មន្រ្តីជាន់ខ្ពស់ស៊ីម៉ាក់ ពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិកនាយសេនាធិការ និងជាមេបញ្ជាការនៃកងឆ្នាំជាតិប្រចាំរដ្ឋIDAHO
នៅរសៀលថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Timothy J. Donnenllan (ធីម៉ូស៊ី ជេ ដុនណែលឡិន) នាយសេនាធិការ និងជាមេបញ្ជាការនៃកងឆ្នាំជាតិប្រចាំរដ្ឋIDAHO(អាយដាហូ)។ ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូ IDAHO (អាយដាហូ) មានគោលបំណងស្វែងយល់ពីវិស័យបោសសម្អាតមីននៅកម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាម៉េរិក-កម្ពុជា តាមរយៈការអនុវត្តការប្តេជ្ញាចិត្តដែលបានធ្វើឡើងចំពោះរដ្ឋាភិបាលកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក Lloyd Austin (ឡយ អស្ទីន) ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានៅខែមិថុនាឆ្នាំ២០២៤ថ្មីៗកន្លងទៅនេះ ក៏ដូចជាបន្តការពង្រឹងបន្ថែមទៀតចំពោះសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។
ជាកិច្ចចាប់ផ្តើមឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានជម្រាបគណៈប្រតិភូសហរដ្ឋអាម៉េរិកអំពីឫសគល់សង្រ្គាមនៅកម្ពុជា និងបញ្ហាប្រឈមដែលបន្សល់ទុកដោយសង្រ្គាមជាង៣ទស្សវត្សរ៍ រួមមានគ្រាប់មីនប្រឆាំងមនុស្ស ប្រឆាំងយានយន្ត គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មែកគីមីជាដើម ដែលតម្រូវឱ្យអង្គភាពស៊ីម៉ាក់បន្តកិច្ចប្រតិបត្តិបោសសម្អាតយូរឆ្នាំទៅមុខទៀត។ ឯកឧត្តម ហេង រតនា បានបន្តទៀតថារយៈពេលជាង៣២ឆ្នាំកន្លងទៅនេះអង្គភាពស៊ីម៉ាក់បានរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង៣លានគ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួនជិត ៦សែនគ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះជាង១ម៉ឺន២ពាន់, គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនជាង២លាន៥សែន រួមជាមួយគ្រាប់បែកគីមីមួយចំនួនផងដែរ។
នេះជាទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសកម្ពុជា ហើយលោកឧត្តមសេនីយ៍ទោ Timothy J. Donnenllan( ធីម៉ូស៊ី ជេ ដុនណែលឡិន) បានសម្តែងការសាទរនិងស្ងើចសរសើរចំពោះកម្លាំងបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់រួមមានការបោសសម្អាតដោយមនុស្ស ដោយគ្រឿងចក្រ ជាពិសេសចំពោះជំនាញប្រើប្រាស់សុនកហិតមីន និងកណ្តុរហិតមីនជាដើម។ លោកបានរំលឹកបញ្ជាក់ពីជំហរគាំទ្ររបស់សហរដ្ឋអាម៉េរិកក្នុងវិស័យសកម្មភាពមីនក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាម៉េរិក ហើយវត្តមានរបស់លោកនៅប្រទេសកម្ពុជា ជាពិសេសនៅទីបញ្ជាការស៊ីម៉ាក់នៅថ្ងៃនេះ គឺដើម្បីស្វែងយល់បន្ថែមទៀតពីវិស័យសកម្មភាពមីន ដែលបោសសម្អាតដោយអង្គភាពស៊ីម៉ាក់។
សូមបញ្ជាក់ជូនថា សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយសកម្មភាពមីនមនុស្សធម៌គាំទ្រអង្គភាពស៊ីម៉ាក់តាំងពីឆ្នាំ១៩៩៣ និងបានបន្តគាំទ្ររហូតដល់ចុងឆ្នាំ២០២៥។ បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់បានទទួលជំនួយពីសហរដ្ឋអាម៉េរិកសម្រាប់ការបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តខាងកើតប្រទេស ដូចជាខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះជាដើម។ ចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិក បានសម្រេចផ្តល់ជំនួយចំនួនជាង៦.៣លានដុល្លារអាមេរិក ដល់អង្គភាពស៊ីម៉ាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការNPA ដើម្បីធ្វើការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមប្រមាណ១២១គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តខាងលើ៕