មិនទាន់ធូរស្រាលពីវិបត្តិសង្រ្គាមផ្ទៃក្នុងផង! ពេលនេះមីយ៉ាន់ម៉ារងគ្រោះទឹកជំនន់បន្ថែមពីកម្លាំងព្យុះ Yagi ដែលធ្វើឲ្យមនុស្ស៣២០ពាន់នាក់ត្រូវជម្លៀសខ្លួន

អាជ្ញាធរយោធាបាននិយាយកាលពីថ្ងៃអាទិត្យថា ទឹកជំនន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបង្កឡើងដោយ សារខ្យល់ព្យុះទីហ្វុង Yagi បានសម្លាប់មនុស្សយ៉ាង១១៣នាក់ហើយគិតត្រឹមថ្ងៃនេះ និងបានជម្លៀសមនុស្សជាង ៣២០ពាន់នាក់នៅទូទាំងប្រទេសដែលកំពុងញ៉ាំញីដោយវិបត្តិផ្ទៃក្នុងដែរ។

មកដល់ពេលនេះលោកឧត្តមសេនីយ Zaw Min Tun អ្នកនាំពាក្យក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាដែល កំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្នបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសំឡេងនៅលើទូរទស្សន៍រដ្ឋ MRTV ថាមនុស្សចំនួន ៦៤នាក់នៅតែបាត់ខ្លួន និង ១៤នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលមាន ទឹកជំនន់ភ្លាមៗ។ ទីប្រជុំជនចំនួន៥៦កន្លែងនៅតាមតំបន់កណ្តាលនៃទីក្រុង Mandalay និង Bago ក៏ដូចជារដ្ឋ Shan, Kayah, Kayin និង Mon និងរដ្ឋធានី Naypyitaw (ណៃពិដោ) របស់ប្រទេសនេះបានរងផលប៉ះ ពាល់ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន។ ហើយកាលពីថ្ងៃសៅរ៍នេះដែរប្រមុខយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing បានអំពាវនាវឱ្យមានកិច្ចការសង្គ្រោះបន្ទាន់ ជាពិសេសលោកបានស្នើសុំជំនួយពីបរទេសចំពោះជនរងគ្រោះជាក់ស្តែងផង ទាំងដែលប្រទេសរបស់លោកធ្លាប់បានព្រងើយកន្តើយជាមួយសំណើរ បរទេសដូចគ្នាឲ្យបញ្ចប់សង្រ្គាមផ្ទៃក្នុង និងស្តារសន្តិភាពឡើងវិញ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ