រដ្ឋបាលខេត្តព្រះសីហនុ លើកទឹក ចិត្ត និងផ្តល់ការឧបត្ថម្ភគាំទ្រគ្រប់ រូបភាព ទាំងការបំពាក់ឧបករណ៍ កីឡា នៅតាមទីសាធារណៈក្នុងគោលបំណងបំផុសទឹកចិត្តប្រជាជនស្រឡាញ់កីឡា !

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអោយដឹងថារដ្ឋបាលខេត្ត បានលើកទឹកចិត្ត និងផ្តល់ការ ឧបត្ថម្ភគាំទ្រគ្រប់រូបភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រការលេងកីឡា និងការបំពាក់ឧបករណ៍កីឡានៅតាមទីសាធារណៈ ក្នុងគោលបំណងបំផុសទឹកចិត្តប្រជាជនស្រឡាញ់កីឡា ចូលចិត្តលេងកីឡា និងការហាត់ប្រាណ ដើម្បីពង្រឹងកាយ សម្បទា និងទប់ស្កាត់ពីជំងឺផ្សេងៗទៀត ផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញបិទការ ប្រកួតកីឡាវាយសី មិត្តភាពជ្រើសរើសជើងឯកពានរង្វាន់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលធ្វើឡើងនៅទីលានវាយសី ស្ថិតក្នុងបរិវេណសាលាអនុវិទ្យាល័យសម្តេចឪ ក្រុងព្រះសីហនុ នារសៀលថ្ងៃអាទិត្យទី០៦ ខែមេសា ឆ្នាំ២០២៥ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងសមាជិក សមាជិកាក្លឹបកីឡាវាយសី SBC ក្រុងព្រះសីហនុ គណៈកម្មការរៀបចំការ ប្រកួត និងអ្នក ពាក់ព័ន្ធដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការ នៃការប្រកួតកីឡាវាយសីប្រពឹ្រត្តិទៅកាន់តែមានសុក្រឹតភាព និងទទួល បាននូវលទ្ធផលជាវិជ្ជ មានដែលយើងទាំងអស់គ្នាអាចទទួលយកបាន ព្រោះការលេងកីឡាវារមែងតែងតែមានក្រុមឈ្នះ និងក្រុមអ្នកចាញ់ ។ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ទាំងក្នុងក្របខណ្ឌបច្ចេកទេស និងការអនុវត្តនៅលើទីលាន ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡា
ការិនីរបស់យើងឱ្យកាន់តែខ្លាំងពូកែ មានថាមពលសម្រាប់ចូលរួមប្រកួតដណ្តើមយកជ័យជម្នះក្នុងការ ប្រកួតនានា។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិ បង្កើនការយកចិត្តទុកដាក់ លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ជាពិសេសយុវជនឱ្យមានសក្តានុពលផ្នែកបរិមាណ និងគុណភាព ។ វិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែ ផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីយើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមាន ការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគ យល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាព យុត្តិធម៌ ចរិយាធម៌ ។