រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា

វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតផលស្បែក និងកាបូបកម្ពុជាឆ្នាំ ២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ប្រកបដោយចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់ និងមានលក្ខណៈពិសេស។ នេះជាប្រសាសន៍លើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធី ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំ របស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ។

លោកជំទាវរដ្ឋមន្ត្រី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសមាគមនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលចូលរួមយ៉ាងសកម្មជាមួយ ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចពិគ្រោះយោបល់នៅពេលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សិក្ខាសាលា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងវេទិកាធុរកិច្ចនានា ក្នុងការអភិវឌ្ឍ និងជំរុញការនាំចេញ ផលិតផលធ្វើដំណើរ និងវត្ថុធ្វើពីស្បែកនៅកម្ពុជា «ផលិតនៅកម្ពុជា – Made in Cambodia» ទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

លោកជំទាវ បានលើកទឹកចិត្តឱ្យសមាគម បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា ព្រមទាំងការពង្រឹងគុណភាព ការកសាងកេរិ៍្តឈ្មោះ និងនវានុវត្តន៍ផលិតផលផងដែរ។

ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ឧកញ៉ា លឹម តុង បានឲ្យដឹងដែរថា ទិសដៅការងារសម្រាប់ឆ្នាំខាងមុខនេះ សមាគមនឹងពង្រឹងក្រុមការងារវិនិយោគ ដោយបង្កើនទស្សនកិច្ចទៅកាន់តំបន់គោលដៅ ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ ក្នុងគោលបំណងទាក់ទាញការបណ្តាក់ទុនថ្មីៗនៅកម្ពុជាបន្តទៀត និងពង្រឹងយន្តការផ្សព្វផ្សាយព័ត៌មានពិត ព័ត៌មានវិជ្ជមានស្តីអំពីស្ថានភាពនយោបាយសេដ្ឋកិច្ចនិងវិនិយោគ ដល់វិនិយោគិនឲ្យកាន់តែទូលំទូលាយនិងខ្លាំងក្លា។ បន្ថែមពីនេះ ក៏នឹងបន្តការធ្វើសិក្ខាសាលាដោយឥតគិតថ្លៃ ដើម្បីពញ្រ្ជាបព័ត៌មាន ច្បាប់វិធានថ្មីៗបំផុតដល់សមាជិក និងអ្នកវិនិយោគជាដើម។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសសមាគម សង្ឃឹមថា សម្រាប់ការនាំចេញវិស័យកាត់ដេរខាងផ្នែកផលិតផលធ្វើដំណើរ កាបូប និងស្បែក នៅឆ្នាំ២០២៥ខាងមុខ នឹងមានសញ្ញាវិជ្ជមានកើនឡើងបន្តទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ច ក៏ដូចជានយោបាយកម្ពុជារក្សាបាននូវភាពល្អប្រសើរ និងម៉្យាងទៀត អ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុកចិត្តខ្ពស់មកកាន់កម្ពុជា ។

សូមបញ្ជាក់ជូនថា នៅក្នុងកម្មវិធី ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជានេះដែរ ក៏មានការផ្លាស់ប្តូរអនុស្សរណៈនៃកាយោគយល់គ្នារបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ ក៏ដូចជាការនាំចេញឱ្យកាន់តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ៕