រដ្ឋមន្ត្រីសុខាភិបាល÷ ការបរិច្ចាគឈាម គឺមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន ថ្លែងបញ្ជាក់យ៉ាងដូច្នោះ នៅក្នុងខណៈពេលដែលឯកឧត្តមបានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥មុននេះ។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមទាំងអស់ ដើម្បីដឹងពីសុខទុក្ខ និងស្វែងយល់ពីការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្រ្តី ដោយបានណែនាំត្រូវពង្រឹង និងពង្រីកសមត្ថភាពខ្លួន តាមរយៈការបណ្តុះបណ្តាលបន្ថែម។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខប្រជាពលរដ្ឋ ដែលអញ្ជើញមកផ្តល់ឈាមដោយស្ម័គ្រចិត្ត និងបានអំពាវនាវដល់សមាជិកក្រុមគ្រួសារ សូមបង្កើនជាសកម្មភាពដ៏ប្រពៃណីបន្ថែមទៀត ក្នុងការបង្កើតជាទម្លាប់ជាប្រចាំក្នុងការបរិច្ចាគ ហើយការបរិច្ចាគឈាម គឺមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ។ ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ សូមបង្កើនការសាមគ្គីគ្នា សហការគ្នា យល់យោគគ្នា ចេះសន្តោស និងបំពេញភារកិច្ចការងាររបស់ខ្លួនដោយទឹកចិត្ត ស្នាមញញឹមគ្រប់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អបន្ថែម ដើម្បីបង្កើនសោភ័ណ្ឌភាពកន្លែងបរិច្ចាគឈាម ឱ្យមានភាពរស់រវើក ជាពិសេសបង្កើនការ ទុកចិត្ត ទាក់ទាញ កក់ក្តៅ ទើបមានការចូលរួមបរិច្ចាគឈាមបន្តទៀត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសាន៍ជាគន្លឹះមួយចំនួន ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិ ដោយត្រូវ៖
– រៀបចំផែនការធ្វើនវានុវត្តន៍ ក្នុងការទទួលអំណោយឈាម និងការអប់រំផ្សព្វផ្សាយ
– លើកកម្ពស់ការបរិច្ចាគឈាមស្ម័គ្រចិត្ត លើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមទៀងទាត់ និងបង្កើនការចូលរួមស្ម័គ្រចិត្តពីអ្នកបរិច្ចាគឈាមថ្មី បន្ថែមទៀត
– បង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន អង្គការ សមាគម វិស័យឯកជន សប្បុរសជន
– ត្រូវបង្កើនសមត្ថភាពជំនាញឱ្យកាន់តែមុតស្រួច ជាពិសេសផ្នែកមន្ទីរពិសោធន៍ ត្រូវមាននីតិវិធីស្តង់ដាឱ្យកាន់តែច្បាស់លាស់
– បុគ្គលិក មន្រ្តីរាជការនៃមជ្ឈមណ្ឌលត្រូវស្វែងយល់ពីសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយមានគោលដៅច្បាស់លាស់ ជឿជាក់លើខ្លួនឯង ប្រកបដោយភាពនវានុវត្តន៍ និងភាពឈ្លាសវៃ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអាយុជីវិតដើម្បីប្រយុទ្ធ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ និងសូមលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងសកម្មភាពប្រមូល និងផ្គត់ផ្គង់ឈាម ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស៕