រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងអនុប្រធានអចិន្ត្រៃយ៍គណៈឃោសនាអប់រំ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសពីរដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និង ឯកឧត្តម ឡាយ សួនម៉ូន សមាជិកគណៈ​កម្មាធិការកណ្តាលមជ្ឈិម អនុប្រធានអចិន្ត្រៃយ៍គណៈឃោសនាអប់រំ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត​វៀតណាម បានបញ្ជាក់ពីជំហរក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មាន។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរជាពិសេសលើការបណ្តុះបណ្តាលបច្ចេកទេស និងការពង្រឹងសមត្ថភាព។

ការគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាមួយ ឯកឧត្តម ឡាយ សួនម៉ូន សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈិម អនុប្រធានអចិន្ត្រៃយ៍គណៈឃោសនាអប់រំ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន បាននឹងកំពុងរៀបចំយុទ្ធនាការទូទាំងប្រទេស ក្រោមប្រធានបទ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងបង្កើនការយល់ដឹងដល់ពលរដ្ឋ ទាក់ទងនឹងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនោះ នឹងផ្សព្វផ្សាយជាសាធារណៈ ពីវិធានការទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព និងការចែករំលែកព័ត៌មានជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនដែរថា កាលពីកំឡុងនៃពិធីបិទ”កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហា​សន្និបាត​លេីកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ” របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ី ឯកឧត្តម បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក (AIBD) ចូលរួមជាមួយកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ យ៉ាងច្រើន។

ឯកឧត្តម ឡាយ សួនម៉ូន បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យព៏ត៌មាន និងសោតទស្សន៍ ។ ទាក់ទងកិច្ចការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឯកឧត្តម ប្រធាន​គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបញ្ជាក់ពីការគាំទ្រ និងការចូលរួមដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបានគោលដៅរួមក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយពីតំបន់របស់យើង។

ឆ្លៀតនៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះដែរ ឯកឧត្តម ឡាយ សួនម៉ូន បានគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា រួមទាំងគណៈប្រតិភូក្រសួងព័ត៌មាន ទៅបំពេញទស្សនៈកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអោយកាន់តែល្អប្រសើរបន្ថែមទៀតលើវិស័យព័ត៌​មានរវាងវៀតណាម កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលយកនូវការស្នើពីភាគីវៀតណាម ដើម្បីអញ្ជើញទៅបំពេញទស្សនៈកិច្ចក្នុងពេលវេលាសមគួរណាមួយនាពេលខាងមុខ៕