រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំរុញឱ្យគ្រប់អនុគណៈកម្មការពន្លឿនការងាររៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឱ្យទាន់ពេលវេលា និងឱ្យមានភាពទាក់ទាញ
យោងតាមស្មារតីកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត បានបញ្ជាក់ថា គ្រប់អនុគណៈកម្មការទាំងអស់អនុវត្តការងាររបស់ខ្លួនសម្រេចបានរង្វង់៤៥%ហើយ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យគ្រប់អនុគណៈកម្មការត្រូវពន្លឿនការងាររៀបចំឱ្យរួចរាល់ទាន់ពេលវេលា និងមានភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មការអន្តរក្រសួងបានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាព ការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ក្រោមគណៈអធិបតីរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃអនុគណៈកម្មការទាំងអស់ផងដែរ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃក្រសួងទេសចរណ៍បានបញ្ជាក់ថា អនុគណៈកម្មការនីមួយៗបានខិតខំបំពេញការងារបានល្អ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះមានភាពសំបូរបែប និងទាក់ទាញជាងឆ្នាំមុនៗ។ ហើយក្នុងនោះ ការងារខ្លឹមសារ ការងារផ្សព្វផ្សាយ ការងាររៀបចំស្តង់ពិព័រណ៍បុណ្យសមុទ្រ ការងារសិល្បៈតន្ត្រី ការងារកីឡា ការងារសន្តិសុខសណ្តាប់ធ្នាប់ និងការងារសង្គ្រោះបន្ទាន់ជាដើម ត្រូវបានត្រៀមរៀបចំផែនការរួចរាល់ និងអនុវត្តបាន ប្រមាណរង្វង់ ៤៥%ហើយ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក កន្លងទៅនេះ ជាមោទនភាពជាតិមួយ ដែលកម្ពុជារៀបចំបានយ៉ាងល្អទាំងសោភ័ណភាព សុវត្ថិភាព និងភាពសប្បាយរីករាយ ហើយនៅក្នុងរយៈពេល ៣ថ្ងៃ ដោយមានភ្ញៀវទេសចរមកទស្សនាកម្សាន្តប្រមាណជិត ៨លាននាក់ ក្នុងនោះទេសចរអន្តរជាតិ ៨៩ ២៩៦នាក់។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូខាងមុខនេះ ឯកឧត្តមរដ្ឋមន្ត្រីថានឹងរៀបចំឱ្យចេញជាលក្ខណៈចម្រុះជាតិសាសន៍ ទាំងអ្នកចូលរួម ស្តង់ពិព័រណ៍ និងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗជាដើម ដើម្បីបន្តផ្សព្វផ្សាយកម្ពុជាទៅលើឆាកអន្តរជាតិមួយកម្រិតបន្ថែមទៀត។ ដូច្នេះអនុគណៈកម្មការទាំងអស់ ត្រូវពន្លឿនការងាររបស់ខ្លួនឱ្យបានរួចរាល់ឆាប់រហ័សនិងទាន់ពេលវេលាដែលបានកំណត់។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា សម្រាប់អាជ្ញាធរខេត្ត គឺបានរៀបចំតុបតែងលម្អក្រុងរួចរាល់អស់ហើយ រង់ចាំតែការណែនាំដើម្បីដំឡើងខ្លោងទ្វារស្វាគមន៍ពិធីបុណ្យសមុទ្រចំនួន ៣កន្លែង ដែលមាននៅលើផ្លូវជាតិលេខ៣ ចូលមកក្រុងកំពត ក្នុងនោះផ្លូវចូលពីខេត្តព្រះសីហនុមកក្រុងកំពត១ ផ្លូវចូលពីភ្នំពេញមកក្រុងកំពត១ និងផ្លូវជាតិលេខ៣៣ ពីខេត្តកែបចូលមកក្រុងកំពត១ ប៉ុណ្ណោះ។
បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ពេលវេលាក្នុងការរៀបចំបុណ្យសមុទ្រនៅតែរក្សាដដែល ប៉ុន្តែកម្មវិធីបើកជាផ្លូវការនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត។ ហើយកិច្ចប្រជុំដូចគ្នានេះនឹងធ្វើឡើងចុងក្រោយម្តងទៀតនៅថ្ងៃទី៥ ខែធ្នូខាងមុខ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត