រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជួបប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្ដុះបណ្ដាលជំនាញ ក្របខណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាព គុណភាព និងវិជ្ជាជីវៈដល់អ្នកសារព័ត៌មានអោយបានកាន់តែរឹងមាំបន្ថែមទៀត

    នៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្ដុះបណ្ដាលជំនាញ ក្របខណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍ រវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជំទាវ ទេព កូលាប ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន បានលើក យកនូវចំណុចសំខាន់ៗមួយចំនួនដើម្បីរួមគ្នាឈានទៅធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាបានកាន់តែរឹងមាំ មានគុណភាព និងសមត្ថភាពល្អប្រសើរបន្ថែមទៀត។

   កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្ដុះបណ្ដាលជំនាញ ក្របខណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍ រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បានធ្វើការចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការលើកម្មវិធីបណ្តុះបណ្តាលជំនាញក្របខ័ណ្ឌវិស័យព័ត៌មាន និងសោតទស្សន៍ កាលពីនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ហើយអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោល បំណងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូ រវាងស្ថាប័នរដ្ឋ និងឯកជន សំដៅលើការរួម ចំណែកលើកកម្ពស់វិស័យព័ត៌មាន តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន ប្រកបដោយគុណវឌ្ឍ កម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង និងកម្រិតវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា ។

   ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា កិច្ចសហការរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ គឺដើម្បីបណ្តុះបណ្តាលជំនាញសារព័ត៌មាន ដោយមិនត្រឹម តែការសរសេរអត្ថបទកាសែតតែមួយមុខនោះទេ គឺទាក់ទងកិច្ចការងារវិទ្យុ ទូរទស្សន៍ ប្រពន្ធ័ Digital ការគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាន ផ្នែកទំនាក់ទំនងសាធារណៈ អ្នកនាំពាក្យ មន្ត្រីព័ត៌មាន រួមទាំងផ្នែកបច្ចេកទេសសម្រាប់បំពេញការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ៕