មុនចាកចេញពីអាណត្តិជារដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បញ្ជាក់ថា៖ លោកនឹងធ្វើការងារដល់នាទីចុងក្រោយដើម្បីប្រសិទ្ធិភាពកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល-ហាម៉ាស

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាលោកនៅតែមាន “ក្តីសង្ឃឹម” ក្នុងការជួយជ្រោមជ្រែងទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មុនពេលលោកត្រូវប្រគល់ភារកិច្ចជូនរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែងនៅខែក្រោយនេះ។ លោក Antony Blinken និយាយថា “ខ្ញុំពិតជាសង្ឃឹម ថាវានឹងអាចដោះស្រាយបាន។ យើងនឹងប្រើរាល់នាទីទាំងអស់ជារៀងរាល់ថ្ងៃ និងរាល់សប្តាហ៍ដែលយើងនៅសេសសល់ដើម្បីព្យាយាមធ្វើវាឱ្យបានសម្រេច ” នេះជាការអះអាងរបស់លោក Blinken ដែលបាននិយាយនៅពេលដែលរូបលោកស្ថិតនៅជាមួយនឹងក្រុមប្រឹក្សាទំនាក់ទំនងការបរទេស និងជាទីកន្លែងដែលលោកបាននិយាយអំពីសង្គ្រាមនៅហ្គាហ្សា និងអ៊ុយក្រែន ក៏ដូចជាអនាគតនៃប្រទេសស៊ីរី និងទំនាក់ទំនងអាមេរិកជាមួយអ៊ីរ៉ង់ដែរ។ “ខ្ញុំមិនចង់ឱ្យមានគ្រោះថ្នាក់ដោយភាពប៉ាន់ស្មាននោះទេ និងមិនចង់ឲ្យអ្វីៗគឺជាភាពប្រហាក់ប្រហែលនោះដែរ វាគួរតែត្រូវបានកើតឡើង និងបង្កើតឲ្យច្បាស់។ យើងត្រូវទទួលមនុស្សមកផ្ទះវិញ យើងត្រូវការបទឈប់បាញ់ដោយសន្តិភាពមួយ យើងត្រូវធ្វើឱ្យមនុស្សដែលផ្លាស់ទីពីទិសដៅផ្សេងៗគ្នា ឆ្ពោះទៅរកជីវិតកាន់តែប្រសើរជាងនេះ និងឆ្ពោះទៅរកការជួសជុលស្ថានការដ៏អាក្រក់ដែលវាបានកើតឡើងរួចហើយ» នេះជាការគូស បញ្ជាក់របស់លោក Blinken ក្នុងនាមជាវាគ្មិននៅឯក្រុមប្រឹក្សាទំនាក់ទំនងបរទេស ដោយលោកបាននិយាយអំពីកេរ្តិ៍ដំណែលយូរអង្វែងរបស់រដ្ឋបាលលោក Biden ផងដែរ។ លោក Blinken ស្ថិតនៅទីក្រុងញូវយ៉កសម្រាប់ការងារទំនាក់ទំនងនិងដំណើរការងារចុងក្រោយរបស់លោកនៅក្នុងការិយាល័យរបស់អង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ។ លោកក៏កំពុងផ្សារភ្ជាប់ទំនាក់ទំនងរបស់លោកជាមួយស្ថាប័នពិភពលោកបន្ទាប់ពីមានភាពច្របូកច្របល់រយៈពេល៤ឆ្នាំនេះដែរ ដែលលោកបានឃើញនូវសង្រ្គាមត្រឡប់ទៅកាន់ទ្វីបអឺរ៉ុប និងវិបត្តិជាច្រើននៅមជ្ឈឹមបូព៌ា នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិកបែកបាក់គ្នាច្រើនជាងពេលណាៗទាំងអស់។ លោក Blinken នឹងធ្វើជាប្រធានកិច្ចប្រជុំចំនួនពីរនៃស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែកិច្ចប្រជុំទាំងពីរនឹងមិនផ្តោតលើសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ឬមជ្ឈិមបូព៌ាឡើយ។ ផ្ទុយទៅវិញលោក Antony Blinken នឹងដឹកនាំកិច្ចប្រជុំស្តីពីបញ្ញាសិប្បនិមិត្ត ឬ AI និងជម្លោះក្នុងប្រទេសស៊ូដង់ ដែលភ្នាក់ងារផ្តល់ជំនួយនិយាយថាបានបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ