬ អនុវត្តដីការបស់តុលាការ មន្ត្រីនគរបាលយុត្តិធម៌ត្រូវចាំបាច់អនុវត្តឱ្យបានត្រឹមត្រូវស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវធានាឱ្យបានថា សំណុំរឿងនីមួយៗ មិនមានភាពខ្វះចន្លោះ ឬ កំហុសនីតិវិធី ដែលជាកម្មវត្ថុ នៃមោឃភាពសំណុំរឿង បណ្តាលឱ្យជនប្រព្រឹត្តល្មើសច្បាប់ត្រូវបានលើកលែងចោទប្រកាន់ ហើយជនរងគ្រោះក៏មិនអាចទទួលបាននូវភាពយុត្តិធម៌ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ គួរគប្បីយល់ដឹងឱ្យកាន់តែច្បាស់បន្ថែមទៀត៖ ១-ការចុះពិនិត្យកន្លែងកើតហេតុ ២-ការឃាត់ខ្លួន ៣-ការសាកសួរចម្លើយជនសង្ស័យ និងការបំភ្លឺសាក្សី ៤- កិច្ចសហការជាមួយគ្រប់អង្គភាពពាក់ព័ន្ធ និងស្ថាប័នតុលាការ ៥- ការប្រើប្រាស់ជំនាញសរុប កម្លាំងសរុប និងមធ្យោបាយសរុប និង៦- ការចូលរួមរបស់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងដំណាក់កាលជំនុំជម្រះ។

នៅក្នុងពិធីសិក្ខាសាលានេះផងដែរ ក៍មានការបង្ហាញជូនអំពីសៀវភៅ និងកម្រងវីដេអូ ‘‘ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន’’ ដែលបានបង្ហាញជូនដោយលោក សាំង សុង ជាសមាជិកគណៈ កម្មការនិពន្ធ តំណាងឱ្យ ឯកឧត្តម មាស សុខុន ជាប្រធានគណៈកម្មការនិពន្ធ។

ចុងបញ្ចប់នៃកម្មវិធី គឺជាកម្មវិធីពិសារអាហារហារសាមគ្គី អបអរសារទរចំពោះ មេធាវី សេង វួចហ៊ុន ជាបេក្ខភាពប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១៥ លេខរៀងទី២ និងអបអរសាទរចំពោះបេក្ខភាពក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដែលមានលេខរៀងចាប់ពី ៣២ ដល់ ៥៩ ប្រកបដោយសោមនសរីករាយ និងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ។ កម្មវិធីក៏មានការអញ្ចើញចូលរួមពីសំណាក់ ព្រះសង្ឃ, មេធាវី, អ្នកវិជ្ជាជីវៈច្បាប់, ធុរៈជន, មន្ត្រីក្រសួង-ស្ថាប័នពាក់ព័ន្ធ(ក្រសួងយុត្តិធម៌, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, សភាណាណិជ្ជកម្ម) សាធារណៈជន សិស្សនិស្សិត ព្រមទាំងក្រុមការងារនិងសិស្សនិស្សិត អ.ម.ត សរុបប្រមាណជាង ៥០០ នាក់៕