មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រារព្ធពិធីសូត្រមន្ត សុំសេចក្តីសុខ ក្នុងឱសកាសអបអរសាទរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រារព្ធពិធីសូត្រមន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន ដោយមានការអញ្ជើញចូលរួមសូត្រមន្ត ពីនាយ នាយរងនរគបាល នៃមន្ទីរប្រឆំាងបទល្មើសគ្រឿងញៀនជាច្រើនរូប។
ក្នុងពិធីសូត្រមន្តនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងប្រគេន ទេយ្យទាន និងគ្រឿងបរិក្ខារផ្សេងៗ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមហាសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតកាទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដល់ដួងវិញាណក្ខន្ធរបស់វិរៈនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលបានពលីជីវិតក្នុងការបំពេញបេសកកម្មចុះបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងពេលកន្លងមក សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ពួកគាត់បានទៅសោយសុខក្នុងឋានសុគតិភពកុំបីខាន។
សូមរំលឹកថា ជារៀងរាល់ឆ្នាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនតែងបានរៀបចំប្រារព្ធពិធីសូត្រ បង្សូល ជូនចំពោះនាយ នាយរង និងពលនគរបាលក្នុងមន្ទីរប្រឆាំងបទល្មើសគ្រឿងដែលបានទទួលមរណៈទៅតាមប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា គ្រូឧប្បជាយាចារ្យ និងញាត្តិការទាំង៧សណ្តាន ដែលបានបែកបាក់ចែតឋាន ឲ្យបានមកទទួលនូវមនុញ្ញផល និងបានសោយសុខនៅក្នុងឋានសុគតិភព។