មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានកែទម្រង់ ដើម្បីលើកកម្ពស់ ឧស្សាហូបនីយកម្ម និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា

មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វ.ប.ន) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការ វិវត្តដ៏សំខាន់របស់ស្ថាប័ននេះ ក្នុងបេសកកម្មគាំទ្រ ការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច របស់កម្ពុជា។

ពិធីសម្ពោធនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីដ៏សំខាន់ របស់មន្ទីរពិសោធន៍ជាតិ វ.ប.ន ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល, ជំរុញនវានុវត្តន៍, និងគាំទ្រ ដល់វិស័យឧស្សាហកម្មកម្ពុជាសម្រាប់ ទាំងទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញ។

ឯកឧត្តម បានលើកឡើងថា៖ “ជាមួយនឹងស្តង់ដារ អន្តរជាតិកម្រិតខ្ពស់ ដូចជា ISO/IEC 17025 និងការ វាយតម្លៃទទួលស្គាល់ពីប្រទេសសិង្ហបុរី និងអូស្ត្រាលី មន្ទីរពិសោធន៍ជាតិ វ.ប.ន នឹងបន្តរួមចំណែកសម្រួលដល់ធុរកិច្ច និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបញ្ជូនការធ្វើតេស្តវិភាគផលិតផលទៅក្រៅប្រទេស ដែលនឹងកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធិភាព។”

មន្ទីរពិសោធន៍ជាតិ វ.ប.ន. មានបទពិសោធន៍ ក្នុងការធ្វើតេស្តវិភាគជាង ៣០ឆ្នាំ មុនត្រូវបានប្រែក្លាយជាគ្រឹះស្ថានសាធារណៈ រដ្ឋបាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ កំណែទម្រង់នេះ បានបង្កើនស្វ័យភាព ភាពបត់បែន នៃប្រតិបត្តិការ និងសមត្ថភាពពង្រីក សេវាកម្មប្រកបដោយ វិជ្ជាជីវៈ រួមទាំងផែនការ ពង្រីកសមត្ថភាព ធ្វើតេស្តផលិតផល មេកានិច អគ្គិសនី អេឡិចត្រូនិក នៅក្នុងឆ្នាំ២០២៥។ 

ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្ត ឱ្យមានកិច្ចសហការបន្ថែមទៀត រវាងមន្ទីរពិសោធន៍ជាតិ វ.ប.ន. និងមន្ទីរពិសោធន៍ផ្សេងៗ ដើម្បីបង្កើនការទទួលស្គាល់សេវាធ្វើតេស្តរបស់កម្ពុជាកាន់តែច្រើន ទាំងក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តម បានបន្ថែមថា៖ “កិច្ចសហការទាំងនេះ នឹងជួយធានាបាននូវស្តង់ដារគុណភាពខ្ពស់ ភាពស៊ីសង្វាក់គ្នា និងការប្រៀបធៀបលទ្ធផលកាន់តែប្រសើរ ក្នុងគោលដៅបង្កើនទំនុកចិត្តលើសមត្ថភាពធ្វើតេស្តរបស់កម្ពុជា។”

លោកស្រីបណ្ឌិត យក់ សុគន្ធស្រីរតន៍ នាយកប្រតិបត្តិ នៃមន្ទីរពិសោធន៍ជាតិ វ.ប.ន. បានបញ្ជាក់ពីការត្រៀម លក្ខណៈរបស់ស្ថាប័ននេះ ដើម្បីបំពេញ តម្រូវការវិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្ររបស់កម្ពុជា។ លោកស្រី បានលើកឡើងថា៖ “មន្ទីរពិសោធន៍នេះ ត្រូវបានបំពាក់ ដោយសម្ភារបរិក្ខារ និងបច្ចេកវិទ្យាទំនើប ព្រមទាំងមានក្រុមការងារជំនាញ។ យើងប្តេជ្ញាជំរុញនវានុវត្តន៍ លើកម្ពស់ស្តង់ដារគុណភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។”

សូមបញ្ចាក់ថា បច្ចុប្បន្ន មន្ទីរពិសោធន៍ជាតិ វ.ប.ន ផ្តល់សេវាកម្មមន្ទីរ ពិសោធន៍មីក្រូជីវសាស្ត្រ គីមីចំណីអាហារ គីមីមិនមែនចំណីអាហារ និងមន្ទីរពិសោធន៍ទឹក ដើម្បីគាំទ្រធុរកិច្ចបំពេញតាមលក្ខខណ្ឌតម្រូវជាសកល និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារអន្តរជាតិ។ ដោយផ្តោតលើតម្លាភាព និងបរិវត្ត កម្មឌីជីថល មន្ទីរពិសោធន៍ជាតិ វ.ប.ន. បានចាប់ផ្តើមដាក់ឱ្យដំណើរការ គេហទំព័រថ្មី ដែលត្រូវបានរចនា ឡើងដើម្បីលើកកម្ពស់ការស្រាវជ្រាវ នវានុវត្តន៍ និងភាពងាយស្រួលក្នុងការទទួលសេវា។ គេហទំព័រថ្មីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ធ្វើទំនើបកម្មសេវាកម្មរបស់ខ្លួន និងជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ ទំនើបកម្មមួយទៀតគឺការបញ្ចូលថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់លើលទ្ធផលតេស្តវិភាគ ដែលងាយស្រួលក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។ មន្ទីរពិសោធន៍ជាតិ វ.ប.ន. មានបំណងប្រែក្លាយជាមន្ទីរពិសោធន៍ឈានមុខ ក្នុងការលើកកម្ពស់នវានុវត្តន៍ និងការធ្វើតេស្តវិភាគ សម្រាប់គាំទ្រដល់ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីបង្កើនឧត្តមភាពប្រជែងឈ្នះ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ៕