រដូវវស្សាម៉ូសុង បង្ករទៅជាទឹកជំនន់ធ្ងន់ធ្ងរនាភាគខាងត្បូងប្រទេសឥណ្ឌា ដែលជាទឹកដីប្រជុំទៅដោយអ្នកនយោបាយ អ្នកជំនួញ និងតារាបូលីវូដ
បរិវេណសាលារៀន មហាវិទ្យាល័យ និងការិយាល័យរដ្ឋាភិបាលត្រូវបានបិទចាប់ពីថ្ងៃពុធម្សិលមិញនេះនៅតាមតំបន់ភាគខាងត្បូងនៃប្រទេសឥណ្ឌា ខណៈដែលកម្លាំងខ្យល់មូសុងដ៏ខ្លាំងបានបោកបក់និងបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេស។ ទីក្រុងដែលរងគ្រោះខ្លាំងជាងគេរួមមាន Chennai និង Bengaluru ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម និងបណ្តុំវិស័យព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌា។ ការដាច់ចរន្តអគ្គិសនី និងលុបចោលជើងហោះហើរបានបណ្តាលឱ្យរំខានសម្រាប់សេវាកម្មនានានា ខណៈប្រជាជនក្នុងស្រុករាប់ពាន់នាក់បានត្រៀមខ្លួនសម្រាប់ស្ថានភាពភ្លៀងធ្លាក់បន្ថែមទៀតក្នុងរយៈពេល៤៨ម៉ោងខាងមុខ។
ប្រជាជននៅតំបន់ Poes Garden ដែលទីកន្លែងប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ខ្ពស់ក្នុងទីក្រុង Chennai ជាកន្លែងដែលមានអ្នកនយោបាយធំៗរស់នៅ មានម្ចាស់ឧស្សាហ៍កម្មធំៗ និងតារាបូលីវូដល្បីៗរស់នៅ បានបង្ហាញភាពភ្ញាក់ផ្អើលខ្លាំងនៅពេលឃើញស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់នោះ។ មានអ្នកថ្មើរជើង និងអ្នកបើករថយន្ត ជាច្រើននាក់កំពុងតស៊ូធ្វើដំណើរឆ្លងកាត់ទឹកជំនន់ដ៏ជ្រៅត្រឹមជង្គង់របស់ពួកគេ។ ចំណែកនាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថាកម្លាំងខ្យល់បក់ក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេរំពឹងថានឹងបក់បោកបន្ថែមនៅភាគខាងត្បូងរហូតដល់ចុងសប្តាហ៍នេះ។
មិនតែប៉ុណ្ណោះរដ្ឋបាល Tamil Nadu បាននិយាយថាទូកចំលងជាង ២០០ទូក និងកម្លាំងក្រុមជួយសង្រ្គោះបានឆ្លើយតបនឹងបញ្ហាគ្រោះមហន្តរាយនេះ ដោយដាក់ពង្រាយ ហើយសាលារៀន មហាវិទ្យាល័យ និងការិយាល័យរដ្ឋាភិបាលត្រូវបិទជាបណ្តោះអាសន្ន។ គ្រោះមហន្តរាយដែលបណ្តាលមកពីទឹកជំនន់និងរអិលបាក់ដីគឺជារឿងធម្មតានៅតំបន់អាស៊ីខាងត្បូង ក្នុងនោះក៏មានប្រទេសឥណ្ឌាដែរ។ អ្នកវិទ្យាសាស្ត្រ និងអ្នកព្យាករណ៍អាកាសធាតុបានស្តីបន្ទោសលើបញ្ហាការប្រែប្រួលអាកាសធាតុបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលធ្វើឲ្យរដ្ឋនេះជន់លិចសឹងតែមិនធ្លាប់មានពីមុនមក៕
សម្រួលអត្ថបទ៖ សុផារិន្ទ