រជ្ជទាយាទនៃប្រទេសលុចសំបួ យាងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

រជ្ជទាយាទនៃប្រទេសលុចសំបួ យាងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ក្នុងឱកាសបំពេញព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា, នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ព្រះអង្គម្ចាស់ Guilaume Jean Joseph Marie រជ្ជទាយាទ នៃប្រទេសលុចសំបួ បានយាងប្រទានកម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងសាសនា។

ក្នុងវេលាដ៏ក្រៀមក្រំនោះ, ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ មានព្រះឱង្ការរំលែកមរណទុក្ខជាមួយ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារនៃសព ព្រមទាំងសម្ដែងនូវព្រះហឫទ័យសោកស្ដាយ និងអាឡោះអាល័យបំផុតចំពោះមរណភាព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រី ហ៊ុន សាន ត្រូវជាបងប្រុសបង្កើតរបស់ សម្ដេចតេជោ។ ជាមួយនិងក្ដីក្រៀមក្រំនោះ, ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ បានចាត់ទុកមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ គឺជាសមាជិកគ្រួសារជាទីគោរពស្រឡាញ់ និងជាម្លប់ដ៏កក់ក្តៅ សម្រាប់ក្រុមគ្រួសារ ព្រមទាំងជាការបាត់បង់នូវថ្នាក់ដឹកនាំមួយរូប ដែលពោរពេញដោយមនសិការស្នេហាជាតិ បានលះបង់ តស៊ូ ទាំងកម្លាំងកាយ-ចិត្ត ប្រាជ្ញា ស្មារតី ក្នុងការបម្រើជាតិមាតុភូមិដោយមិនខ្លាចនឿយហត់ដែលតែងតែចូលរួមយ៉ាងសកម្មឧបត្ថម្ភគាំទ្រដល់ការងារមនុស្សធម៌ និងសង្គមជាតិ។

ជាមួយសមានទុក្ខនេះ, ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ បានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្ដមមេត្រី វិសិដ្ឋ ហ៊ុន សាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕