មេរោគអេដស៍បានកើនឡើងខ្ពស់បន្ទាប់ពីសង្គ្រាមដ៏សាហាវក្នុងប្រទេសអេត្យូពី រួមជាមួយនឹងវិធានការកាត់បន្ថយជំនួយឱសថ-បុគ្គលិកសង្រ្គោះរបស់លោក Donald Trump

តំបន់ Tigray ធ្លាប់ត្រូវបានគេចាត់ទុកថាជាតំបន់គំរូមួយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍។ កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹងជាច្រើនឆ្នាំមកនេះបាននាំមកនូវអត្រាប្រេវ៉ាឡង់មេរោគអេដស៍ក្នុងតំបន់ធ្លាក់ចុះរហូតដល់ ១.៤% ដែលជាកម្រិតទាបបំផុតមួយនៅក្នុងប្រទេសអេត្យូពី។ បន្ទាប់មកនៅឆ្នាំ២០២០ សង្រ្គាមបានចាប់ផ្តើមរវាងរដ្ឋាភិបាលនៃប្រទេសអេត្យូពី ដែលគាំទ្រដោយប្រទេសជិតខាង Eritrea និងក្រុមយុទ្ធជន Tigray។ លោកស្រី Akberet Mengesha ជាអ្នកសម្របសម្រួលនាយកដ្ឋានព្យាបាលប្រឆាំងនឹងមេរោគនៅមន្ទីរពេទ្យបង្អែក Ayder ក្នុងទីក្រុង Mekele តំបន់ Tigray បាននិយាយថាបច្ចុប្បន្ននេះ អត្រាវិជ្ជមានប្រចាំខែជាមធ្យមបាន “កើនឡើងគួរឱ្យកត់សម្គាល់” ។ អំពើហឹង្សាផ្លូវភេទបានរីករាលដាលនៅក្នុងជម្លោះរយៈពេល២ឆ្នាំមកនេះ មានទាំងការសម្លាប់រង្គាល ភាពអត់ឃ្លាន និងជំងឺផងដែរ។ យោងតាមការសិក្សាដែលចេញផ្សាយដោយវិទ្យាស្ថាន BMJ Global Health ក្នុងឆ្នាំ ២០២៣ បានឱ្យដឹងថា១០% នៃស្ត្រី និងក្មេងស្រីដែលមានអាយុចន្លោះពី ១៥ ទៅ ៤៩ឆ្នាំនៅក្នុងតំបន់ នៃចំនោមមនុស្ស៦លាននាក់ ត្រូវបានទទួលរងនូវការរំលោភបំពានផ្លូវភេទ ដែលភាគច្រើនគឺជាទង្វើអសីលធម៌រំលោភបូក។ យោងតាមរបាយការណ៍ដែលធ្វើឡើងដោយការិយាល័យសុខភាពក្នុងតំបន់ Tigray សហការជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកគឺ ៨៦% នៃកន្លែងសុខភាពក្នុងតំបន់ត្រូវបាន “ខូចខាតដោយផ្នែក” ហើយ ៣% ត្រូវបាន “ខូចខាតទាំងស្រុង” ។ ជាលទ្ធផល៩០% នៃអ្នករស់រានមានជីវិតពីអំពើហឹង្សាផ្លូវភេទមិនបានទទួលជំនួយផ្នែកវេជ្ជសាស្រ្តទាន់ពេលវេលានោះទេ។ លោកស្រី Mengesha បាននិយាយថា “លើសពីនេះហានិភ័យនៃការឆ្លងមេរោគអេដស៍ពីម្តាយទៅកូនដែលពីមុនធ្លាប់បានធ្លាក់ចុះដល់សូន្យ ពេលនេះបានផ្លាស់ប្តូរយ៉ាងខ្លាំង” ដោយបន្ថែមថានូវកំណើនធ្វើរោគវិនិច្ឆ័យចំពោះកុមារអាយុក្រោម២ឆ្នាំថែមទៀតផង។ នៅមន្ទីរពេទ្យបង្អែក Ayder ក្នុងតំបន់ Mekele និងតំបន់ Tigray វិញមានអ្នកជំងឺតម្រង់ជួរដើម្បីទទួលថ្នាំព្យាបាលប្រឆាំងនឹងមេរោគយ៉ាងកកកុញ។ នាយកឱសថស្ថាន Ayder Hospital Teame Aregay បានបញ្ជាក់ថា “ចំនួនអ្នកជំងឺកំពុងកើនឡើង ជាមួយនឹងការធ្វើរោគវិនិច្ឆ័យថ្មីៗត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ។ សព្វថ្ងៃនេះអត្រាប្រេវ៉ាឡង់នៃមេរោគអេដស៍នៅទីហ្គ្រេគឺ៣% ដែលវាច្រើនជាងទ្វេដងនៃមធ្យមភាគមុនសង្គ្រាមកើតឡើង នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ និងអង្គការសហប្រជាជាតិ។ អត្រាក្នុងចំណោមអ្នកផ្លាស់ទីលំនៅប្រហែល១លាននាក់ក្នុងតំបន់គឺ ៥.៥% ។ ក្នុងចំណោមអ្នករួចរស់ជីវិតពីអំពើហិង្សាផ្លូវភេទ គឺ ៨,៦%។ សព្វថ្ងៃនេះជនភៀសខ្លួនជាទុរគតជនមួយចំនួនបានប្រកបរបររកស៊ីផ្លូវភេទ ដើម្បីរស់រានមានជីវិត ដែលជាកត្តាមួយទៀត ធ្វើឲ្យបុគ្គលិកសុខាភិបាលជឿជាក់ថា វាបានរួមចំណែកដល់ការរីករាលដាលនៃករណីឆ្លងមេរោគអេដស៍។ ចំណែកការសម្រេចចិត្តរបស់រដ្ឋាបាលលោក Trump ដោយសម្លាប់សេវាកម្មសង្រ្គោះ៨៣% នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កម្មវិធីអភិវឌ្ឍន៍អន្តរជាតិទូទាំងពិភពលោកកំពុងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដោយខ្វះខាតទាំងថ្នាំព្យាបាលសំខាន់ៗ ដើម្បីដោះស្រាយវិបត្តិដែលកំពុងកើនឡើងនេះ។ មិនតែប៉ុណ្ណោះប្រទេសអេត្យូពីបានបញ្ឈប់បុគ្គលិកសុខាភិបាលចំនួន ៥០០០នាក់រួចមកហើយដែលត្រូវបានជួល ដោយមូលនិធិរបស់សហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ទន្ទឹមនឹងអង្គការសប្បុរសធម៌ដែលជួយដល់អ្នកផ្ទុកមេរោគអេដស៍ ដើម្បីព្យាបាលក៏ត្រូវបញ្ជា និង បង្ខំចិត្តឈប់ធ្វើការដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ