រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់លើគម្រោងថ្មីដើម្បីគាំទ្រដល់កាអភិវឌ្ឍសហគមន៍នៅក្នុងខេត្តក្រចេះ តាមរយៈគម្រោងផ្តល់លទ្ធផលរហ័សដល់សហគមន៍ (QIP) ជាជំនួយឥតសំណងរបស់សាធារណរដ្ឋឥណ្ឌាសម្រាប់កម្ពុជា

( ភ្នំពេញ ) ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌាកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការបន្តគាំទ្រកម្ពុជារបស់រដ្ឋាភិបាលឥណ្ឌា សម្រាប់ក្រសួងព័ត៌មាន ដោយពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដែលសហគមន៍មូលដ្ឋានកំពុងជួបប្រទះ។ កន្លងទៅមិត្តឥណ្ឌាក៏បានគាំទ្រការងារដ៏មានតម្លៃក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ណសារឌីជីថលជាតិ និងមជ្ឈមណ្ឌលទូរគមនាគមន៍សហគមន៍ (CTCs)។

គំនិតផ្តួចផ្តើមផ្តល់មជ្ឈមណ្ឌលដែលមានសារៈប្រយោជន៍នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល និងបង្កើនលទ្ធភាពទទួលបានព័ត៌មាននៅកម្រិតសហគមន៍ថែមទៀតផង។

បន្ទាប់ពីជំនួបពិភាក្សាគ្នារួចមក ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និង ឯកអគ្គរដ្ឋទូតឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ថ្មីទាក់ទងនឹង ជំនួយឥតសំណងរបស់សាធារណរដ្ឋឥណ្ឌាសម្រាប់ការអនុវត្តគម្រោងផ្តល់លទ្ធផលរហ័សដល់សហគមន៍ (QIP) ដែល

គម្រោងនេះគឺជាការបន្ថែមនូវការគាំទ្រដល់សាលារៀនតាមសហគមន៍ដូចជាទី១ ការកែលម្អលទ្ធផលអប់រំ និងលទ្ធភាពប្រើប្រាស់៖ រួមមាន ការចែកកង់ដល់សិស្សានុសិស្ស , តាមដានអត្រាចូលរួមការអនុវត្តការសិក្សា ចំនួននៃអត្រាបោះបង់ការសិក្សា និងមតិកែលម្អរបស់សិស្ស ដើម្បីវាយតម្លៃឥទ្ធិពលនៃគម្រោង, ពង្រឹងស្មារតីទទួលខុសត្រូវ និងឯករាជ្យភាពរបស់សិស្សានុសិស្ស។ ទី២. ផ្តោតសំខាន់លើសុខភាព សុខុមាលភាព និងនិរន្តរភាព រួមមាន៖ សុខភាព សុខុមាលភាព និងនិរន្តរភាព , កាត់បន្ថយថ្លៃធ្វើដំណើរ, ការលើកទឹក ចិត្តដល់ការហាត់ប្រាណឲ្យបានទៀងទាត់ និងធ្វើអោយប្រសើរឡើងជាមួយនឹងសម្បទា និងការលើកកម្ពស់ជម្រើសនៃការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងព័ត៌មានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគម្រោងដែលបានអនុម័តថ្មីដោយរដ្ឋាភិបាលឥណ្ឌា ក្នុងការគាំទ្រសហគមន៍សម្រាប់សាលារៀន និងគំនិតផ្តួចផ្តើមថាមពលពន្លឺព្រះអាទិត្យសម្រាប់ការទទួលបានព័ត៌មាន និងចំណេះដឹង ដែលគម្រោងទាំងពីរនេះ នឹងត្រូវបានអនុវត្តនៅក្នុងខេត្តក្រចេះ។ គម្រោងទាំងនេះមានប្រសិទ្ធភាពដើម្បីដោះស្រាយតម្រូវការសហគមន៍សំខាន់ៗ ដោយជួយសម្រួលដល់ការដឹកជញ្ជូនសិស្សានុសិស្សទៅសាលារៀន និងកែលម្អភ្លើងបំភ្លឺតាមខ្នងផ្ទះ និងទីសាធារណៈ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ដែលបានប្តេជ្ញាចិត្តរបស់ខ្លួនសម្រាប់គំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) ដែលបន្តផ្តល់ផលឥទ្ធិពលដ៏មានអត្ថន័យសម្រាប់ការអភិវឌ្ឍន៍តំបន់ជនបទនៅកម្ពុជា។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) គឺជាគំនិតផ្តួចផ្តើមអន្តររដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ ២ ០០០ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍ចំនួន៥ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ កិច្ចសហប្រតិបត្តិការនេះត្រូវបានគេដាក់ឈ្មោះតាមឈ្មោះទន្លេមេគង្គក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ទន្លេ Ganga ក្នុងប្រទេសឥណ្ឌាដែលជានិមិត្តរូបនៃទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រឹងមាំរវាងតំបន់ទាំងនោះ៕