មួយករណីទៀតហើយ! ហេតុការណ៍យន្តហោះខ្នាតតូចអាម៉េរិកបុកគ្នា លើអាកាសបណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅភាគខាងត្បូងរដ្ឋ Arizona

អាជ្ញាធរបាននិយាយថាយ៉ាងហោចណាស់មនុស្សពីរនាក់ស្លាប់បន្ទាប់ពីហេតុការណ៍ប៉ះទង្គិចគ្នាលើអាកាសទៀតហើយដែលពាក់ព័ន្ធនឹងយន្តហោះខ្នាតតូចពីរគ្រឿងនៅភាគខាងត្បូងរដ្ឋអារីហ្សូណា របស់សហរដ្ឋអាម៉េរិក។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតចំពោះហេតុការណ៍ប៉ះទង្គិចគ្នានេះនៅជិតអាកាសយានដ្ឋានមួយនៅជាយក្រុង Tucson ។ នាយកដ្ឋានប៉ូលីស Marana បានបញ្ជាក់ពីករណីស្លាប់មនុស្សពីរនាក់នេះ បន្ទាប់ពីពួកគេបានឆ្លើយតបដោយប្រញ៉ាប់ទៅសង្រ្គោះក្រោយពីហេតុការណ៍ធ្លាក់យន្តហោះ។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធនិយាយថាមនុស្សពីរនាក់ដែលស្លាប់នោះគឺស្ថិតនៅលើយន្តហោះខ្នាតតូចរៀងៗខ្លួនក្រោយប៉ះទង្គិចគ្នានៅកណ្តាលអាកាស ដោយមួយគ្រឿងៗមានមនុស្ស២នាក់ ។ យន្តហោះធុនតូចពីរគ្រឿងនោះគឺមួយឈ្មោះ Cessna 172S និង Lancair 360 MK II បានធ្លាក់ចុះឆេះនៅវេលាម៉ោង ៨និង២៨នាទីព្រឹក ម៉ោងក្នុងស្រុក នៅជិតអាកាសយានដ្ឋានតំបន់ Marana ចម្ងាយ១៥ ម៉ាយភាគពាយព្យនៃទីក្រុង Tucson ។ ទីភ្នាក់ងារ TSB បាននិយាយថា យន្តហោះប្រភេទ Cessna 172S បានត្រៀមចុះចត ប៉ុន្តែចៃដន្យយន្តហោះ Lancair បានប៉ះវា ហើយធ្លាក់ចុះលើផ្លូវរត់ដូចគ្នា។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធបានហៅអាកាសយានដ្ឋាននេះថាធ្វើការធ្វេសប្រហែសដោយមានតែវាលមិនអាចគ្រប់គ្រងបាន និងមិនមានប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសច្បាស់លាស់។ សូមបញ្ជាក់ថាឧប្បត្តិហេតុនេះកើតឡើងស្រដៀងគ្នាទៅនឹងឧប្បត្តិហេតុអាកាសចរណ៍នាពេលថ្មីៗនេះដោយសារការប៉ះទង្គិច និង បុកគ្នាពេញទំហឹងនៅលើអាកាសដែរ រវាងយន្តហោះដឹកអ្នកដំណើរក្នុងស្រុក និង ឧទ្ធម្ភាគចក្រធ្លាក់ចូលតន្លេកាលពីថ្ងៃទី២៩ ខែមករាដូច្នោះដែរ នៅឯអាកាសយានដ្ឋានជាតិ Ronald Reagan Washington ដែលបានសម្លាប់មនុស្សសរុប៦៧នាក់៕

សម្រួលអត្ថបទ៖ សុផារិន្ទ