យុវជនជនជាតិដើមភាគតិចកាន់តែច្រើនឡើង ទទួលបានការអប់រំថ្នាក់មធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា តាមរយៈគម្រោងរេដបូកកែវសីមា
យុវជនជនជាតិដើមភាគតិចកាន់តែច្រើនឡើង ទទួលបានការអប់រំថ្នាក់មធ្យមសិក្សា និងថ្នាក់ឧត្តមសិក្សា តាមរយៈគម្រោងរេដបូកកែវសីមា
គម្រោងរេដបូក កែវសីមា នាពេលបច្ចុប្បន្ន បាននិងកំពុងផ្តល់អាហារូបករណ៍ ដល់យុវជនជនជាតិដើមភាគតិចព្នង (ពូនង) ប្រមាណជាងចំនួន៦៥នាក់ ក្នុងនោះមាន៥នាក់ សិក្សាបន្តថ្នាក់ បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ នៅទីក្រុងភ្នំពេញ, ចំនួន២០នាក់ ជាសិស្សថ្នាក់ វិទ្យាល័យ ដើម្បីទទួលបានការសិក្សាចប់ កម្រិតវិទ្យាល័យ និង៤០នាក់ទៀត បានទទួល វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅខេត្តមណ្ឌលគិរី។
គម្រោងបានផ្តល់ជំនួយខ្នាតតូច ទៅអង្គការអ៊ីតាលី ជួយសង្គ្រោះកុមារ (CIAI) ក្នុងការផ្តល់សេវាកម្ម សុខភាព តាមរយៈគ្លីនិកចល័តបានចំនួន ៣៦លើក នៅក្នុងភូមិចំនួន៦ ដែលមានប្រជាជន ៣,៨២៤នាក់ (២,៣៧៥ ស្រ្តី) និងកុមារចំនួន ២,២៣០នាក់ បានទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ គម្រោងក៏បានផ្តល់ការ ពិនិត្យសុខភាពជូនដល់សិស្សានុសិស្ស ចំនួនប្រមាណ១,៨៧៨នាក់ នៅសាលាបឋមសិក្សាចំនួន៧។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានលើកឡើងថា ការផ្តល់អាហារូបករណ៍ពីគម្រោង រេដបូកកែវសីមា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អភិវឌ្ឍន៍ សហគមន៍នៅតាមតំបន់ ការពារធនធានធម្មជាតិ ជាពិសេស ជនជាតិដើមភាគតិច ឱ្យពួកគាត់មានជម្រើសថ្មីមុខរបរថ្មី ដោយកាត់ផ្តាច់ជាបណ្តើរៗចេញពីការពឹងផ្អែកទាំងស្រុងទៅលើធនធានធនធានធម្មជាតិ។
ឯកឧត្តម អ្នកនាំពាក្យរូបនេះ បានបន្តថា សម្រាប់គម្រោងរេដបូក ដែលផ្តល់អាហារូបករណ៍ជូនសិស្សានុសិស្សជាកូនចៅបងប្អូនជនជាតិដើមភាគតិច ត្រូវបានអនុវត្តនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមាន និងតំបន់ជួរភ្នំក្រវាញ ដោយបានជំរុញដល់យុជន យុវនារី ជាជនជាតិដើមភាគតិច ទទួលបានការអប់រំខ្ពង់ខ្ពស់ទាំងកម្រិតថ្នា់វិទ្យាល័យ រហូតបញ្ចប់ថ្នាក់មហាវិទ្យាល័យ។
យោងតាមការឲ្យដឹងពី លោក នេត្រ វិបុល អនុប្រធានអង្គការ WCS បានឱ្យដឹងថា ក្រៅពីការងារចូលរួមលើកម្ពស់ជីវភាពសហគមន៍ គម្រោងរេដបូក កែវសីមា បានចូលរួមផ្តល់អាហារូបករណ៍ដល់សិស្សដែលជាជនជាតិដើមភាគតិច ដែលជាក្រុមគោលដៅទាំង២០ភូមិ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលមិនមានលទ្ធភាពបន្តការសិក្សា។ កាលពីឆ្នាំ២០២៣ គម្រោងបានផ្តល់អាហារូបករណ៍ដល់យុវជនជាជាតិដើមភាគតិច ចំនួន៥រូប ឱ្យបានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ នារាជធានីភ្នំពេញ។
លោក នេត្រ វិបុល បានថ្លែងថា ជាមួយគ្នានេះដែលគម្រោងបានផ្តល់ជូនយុវជនចំនួន៤០រូប នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ឱកាសដល់យុវជន យុវនារី ដែលជាជនជាតិដើមភាគតិច វិលត្រឡប់មកមូលដ្ឋានរបស់ខ្លួនវិញមានការងារធ្វើច្បាស់លាស់ សម្រាប់រកចំណូលចិញ្ចឹមគ្រួសារ។ ប្រសិនបើពួកគាត់មិនមានចំណេះដឹង ឬមិនមានមុខរបរណាមួយឱ្យច្បាស់លាស់នោះទេ នឹងធ្វើឱ្យពួកគាត់វិលទៅរកមុខរបស់ចាស់របស់ឪពុក ម្តាយគាត់ដែលធ្វើពីមុន ដោយពឹងផ្អែកទាំងស្រុងលើអនុផលព្រៃឈើ ហើយពេលខ្លះពួកគាត់អាចធ្វើសកម្មភាពខុសច្បាប់ដោយបរបាញ់សត្វ ឬកាប់ឈើ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោក បានបន្ថែមថា គម្រោងរេដបូកកែវសីមា ដែលមានក្រសួងបរិស្ថាន ជាម្ចាស់គម្រោង ហើយអង្គការ WCS ជាដៃគូអនុវត្តន៍គម្រោង។ ដោយឡែកសម្រាប់សិស្សានុសិស្សជាជនជាតិដើមភាគតិចទាំង២០រូប ដែលទទួលបានអាហារូបរកណ៍ពីគម្រោងរេដបូក កែវសីមា នៅពេលពួកគាត់សិក្សាបញ្ចប់ថ្នាក់វិទ្យាល័យនោះអង្គការ WCS នឹងពិគ្រោះយោបល់ជាមួយអង្គការ CCI ដើម្បីពិនិត្យថាតើមានសិស្សប៉ុន្មាននាក់ ចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យតទៅទៀត។ បន្ថែមពីនេះអង្គការនឹងស្វែងរកដៃគូផ្សេងទៀត ដើម្បីសិក្សាពីលទ្ធភាពផ្តល់អាហារូបករណ៍បន្ថែមដល់យុវជន យុវនារី ជាជនជាតិដើមភាគតិច អាចបន្តការសិក្សានៅថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យជាដើម។
ដោយឡែកយុវត្តី នាង សូរិយា ជាជនជាតិដើមភាគតិចពូនង ដែលទទួលបានអាហារូបករណ៍ពីគម្រោងរេដបូកកែវសីមា បានថ្លែងថា «នាងខ្ញុំគិតថា អាហារូបករណ៍នេះសំខាន់ខ្លះណាស់សម្រាបយុវជន យុវនារី ជាជនជាតិដើមភាគតិច ពីព្រោះអាហារូបករណ៍នេះបានផ្តល់ឱកាសនូវការសិក្សាដល់កូនសិស្សក្រីក្រ នៅតាមតំបន់ដាច់ស្រយាលគ្មានលទ្ធភាពបានបន្តការសិក្សា អាចបានបន្តការសិក្សាបាន»។
យុវត្តីជាជនជាតិដើមភាគតិចរូបនេះ បានបន្តថា សម្រាប់ទឹកចិត្តរបស់នាងខ្ញុំ គឺចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ប្រសិនបើជោគជ័យលើការសិក្សានៅថ្នាក់វិទ្យាល័យ។ បន្ថែមពីនេះ គម្រោងរេដបូក មានសារៈសំខាន់ខ្លាំងណាស់ ដោយបានជួយផ្តល់ថវិកាសម្រាប់ជួយដល់សហគមន៍ ជាក់ស្តែងគម្រោងបានផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សដែលជាជនជាតិដើមភាគតិច ក្នុងការបន្តការសិក្សា ព្រមទាំងអប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ៕