មិននឹកស្មានគ្រោះរញ្ជួយដីនៅប្រទេសដែនកោះដ៏តូច Vanuatu (មានប្រជាជនជាង៣៣ម៉ឺននាក់)កាលពីម្សិលមិញសម្លាប់មនុស្ស១៤នាក់ហើយ និងរាប់រយនាក់រងរបួស
ក្រុមមន្ត្រីបាននិយាយនៅរសៀលថ្ងៃពុធនេះថា ហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រ ដែលបានវាយប្រហារលើដែនកោះវ៉ានូអាទូ បានសម្លាប់មនុស្ស១៤នាក់ គិតត្រឹមថ្ងៃនេះ និងរាប់រយនាក់ទៀតបានរងរបួស និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើននៅទូទាំងប្រទេសដែនកោះដ៏តូចមួយនេះដែលស្ថិតនៅលើតំបន់ប៉ាស៊ីហ្វិកភាគខាងត្បូង ដែលតួរលេខមនុស្សស្លាប់នេះត្រូវគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅថ្ងៃបន្ទាប់។ មើលតាមរូបភាពវីដេអូគឺទំហំខូចខាតធ្ងន់ធ្ងរណាស់ ដែលវាត្រូវបានគេបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត និងចែករំលែកជាមួយសារព័ត៌មានបរទេសជាច្រើនទៀត។ វាក៏បានបង្ហាញពីអគារដែលខូចខាតខ្លាំង មានផ្លូវប្រេះបែក និងកម្ទេចកម្ទីថ្មបាក់ធ្លាក់ដល់ដីដែរ។ ស្របពេលជាមួយគ្នានោះកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះជាមួយនឹងភាពភ័យខ្លាចបានចាប់ផ្តើមដំណើរការដែរ បន្ទាប់ពីហេតុការណ៍រញ្ជួយដីបានវាយប្រហារនៅរសៀលថ្ងៃអង្គារម្សិលមិញនេះ ហើយក្រុមអ្នកជួយសង្គ្រោះបានធ្វើការពេញមួយយប់មិញនេះដើម្បីទៅដល់មនុស្សដែលកំពុងស្រែករកជំនួយពីពួកគេ ខ្លះស្ថិតពីក្រោមគំនរថ្មអគារបាក់បែក ដោយមនុស្សមួយចំនួនត្រូវបានគេជួយសង្គ្រោះប្រើរយៈពេលយូរ ហើយអ្នកផ្សេងទៀតនៅតែជាប់នឹងកំទេចថ្មធំៗដដែល។ ហេដ្ឋារចនាសម្ព័ន្ធនិងអគារដួលរលំសរុបក្នុងក្រុងមានតិចតួចជាងនៅខាងក្រៅក្រុង ខណៈដែលមនុស្សព្យាយាមទាក់ទងផ្តល់របាយការណ៍នានាចំពោះមនុស្សដែលបាត់ខ្លួន។ សូមរំលឹកថាគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសដែនកោះដ៏តូចវ៉ានូអាទូនេះមានជម្រៅ៥៧គីឡូម៉ែត្រ និងចំណុចកណ្តាលមានជម្រៅ៣០គីឡូម៉ែត្រ នាភាគខាងលិចទីក្រុង Port Vila រដ្ឋធានីវ៉ានូអាទូ ដែលជាប្រទេសប្រជុំដោយកោះចំនួន៨០កោះ មានប្រជាជនប្រហែលជាង៣៣ម៉ឺននាក់រស់នៅប៉ុណ្ណោះ ។ ភ្លាមៗនោះក៏ការព្រមានអំពីរលកយក្សស៊ូណាមិដែរ ប៉ុន្តែវាក៏រលត់ទៅវិញក្រោយពីរយៈពេលពីរម៉ោងបន្ទាប់ពីគ្រោះរញ្ជួយដីផ្ទួនៗគ្នា។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលបាននិយាយថា ក្នុងចំណោមមនុស្សស្លាប់ និងរបួស មានមនុស្សស្លាប់ចំនួន៤នាក់ត្រូវបានគេចុះបញ្ជីនៅមន្ទីរពេទ្យធំ, ៦នាក់នៅក្នុងហេតុការណ៍បាក់ដី , និង៤នាក់នៅក្នុងអគារដួលរលំ ប៉ុន្តែតួលេខនេះគឺគិតត្រឹមរសៀលថ្ងៃពុធនេះប៉ុណ្ណោះ ខណៈមន្រ្តីស្វែងរកបញ្ជាក់ថាតួរលេខស្លាប់អាចកើនឡើងទៀត ព្រោះនៅមានមនុស្សបាត់ខ្លួន ខណៈដែលអ្នករងរបួសជាង២០០នាក់បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកណ្តាលនៃក្រុង Port Vila! លើសពីនេះគ្រោះរញ្ជួយដីនេះបានធ្វើឲ្យអគារធំៗចំនួន១០អាគារត្រូវដួលរលំ និងស្ពានចំនួន៣ខ្សែដែលតភ្ជាប់កោះនីមួយៗត្រូវខូចខាតជាដំណំដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ