រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់លូប្រអប់ដ៏ធំរំដោះទឹកភ្លៀងមានអង្កត់ផ្ចិត៤ម៉ែត្រផ្លូវលេខ២៣០ ប្រវែងបណ្តាយសរុបជាង១៦០ម៉ែត្រ ជំម្រៅ៣,៥ម៉ែត្រ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់លូប្រអប់ដ៏ធំរំដោះទឹកភ្លៀងមានអង្កត់ផ្ចិត៤ម៉ែត្រផ្លូវលេខ២៣០ ប្រវែងបណ្តាយសរុបជាង១៦០ម៉ែត្រ ជំម្រៅ៣,៥ម៉ែត្រ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
រដ្ឋបាលរាជធានីភ្នំពេញ ដោយមានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាសេនាធិការ បានសហការជាមួយ ក្រុមហ៊ុន Phnom Penh Precast Plants បានអនុវត្តន៍គម្រោងដាក់លូប្រអប់ដ៏ធំ មានទទឹង៤ម៉ែត្រ ប្រវែងសរុបជាង១៦០ម៉ែត្រថ្មី ដាក់ក្នុងជំម្រៅ៣,៥ម៉ែត្រ ប្រកបដោយគុណភាព សុវត្ថិភាពការងារ (សម្រេចបាន៦៥%) ក្រាល់ខ្សាច់បាត ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក នៅលើកំណាត់ផ្លូវលេខ២៣០ ចាប់ពីកែងមហាវិថី ម៉ៅសេទុង មកកែងប្រឡាយបឹងស្រឡាង ដែលជាប្រព័ន្ធលូមេធំ រំដោះការជន់លិចទឹកភ្លៀងហើយត្រូវហូឆ្ពោះមកស្ថានីយ៌បូម គឺជាយុទ្ធសាស្ត្រដ៏សំខាន់ នៃការបញ្ជៀសរំដោះការលិចទឹក តំបន់ផ្សារដើមគរ តំបន់ផ្សារនាគមាស តំបន់អាងទឹកអូរឡាំពិច តំបន់ម៉ុងឌីយ៉ា ផ្លូវលេខ២៣០ មួយផ្នែកផង ជាពិសេសរំដោះការលិចទឹកលើកកំណាត់មហាវិថី ម៉ៅសេទុង ជាដើម ។
គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធលូប្រអប់ដ៏ធំថ្មី ដ៏មានសារៈសំខាន់ផ្លូវលេខ២៣០ ប្រវែង១៦០ម៉ែត្រ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានអនុវត្តន៌តាមផែនការការងារ (សម្រេចបាន៦៥%) ប្រកបដោយសុវត្ថិភាពការដ្ឋាន និងគុណភាពការងារ ។
ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌទួលគោក សំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដាក់លូបានកំពុងអនុវត្តន៌ពេលនេះ មេត្តាយោគយល់ក្រុមការងារ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕