រដ្ឋមន្ត្រីក្រសួងអធិការកិច្ច៖ ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ និងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ 

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការងារអធិការកិច្ច ពិតជាមានភាពចាំបាច់ និងពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តកែទម្រង់ស៊ីជម្រៅ  ទូលំទូលាយ មានសង្គតភាព ដែលនឹងផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និង សមត្ថភាពស្ថាប័ន ការបង្កើតបរិយាកាសអំណោយផល សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងសង្គមឌីជីថល ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួមគ្នាគឺ៖ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ»។ ដូច្នេះ ដើម្បីសម្រេចឱ្យបានលទ្ធផលជាអតិបរមាស្របទៅតាមចក្ខុវិស័យ និងបេសកកម្ម ជាយុទ្ធសា  ស្ត្រដែលបានលើកឡើងខាងលើ ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍បញ្ជាក់ថា យើងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ត្រូវជំរុញសាមគ្គីភាពជាធ្លុងមួយ សំដៅសម្រេចឱ្យបាន រួមមាន៖

ទី១- ត្រូវចូលរួមរក្សាទុកនូវសមិទ្ធផលចាស់ និងកសាងសមិទ្ធផលថ្មី៖ ថ្នាក់ដឹកនាំជំនាន់មុន បានខិតខំប្រឹងប្រែងកសាងសមិទ្ធផលជាច្រើន អស់រយៈពេលជាង៤០ឆ្នាំ នៅក្នុងវិស័យ អធិការកិច្ចនេះ ដែលយើងទាំងអស់គ្នាត្រូវប្រឹងប្រែងថែរក្សា និងបន្តខិតខំអភិវឌ្ឍបន្ថែម និងធ្វើការកែទម្រង់ស្ថាប័ន បង្កើនសមត្ថភាព ពង្រឹងគុណភាព និងធ្វើទំនើបកម្មស្ថាប័ន ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ក៏ដូចជាប្រែក្លាយស្ថាប័នជារដ្ឋបាលសាធារណៈ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង និងស្អាតស្អំ។ ទី២- សុខដុមនីយកម្មនៃមុខងារអធិការកិច្ច នៅក្នុងរដ្ឋបាលសាធារណៈ ដោយសហការរៀបចំយន្តការត្រួតពិនិត្យ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ។ ទី៣- ការបន្តលើកកម្ពស់ និងពង្រឹងស្ថាប័ន ដោយដាក់ចេញនូវអភិក្រមការងារ និង ប្រព័ន្ធការងារមួយដែល មានស្តង់ដារច្បាស់លាស់។ ក្រសួងនឹងផ្តោតទៅលើ (១) ការកសាងមូលធនមនុស្ស ដោយពង្រឹងសមត្ថភាពមន្ត្រីឱ្យមានមនសិការ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្តិសមជាទីពឹងរបស់ប្រជាពលរដ្ឋ (២)ពង្រឹងការអនុវត្តតួនាទីអធិការកិច្ចឱ្យបានទូលំទូលាយ ស្មើភាព និងមិនរើសអើង ប្រកបដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ដោយផ្អែកលើច្បាប់ជាធំ តាមអភិក្រមទាំង៥ របស់សម្តេចតេជោ គឺ”ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» (៣) ពង្រឹងយន្តការតាមដានការអនុវត្ត ច្បាប់គោលនយោបាយ និងបទបញ្ជាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីវាយតម្លៃការ អនុវត្តគោលនយោបាយ វឌ្ឍនភាព និងសមិទ្ធកម្ម ធានាបានការបម្រើសេវាជូនប្រជា ពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈ (៤)បន្តពង្រឹងយន្តការដោះស្រាយបណ្តឹង របស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយរៀបចំវិធីសាស្ត្រងាយស្រួលសម្រាប់ទទួលពាក្យប ណ្តឹង។ ទី៤- ការបន្តការកសាងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ដូចជា ច្បាប់ស្តីពីអធិការកិច្ច ច្បាប់ស្តីពីបណ្ដឹងតវ៉ា និងបណ្តឹងបរិហារ គោលនយោបាយជាតិអធិការកិច្ច ស្តង់ដារអធិការកិច្ច គោលការណ៍ប្រតិបត្តិស្តង់ដារនៅក្នុងវិស័យអធិការកិច្ច និងបណ្តឹង ក្រមសីលធម៌ វិជ្ជាជីវៈ សម្រាប់បម្រើឱ្យវិស័យអធិការកិច្ចឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវពន្លឿន សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច។ ទី៥- ការពង្រឹង និងពង្រីកបណ្តុះបណ្តាលធនធានមនុស្ស ទាំងផ្នែកជំនាញ ផ្នែកជំនាញទន់ និងជំនាញបច្ចេកវិទ្យាឌីជីថល ដោយបន្តពង្រឹងវិទ្យាស្ថានជាតិអធិការកិច្ចដែលជា សេនាធិការក្នុងការអនុវត្ត ផែនការនេះ ។ និងទី៦- ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាឱ្យបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុង ដោយស្មារតីភាតរភាព យោគយល់អធ្យាស្រ័យ ពិភាក្សា និងគោរពគ្នាទៅវិញ ទៅមក ក្នុងគោលដៅពង្រឹងភាពថ្លៃថ្នូរ ក៏ដូចជាឧត្តមភាពស្ថាប័ន ដើម្បីបន្តជាស្ថាប័ នគន្លឹះ និងជាកាតាលីករក្នុងការជំរុញអភិបាលកិច្ចសាធារណៈ និងឯកជន ដែលមាន លក្ខណៈល្អ ប្រសិទ្ធភាព និងតម្លាភាព។

តាមរបាយការណ៍សង្ខេបរបស់ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានជម្រាបជូនថា ក្រសួងអធិការកិច្ច មានអគ្គនាយកដ្ឋានចំនួន៣ រួមមាន៖ អគ្គនាយកដ្ឋានអធិការកិច្ច អគ្គនាយកដ្ឋានទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ។ក្រសួងមានមន្ត្រីរាជការសរុបចំនួន៨០២នាក់ ក្នុងនោះក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល មានចំនួន៧៣៨នាក់ មន្ត្រីក្រមការមានចំនួន៣៦នាក់ លេខារដ្ឋបាលមានចំនួន២៨នាក់។ លើការងារកិច្ចការសហប្រតិបត្តិការ៖ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងបានចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងមុខងារសាធារណៈ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មន្ទីរពេទ្យកេតុមាលា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងពេលថ្មីៗនេះ បានចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លើការងារបណ្តុះបណ្តាលវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ ដោយឡែក ក្នុងក្របខណ្ឌអន្តរជាតិ យើងបានចុះអនុស្សារណៈនៃការយោគយល់ ជាមួយអធិការកិច្ចរាជរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបាននឹងកំពុងពិភាក្សាដើម្បីឈានទៅចុះអនុស្សារណៈនៃការយោគយល់ ជាមួយគណៈកម្មការជាតិត្រួតពិនិត្យនៃសាធារណរដ្ឋប្រជាមានិតចិន និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតផងដែរ៕