មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លើកឡើងពីសារៈសំខាន់នៃការបង្កើតអាជ្ញាធរនេះគឺជាយន្តការបំពេញបន្ថែមលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់នៅកម្ពុជា 

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ស្ពឺ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអ.ដ.ក. តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានលើកឡើងអំពីសារៈសំខាន់នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. ដែលជាយន្តការបំពេញបន្ថែមលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់នៅកម្ពុជា ក៏ដូចជារួមចំណែកលើកកម្ពស់យន្តការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។ ការបង្កេីត អ.ដ.ក. នេះ ក៏ជាសមិទ្ធផលជាក់ស្តែងមួយក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សំដៅសម្រេចឱ្យបាននូវទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ។

ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការអនុវត្តគម្រោងមួយរបស់ អ.ដ.ក. ឈ្មោះថា “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” ដែលគម្រោងនេះផ្តោតជាសំខាន់លើសកម្មភាពចំនួន ២ គឺ ទី១-ការផ្សព្វផ្សាយអំពីបេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ, ទី២-រៀបចំវគ្គបណ្តុះបណ្តាលលើជំនាញសម្រុះសម្រួលដោះស្រាយវិវាទ សំដៅពង្រឹងសមត្ថភាពដល់មន្ត្រីទទួលបន្ទុកការងារដោះស្រាយវិវាទនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តគោលដៅទី ៥ បន្ទាប់ពីខេត្តបាត់ដំបង, ខេត្តកណ្តាល, ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែង ដែល អ.ដ.ក. បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពនេះ ហើយនាពេលខាងមុខ អ.ដ.ក. នឹងបន្តអនុវត្ត “គម្រោងឆ្ពោះទៅកាន់មូលដ្ឋាន” ដល់រដ្ឋបាលរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម មាស សុកែវ សមាជិកនៃ អ.ដ.ក. ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត រដ្ឋបាលឃុំ សង្កាត់ សរុបប្រមាណជា ១៦០ នាក់។