រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និង អនុរដ្ឋមន្ត្រី រដ្ឋបាលជាតិ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានជួប ប្រជុំប្រចាំឆ្នាំលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ រួមទាំងកិច្ចសហការផ្លាស់ប្តូរព័ត៌មានរបស់ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា ចិន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនូវការការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយ វិទ្យុ និងទូរទស្សន៍ ព្រមទាំងកិច្ចសហប្រតិបត្តិការលើប្រពន្ធ័ផ្សព្វផ្សាយ និងការបណ្តុះបណ្តាលមន្ត្រីជំនាញ រួមជាមួយដំណើរទស្សនៈកិច្ចផ្នែកកិច្ចការប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសទាំងពីរ ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ពីសកម្មភាពប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។
គិតត្រឹមឆ្នាំ២០២៤នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានចុះបញ្ជីការនៅក្រសួងព័ត៌មានកម្ពុជា មានគេហទំព័រចំនួន ៨ កាសែត ១អង្គភាព ទីភ្នាក់ងារសារព័ត៌មានចិន ៥អង្គភាព និងសមាគមសារព័ត៌មានចិន ១ អង្គភាព ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន កម្ពុជា ចិន បានល្អប្រសើរថែមមួយកំរិតទៀត ។
ការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ ជាមួយ ឯកឧត្តម យ៉ាង កួយួយ អនុរដ្ឋមន្ត្រី រដ្ឋបាលជាតិ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ( NRTA) នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា ក្រសួងព័ត៌មានកម្ពុជា បានទទួលការគាំទ្រតាមរយៈមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ដើម្បីពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ការផ្លាស់ប្តូរមាតិកាផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ ។
ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានគូសបញ្ជាក់ ថា កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យុ និងទូរទស្សន៍ រួមទាំងប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ ដ៏ទៃទៀតរវាងក្រសួងព័ត៌មានកម្ពុជា និង រដ្ឋបាលជាតិ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នាពេលកន្លងមក និងទិសដៅផែនការទៅមុខ ទៀត គឺស្របជាមួយចក្ខុវិស័យដ៏រឹងមាំនៃទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល ៦៦ឆ្នាំ ស្របតាមស្មារតី «មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី» ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងទិសដៅពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការពិតនៅកម្ពុជាទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោកបានយល់ឃើញកាន់តែច្បាស់បន្ថែមទៀត។
ឯកឧត្តម យ៉ាង កួយួយ អនុរដ្ឋមន្ត្រី រដ្ឋបាលជាតិ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសំដែងនូវមោទនភាពដែលបានឃើញពីកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អក្នុងរយៈពេលកន្លងមករវាង ក្រសួងព័ត៌មានកម្ពុជា និងប្រពន្ធ័ផ្សព្វផ្សាយនានារបស់ រដ្ឋបាលជាតិ វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ហើយ ក៏បានដាក់ចេញនូវផែនការសកម្មភាពថ្មីៗបន្ថែមទៀតដើម្បីអោយស្របតាមការវិវឌ្ឍរីកចម្រើន នៃបច្ចេកវិទ្យាDigital នាពេលបច្ចុប្បន្ននេះ ។ ឯកឧត្តម អនុរដ្ឋមន្ត្រី ក៏បានសំដែងនូវការរីករាយដោយកិច្ចសហការគ្នានេះ បានបន្តឈានទៅធ្វើការចុះហត្ថលេខាលើអនុស្សរណៈលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យុ និងទូរទស្សន៍ រវាងក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន ដើម្បីបណ្តុះឡើងនូវតូនាទីរបស់ខ្លួនក្នុងការដឹកនាំតម្រង់ទិស កសាងមាតិកា សម្របសម្រួលធនធាន និងប្រមូលកំលាំងរួមក្នុងការលើកកម្ពស់លើផ្អែកជាគោលដៅ ប្រសិទ្ធិភាព និងសកម្មភាពផ្លាស់ប្តូរឈានទៅភាពរីកចម្រើនបន្ថែមទៀតលើវិស័យផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ ។
ជាមួយនេះក៏ជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើការផលិតមាតិកា ហើយរួមគ្នានិទ្ទានរឿងស្តីពីការកសាងសហគមរួមវាសនាតែមួយ រវាងប្រទេសទាំងពីរចិន កម្ពុជា អោយកាន់តែល្អបន្ថែម ទៀត ។ ជាមួយនេះ រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងព័ត៌មានកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការអោយកាន់តែសុីជម្រៅលើកម្មវិធីល្ខោនទូរទស្សន៍ និងវិទ្យុចិន, វិទ្យុមិត្តភាពកម្ពុជា ចិន ទស្សនៈចិន ទស្សនៈខ្មែរ រឿងនិទ្ទានកម្ពុជា ចិន និងការប្រកួតការបញ្ចាំងវីដេអូខ្លីជាដើម ដើម្បីជម្រុញចាក់ផ្សាយស្នាដៃដ៏ល្អ ដែលជាការបង្កើននូវចំណងមិត្តភាព និងការយល់ដឹងពីគ្នាទៅវិញបទៅមក លើកទឹកចិត្តគាំទ្រការបង្កើតនិងចាក់ផ្សាយវីដេអូឯកសារដែលបានផលិតរួមគ្នា៕