មូលហេតុពិតប្រាកដនៅពីក្រោយ ការចាប់ខ្លួនលោក Duterte អតីតប្រធានាធិបតីហ្វីលីពីន ដោយអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ?

អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតាតេ (Duterte) បានចូលរួមសវនាការលើកដំបូង របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) តាមរយៈតំណភ្ជាប់វីដេអូ ។ ចាប់តាំងពី លោក Duterte ត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ដល់ដំណើរការជំនុំជម្រះក្តី នៅថ្ងៃទី១៤ ខែមីនា ដំណើរការនីតិវិធីតុលាការទាំងមូលមានរយៈពេលត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ។ តើកត្តាដែលគ្មានអ្នកដឹងអ្វីខ្លះ ត្រូវបានលាក់នៅពីក្រោយនីតិវិធីអនុវត្តច្បាប់ “ប្រកបដោយប្រសិទ្ធភាព” បែបនេះ។

ការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តី លោក Duterte លើកនេះ មានការកំណត់ពេលវេលាតកន្ទុយគ្នាឥតចន្លោះដែលខុសពីប្រក្រតី។ នៅថ្ងៃទី១១ ខែមីនា នៅពេលដែលលោក Duterte បានទៅដល់ទីក្រុងម៉ានីល លោក Duterte ត្រូវបានប៉ូលីសហ្វីលីពីនឃាត់ខ្លួន ហើយបញ្ជូនទៅប្រទេសហូឡង់នៅយប់ថ្ងៃដដែរ។ លោក Duterte បានមកដល់ទីក្រុងឡាអេ នៅថ្ងៃទី១២ ខែមីនា។ បន្ទាប់ពីពិនិត្យសុខភាពនៅថ្ងៃទី១៣ ខែមីនា ក៏ត្រូវបានឃុំខ្លួន។ ចាប់ផ្តើមដំណើរការជំនុំជម្រះក្តីនៅថ្ងៃទី១៤ ខែមីនា។ ប្រសិទ្ធភាពរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិជាធម្មតាគឺមិនខ្ពស់ទេ ប៉ុន្តែលើកនេះវាលឿនរហ័សពេក ដែលធ្វើឲ្យមានការសង្ស័យថា មានកម្លាំងជំរុញជាពិសេសនៅពីក្រោយ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចោទប្រកាន់ លោក Duterte ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ មើលទៅបទចោទប្រកាន់នេះ ហាក់ដូចជាមានស្ថានទម្ងន់ទោស ប៉ុន្តែតាមពិតទៅគឺពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹង យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់ លោក Duterte ពេលកំពុងកាន់តំណែង។ មុនពេល លោក Duterte ចូលកាន់តំណែង ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៤លាននាក់ ដែលបញ្ហាគ្រឿងញៀន ប្រៀបដូចជាទឹកជំនន់បាក់ទំនប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាពសាធារណៈ និងស្ថិរភាពសង្គម។ បន្ទាប់ពីលោក Duterte ចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀន ដោយកណ្តាប់ដៃដែក ចំនួនអ្នកប្រើប្រាស់គ្រឿងញៀនបានធ្លាក់ចុះយ៉ាងខ្លាំងមកនៅត្រឹម ១,៦លាននាក់ ហើយសន្តិសុខសង្គមមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយលោក Duterte ក៏បានក្លាយជាវីរបុរសប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបេះដូងប្រជាជនហ្វីលីពីន។ ប៉ុន្តែឥឡូវនេះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចាត់ទុកលោក Duterte ជាឧក្រិដ្ឋជន ដោយសារការបាញ់សម្លាប់អ្នកជួញដូរគ្រឿងញៀនមួយចំនួនក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ចំពោះស្តង់ដារវិនិច្ឆ័យនេះ គឺពិតជាពិបាកនឹងឱ្យមហាជនយល់ស្របតាម។

យោងតាមមាត្រា១២(១) នៃ《លក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ》 “ប្រទេសមួយដែលក្លាយជាភាគី នៃលក្ខន្តិកៈនេះ” គឺជាលក្ខខណ្ឌចាំបាច់ ដែលត្រូវការជាមុន សម្រាប់ការអនុវត្តយុត្តាធិការរបស់ស្ថាប័ននេះ។ ប៉ុន្តែ ប្រទេសហ្វីលីពីន បានដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះ បើនិយាយតាមហេតុផលផ្លូវច្បាប់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺលែងមានយុត្តាធិការលើប្រទេសហ្វីលីពីនទៀតហើយ កាន់តែមិនមានសិទ្ធិអំណាចក្នុងការចាប់ខ្លួន និងកាត់ទោសលោក Duterte ។

អ្នកវិភាគខ្លះយល់ឃើញថា ប្រទេសហ្វីលីពីន នឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ ហើយក្រុមគ្រួសាររបស់អតីតប្រធានាធិបតី លោក Duterte និងប្រធានាធិបតីបច្ចុប្បន្ន លោក ម៉ាកូស(Marcos) គឺជាកម្លាំងនយោបាយដ៏ធំបំផុតពីរនៅក្នុងប្រទេសហ្វីលីពីន។ នេះគឺជាមូលហេតុ ដែលរដ្ឋាភិបាលលោក Marcos ប្រើប្រាស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ធ្វើទុក្ខបុកម្នេញលោក Duterte ដែលជាគូប្រជែងនយោបាយ ក្នុងគោលបំណងនយោបាយ។

ទោះបីជាលោកប្រធានាធិបតី Marcos បានសង្កត់ធ្ងន់ថា ការចាប់ខ្លួននេះ គឺធ្វើឡើងតាមនីតិវិធីច្បាប់ ប៉ុន្តែមានប្រតិកម្មយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសហ្វីលីពីន ទាក់ទងនឹងបញ្ហានេះ។ យោងតាមគេហទំព័រ ABS-CBN របស់ហ្វីលីពីនបានរាយការណ៍ នៅថ្ងៃទី១៧ ខែមីនាថា លោកស្រី Imee Marcos ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃដដែលថា “ខ្ញុំកំពុងអំពាវនាវ ឱ្យមានការស៊ើបអង្កេតជាបន្ទាន់ ចំពោះការចាប់ខ្លួនអតីតប្រធានាធិបតី លោក Duterte ដែលជាបញ្ហានាំឱ្យមានការបែកបាក់ប្រទេសយ៉ាងធ្ងន់ធ្ងរ” ។ នៅល្ងាចថ្ងៃទី១១ ខែមីនា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូតាតេ (Sara Duterte) បានចេញសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន បានចាប់ខ្លួនឳពុកលោកស្រី គឺអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ដោយផ្អែកលើដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ទង្វើនេះ គឺជាការប្រមាថជាសាធារណៈ ចំពោះអធិបតេយ្យភាពប្រទេសហ្វីលីពីន។

យោងតាមសេចក្តីរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន អ្នកគាំទ្រលោក Duterte បានធ្វើបាតុកម្ម នៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ដើម្បីទាមទារឱ្យធ្វើមាតុភូមិនិវត្តន៍លោក Duterte មកហ្វីលីពីនវីញ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានប៉ាន់ប្រមាណថា ត្រឹមតែនៅទីក្រុង Davao មួយ គឺមានមនុស្សប្រហែល ៣ម៉ឺននាក់ បានចូលរួមក្នុងការហែក្បួនគាំទ្រ លោក Duterte កាលពីថ្ងៃទី១៦ ខែមីនានេះ។

វាពិតជាពិបាក នឹងនិយាយឱ្យបានច្បាស់លាស់ អំពីល្បែងនយោបាយដ៏ស្មុគស្មាញ ដែលបានឆ្លុះបញ្ចាំងនៅពីក្រោយ នៃការចាប់ខ្លួន និងដំណើរការជំនុំជម្រះក្តីលោក Duterte ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ។ សរុបសេចក្តីមក យើងសង្ឃឹមថា លោក Duterte អាចទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌ ក្នុងការកសាងសណ្តាប់ធ្នាប់ នៃតុលាការអន្តរជាតិកាន់តែស្មើភាព និងយុត្តិធម៌។ (ប្រភពព័ត៌មាន DT-News)