យោធិនចំនួន ៣,៩៧៥នាក់ ក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ បានដាក់ឲ្យចូលសោធននិវត្តន៍តាមបញ្ញត្តិច្បាប់
ក្នុងពិធីជួបសំណេះសំណាលបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ បាន
បញ្ជាក់ថា ការដាក់យោធិនអាជីពទាំងពីរភេទឲ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២នាពេលនេះ គឺជាការអនុវត្តន៍តាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃការអនុវត្តផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានថ្លែងនូវការដឹងគុណប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះយោធិនចូលសោធននិវត្តន៍គ្រប់រូប ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងស្មារតីស្នេហាជាតិ រួមចំណែកការពារបូរណភាពទឹកដី និងការកសាងការពារសន្តិភាព ស្ថិរភាពសង្គម។
ឯកឧត្តម បញ្ជាក់ថា កន្លងមកនិវត្តជនដែលត្រូវផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការស្រឡាញ់រាប់អានជានិច្ច និងបានរៀបចំឱ្យមានពិធីជួបជុំនៅតាមបណ្តាអង្គភាព ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអង្គភាពជាមួយនឹងនិវត្តជន ក្នុងគោលបំណងរក្សាចំណងមនោសញ្ចេតនាយូរអង្វែង និងជួយគ្នាទៅវិញទៅមក។
ឯកឧត្តម អគ្គមេបញ្ជាការ បានណែនាំឲ្យគ្រប់អង្គភាពបង្កើនការយកចិត្តទុកដាក់សហការរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូននិវត្តជននៅតាមមូលដ្ឋាន និងនៅតាមមន្ទីរពេទ្យ ដើម្បីលើកកម្ពស់គុណតម្លៃ ផ្សារភ្ជាប់មនោសញ្ចេតនាជាមួយនិវត្តជន ដោយក្តាប់ជាប់ពីស្ថានភាពសុខភាព ជីវភាពរស់នៅ និងសំណូមពរចាំបាច់នានារបស់និវត្តជន ដើម្បីមានវិធានការដោះស្រាយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជឹម សុខ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការ បានរាយការណ៍ឲ្យដឹងថា អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ឆ្នាំ២០២៤នេះ យោធិនចំនួន ៣,៩៧៥នាក់ ត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ ហើយសម្រាប់ថ្ងៃនេះ យោធិនចូលនិវត្តន៍ចំនួន១៤៦នាក់ មកពី១៩ស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវបានបានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស។