រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បញ្ជាក់ថា ការលើកកម្ពស់ និងការអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញ ការអភិវឌ្ឍប្រព័ន្ឋគាំពារសង្គម ជាវិស័យអាទិភាព

កឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ បានបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញ ការអភិវឌ្ឍប្រព័ន្ឋគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដែលជាអាទិភាពមួយ កំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺការផ្តោតលើការបន្តអភិវឌ្ឍប្រព័ន្ឋគាំពារសង្គម តាមអភិក្រមហានិភ័យនៃវដ្តជីវិត ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់”។
ឯកឧត្តម ជា សុមេធី ថ្លែងបែបនេះ ក្នុងឪកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួង ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម David Lammy រដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេស នៅទីក្រុងឡុង ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅ និងបានចែករំលែកនូវព័ត៌មានអំពីការអភិវឌ្ឍប្រទេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពស្វាហាប់របស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងក្របខ័ណ្ឌកិច្ចការពារកុមារ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាពជាតិនានា ក្នុងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានការប្តេជ្ញាខ្ពស់ និងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីជាក់លាក់ ដើម្បីកែលម្អការថែទាំជំនួស ការកាត់បន្ថយចំនួនមណ្ឌល និងចំនួនកុមាររស់នៅក្នុងមណ្ឌលថែទាំ និងលើកកម្ពស់ការថែទាំនៅតាមគ្រួសារនៅក្នុងសហគមន៍។
ឯកឧត្តម David Lammy បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ការចែករំលែកបទសោធន៍ការងារពាក់ព័ន្ធកិច្ចការពារកុមារ ការលើកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ និងការកាត់បន្ថយកុមារពីមណ្ឌលថែទាំជំនួសនៅកម្ពុជា។ ឯកឧត្តម បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលនៃការអនុវត្តកម្មវិធីថែទាំជំនួសចំពោះកុមារនៅក្នុងគ្រួសាររបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ផងដែរថា ឯកឧត្តមរដ្ឋមន្ត្រី David Lammy បាននិងកំពុងដឹកនាំយុទ្ធនាការកាត់បន្ថយមណ្ឌលថែទាំកុមារនៅលើពិភពលោក ។ ហេតុដូចនេះ ឯកឧត្តម បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីការងារ និងបទសោធន៍ពាក់ព័ន្ធនឹងការលើកកម្ពស់ការថែទាំជំនួសចំពោះកុមារនៅក្នុងគ្រួសារ ដែលឈានទៅកាត់បន្ថយមណ្ឌលថែទាំ។