មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមអភិបាល ខេត្តព្រះសីហនុ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាល ខេត្តព្រះសីហនុ អញ្ជើញទទួល ស្វាគមន៍ និងសំណេះ សំណាលព្រមទាំងពិភាក្សាការងារជាមួយ មេបញ្ជាការ និងនាវិកនាវាកងទ័ពជើងទឹករុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅលើ ទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ដែលធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។
នាឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ខេត្តព្រះសីហនុ ក៏បានមានប្រសាសន៍ជម្រាបជូនពីស្ថានភាពភូមិសាស្ត្រ នៃខេត្តព្រះសីហនុ ដែលស្ថិតនៅប៉ែកនិរតី នៃប្រទេសកម្ពុជា ជាខេត្តមួយមានសក្តានុពលខ្ពស់សម្បូរទៅ ដោយធនធានធម្មជាតិដ៏សម្បូរបែប ហើយខេត្តព្រះសីហនុ ចែកចេញជា ៣ក្រុង ៣ស្រុក ស្មើនឹង ១៨ឃុំ និង១១សង្កាត់ ស្មើនឹង ១១១ភូមិ ដោយខេត្តមានកោះធំ-តូចចំនួន ៣២ និងមានឆ្នេរសមុទ្រប្រវែង ១៧៥,៨១គីឡូម៉ែត្រ មានប្រជាជនប្រមាណ ៣១ម៉ឺននាក់ ហើយក្នុងនោះខេត្តព្រះសីហនុមានឆ្នេរសមុទ្រស្រស់ស្អាត ដែលរាជរដ្ឋាភិបាលបានដាក់ឈ្មោះ ជា(តារារះនាទិសនារតី) និងជាខេត្តស្នូលនៃខេត្តឆ្នេររបស់ប្រទេសកម្ពុជា ម្យ៉ាងទៀតឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ជូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោកកាលពីឆ្នាំ២០១១ ទន្ទឹមនោះខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍មានដូចជាផ្លូវគោក មានផ្លូវជាតិ ផ្លូវល្បឿនលៀន និងផ្លូវរថភ្លើង រួមទាំងផ្លូវ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលមានផ្លូវរត់ប្រវែង ៣.៣០០ម៉ែត្រ ជាប្រភេទ 4E ផ្លូវទឹកមានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទំនិញនាំចេញចូលឆ្លងកាត់មានប្រមាណ ៧០ភាគរយ បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅក្នុងតំណាក់ កាលកំពុងអភិវឌ្ឍ ហើយនៅឆ្នាំ២០២៩ និងមានជម្រៅទឹក ១៧.៥០ម៉ែត្រ អាចឱ្យនាវាដែលធ្វើចរាចរន៍នៅលើពិភពលោក ចូលចតបាន រីឯវិស័យដែលមានសក្តានុពល និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរួមមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសខេត្តព្រះសីហនុ ជា(តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង)សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្មជាមួយនឹងការថែរក្សាបរិស្ថាន។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែម ទៀតថា ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសរុស្ស៊ី បានបង្កើតឡើងជាផ្លូវការ ៦៩ឆ្នាំ ហើយប្រទេសរុស្ស៊ីតែងតែផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា តាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងមានការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ អប់រំជាដើម ហើយក្នុងនោះយើងគាំទ្រនូវកិច្ចសហការរវាងប្រទេសទាំងពីរ សូមឱ្យដំណើរបេសកកម្មរបស់នាវិកនៅលើទឹកដីខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសង្ឃឹមថា នាវិកទាំងអស់ក៏បានផ្តិតយកនូវអនុស្សាវរីល្អៗរបស់ខេត្តព្រះសីហនុផងដែរ។
ជាមួយគ្នានោះដែរលោក វរនាវីឯក អេឡិកស៊ី អេនស៊ីហ្វើរ៉ូវ (Aleksi Antsiferov) ប្រធានក្រុមបញ្ជាការនាវា និងជានាយ សេនាធិការកងនាវា ប៉ា ស៊ី ហ្វិក នៃសហព័ន្ធរុស្ស៊ី បានថ្លែងពីភាពរីករាយដោយឃើញពីសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ មានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ និងសូមចូលរួមអបអរសាទរក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ និងជាខួបលើកទី ៦៩ឆ្នាំ នៃការទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដោយសង្ឃឹមយ៉ាងមុតមាំថា ការចូលចតរបស់នាវាកងទ័ពជើងទឹករុស្ស៊ីនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្កីភាព កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ។ ហើយតាមរយៈទស្សនកិច្ចលើកនេះ គឺបានផ្តល់ឱកាសដលនាវឹករបស់យើងបានស្វែងយល់កាន់តែច្បាប់អំពីវប្បធម៌ ទំនៀមទំលាប់ប្រពៃណីរវាងប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ ហើយយើងមានការបេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធា នៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត៕