រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តន៍គម្រោងការដ្ឋានដាក់លូមេធំ  មានទំហំ១,៥ម៉ែត្រដ៏មានសារៈសំខាន់ មានប្រវែងសរុបជាង ២៣០០ម៉ែត្រ (សម្រេចបាន១០០%) និងបន្តចាក់បេតុងឡើងវិញ ប្រកបដោយគុណភាព សុវត្ថិភាពការងារ ខណ្ឌមានជ័យ 

គម្រោងដាក់លូមេធំអង្គត់ផ្ចិត១ម៉ែត្រកន្លះប្រវែងសរុបជាង ២៣០០ម៉ែត្រថ្មី និងកប់ខ្សាច់ ប្រកបដោយគុណភាព សុវត្ថិភាព និងបន្តចាប់ផ្តើមចាក់បេតុងឆ្អឹងដែក១២លី កម្រាស់២តឹក ទទឹង៧ម៉ែត្រថ្មី ខណ្ឌមានជ័យ របស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើកំណាត់ផ្លូវលេខ២៤BT សង្កាត់បឹងទំពន់ និងបឹងទំពន់១ ចាប់ពីកែងផ្លូវលេខ៣១BT ដល់កែងផ្លូវលេខ៨៩BTប្រឡាយមេបឹងទំពន់ស្ថានីយ៍បូម គឺជាយុទ្ធសាស្ត្រការបញ្ជៀសរំដោះការលិចទឹក ពីផ្លូវលេខ៣១BT តំបន់សាលាបឋមសិក្សាសន្សំកុសល តំបន់វត្តសន្សំកុសល តំបន់ផ្លូវលេខ២៧១ ផ្លូវលេខ៨៩ ជាពិសេសនូវភូមិសន្សំកុសល និងផ្សារ នៅរដូវវស្សាជាដើម ។

 

គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ  ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុនជំនាញ អុឹង សុីមស៊ា ខនស្ក្រាក់សិន សាលាខណ្ឌមានជ័យបានបញ្ជាក់ថា ការងារប្រព័ន្ធលូថ្មីដ៏មានសារៈសំខាន់ សង្កាត់បឹងទំពន់ និងបឹងទំពន់១ ផ្លូវលេខ២៤BT និងផ្លូវ៨៩BT  (សម្រេចបាន ១០០%) តាមផែនការ ប្រកបដោយសុវត្ថិភាពការងារ និងគុណភាព ។

 

សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសាលាខណ្ឌមានជ័យសំណូមពរដល់ប្រជាពលរដ្ឋ ពេលការដ្ឋានដាក់លូបានបញ្ចប់នាពេលនេះ សូមចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងផ្លូវនេះមេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕