រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២

នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២។

វគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ គឺជាការគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រយៈពេល ១០ថ្ងៃផ្តល់នូវជំនាញគ្រប់គ្រាន់ច្បាស់លាស់ដល់សិក្ខាកាមទាំងអស់ ប្រែក្លាយទៅជាបុគ្គលខ្លាំងប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គង់កម្លាំងពលកម្ម បានតាមសេចក្តីប្រាថ្នានៃសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។

ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា វគ្គវិក្រឹតការនេះបានប្រពឹត្តទៅគឺស្របតាមគោលនយោបាយនិតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស អនុវត្តកញ្ចប់ស្តង់ដា បណ្តុះបណ្តាល ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់ សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។

ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិក្ខាកាមជាគ្រូបច្ចេកទេស ចំនួន១៥០នាក់ ,វាគ្មិនជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគ្រឹះស្ថានទាំង៣៧ ក្រោមការដឹកនាំរបស់ក្រសួង ដែលរួមសហការជាមួយអគ្គនាយកដ្ឋានTVET និងការធ្វើបទបង្ហាញដ៏មានតម្លៃដល់សិក្ខាកាម ជាពិសេស វិន័យ ការគ្រប់គ្រងថ្នាក់សិក្សា គ្រូបច្ចេកទេស តាមដាននិងវាយតម្លៃគុណភាពសិក្សា ក្នុងវគ្គវិក្រឹតការនេះ។ ឯកឧត្តម បានប្រគល់នូវលិខិតថ្លែងអំណរគុណដល់ស្ថាប័ន និងក្រុមហ៊ុន ដែលបានចំនាយពេលធ្វើជាវាគ្មិន, ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ប្រមាណ 245 នាក់ និងថតរូបទុកជាអនុស្សាវរីយ៍ ផងដែរ។ 

វគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ នេះ មិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាព និងគុណភាពជាចម្បងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកលើកកម្ពស់ និងគុណតម្លៃនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ និងជ្រើសរើសរៀនវគ្គបណ្តុះបណ្តាលជំនាញ បច្ចេកទេសស្របតាមស្តង់ដាជាតិ និងតំបន់៕