រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្តជួបពិភាក្សាការងារដោយផ្តោតសំខាន់លើគម្រោងនៃកិច្ចសហប្រតិបត្តិការគ្នាក្នុងទិសដៅបង្កើនការបណ្តុះ បណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាអោយកាន់តែមានគុណភាព និងវិជ្ជាជីវៈត្រឹមត្រូវ
នៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជំទាវ ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន បានលើកយកនូវចំណុចសំខាន់ៗមួយចំនួនដើម្បីឈានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាបានកាន់តែរឹងមាំ និងមានគុណភាព និងសមត្ថភាពល្អប្រសើរបន្ថែមទៀត។
លោកជំទាវ ទេព កូលាប បានជម្រាបជូនពីកិច្ចការងាររួម និងភាពរីកចម្រើនរបស់ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ PPIU ព្រមទាំងសកម្មភាពនានាការងារចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅលើវិស័យជាច្រើន រួមជាមួយវិស័យព័ត៌មានផងដែរ ។
មឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនដែរថា កាលពីដើមខែធ្នូ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានប្រកាសអោយដំណើរការឡើងវិញនូវ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹត្យការ របស់ក្រសួង ដែលបានដើរតូនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាក្នុងពេលកន្លងទៅនេះ ។ ការបើកដំណើរការឡើងវិញ នូវ មណ្ឌលបណ្តុះបណ្តាលនិងវិក្រឹត្យវិជ្ជាជីវៈសារព័ត៌មាន គឺជាការបើកទូលាយសម្រាប់បងប្អូនអ្នក សារព័ត៌មាន (journalist) និងអ្នកកាសែតប្រជាជន (citizen journalist) ដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីដើម្បីពង្រឹងសមត្ថភាព វិជ្ជាជីវៈរបស់ខ្លួនអោយបានល្អប្រសើរជាងមុន ។ តាមរយៈនៃកិច្ចពិភាក្សាការងារជាមួយគ្នានាឱកាសនេះ អាចនឹងឈានទៅរកកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដើម្បីជាស្នាលដ៏រឹងមាំមួយក្នុងការចូលរូមបណ្តុះបណ្តាលវិជ្ជាជីវៈសារព័តមាន មានគុណភាព និងសមត្ថភាពក្នុងការបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ ៕