យុវជនចូលរួមសកម្មភាពផ្សព្វផ្សាយបញ្ហាគ្រឿងញៀនក្នុងពិធីប្រណាំងទូកថ្ងៃទី២មានទស្សនាប្រមាណ៧០ម៉ឺននាក់។
ខេត្តបាត់ដំបង:ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ យុវជនកាយរិទ្ធ កាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានចូលរួមធ្វើសកម្មភាពផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនApp NoDrug : https://nodrugsnacd.com/download ដល់ប្រជាពលរដ្ឋដែលមកទស្សនាការប្រណាំងទូកថ្ងៃទី២ នេះ។
ក្នុងឱកាសនោះ ឯកឧត្តម ធូ ភា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងដែលបានដឹកនាំកម្លាំងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់យុវជនដែលបានចូលរួមធ្វេីសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដែលជាចលនាមួយមានសារៈសំខាន់ចាំបាច់ណាស់ជួយដល់សង្គមព្រោះថាអ្វីៗទាំងអស់គឺចាប់ផ្ដើមពីយុវជន ។ ការងារសង្គមទាំងឡាយឱ្យតែមានការចូលរួមធ្វេីសកម្មភាពពីយុវជនគឺសកម្មភាពនោះប្រាកដជាទទួលបានជោគជ័យ។
ថ្លែងក្នុងនាម ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងឱកាសនោះ លោក ធូ ភា សូមថ្លែងអំណរគុណនិងអំពាវនាវដល់យុវជនទាំងអស់ត្រូវចូលរួមឲ្យបានសកម្មនៅក្នុងការងារជួយសង្គមនានាពិសេសការបដិសេធចំពោះគ្រឿងញៀនកុំឱ្យមានគ្រោះថ្នាក់ដល់សុខភាព ព្រោះថាកាលណាយើងការពារសុខភាពរបស់ប្រជាពលរដ្ឋពិសេសយុវជនកុំឲ្យទៅពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀន នោះប្រទេសជាតិយើងនឹងរីកចម្រើនបានកាន់តែឆាប់រហ័ស។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វីរិទ្ធអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថាតួនាទីរបស់យុវជនក្នុងការចូលរួមបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀនកុំឲ្យរីករាលដាលក្នុងសហគមន៍គឺពិតជាចាំបាច់ ព្រោះថាអ្នកប្រើគ្រឿងញៀនភាគច្រើនជាយុវជនដូចនេះប្រសិនបើយុវជនគាត់បានចូលរួមមិនទៅពាក់ព័ន្ធមិន សេពគប់ មិនអូសទាញមិត្តភក្កិឲ្យទៅប្រើប្រាស់គ្រឿងញៀននោះសហគមន៍យើងនឹងមានសុខសុវត្ថិភាព ហើយសម្ដីរបស់យុវជនគឺឆាប់ចាក់ឫសចូលជ្រៅក្នុងបេះដូងយុវជនដូចគ្នា *យុវជនអាចដឹងច្បាស់ពីតម្រូវការចាំបាច់របស់យុវជនដូចគ្នា * ។