រដ្ឋមន្ត្រីសុខាភិបាល÷ ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «រូបធាតុបដិសំយោគ នៃសម្ភារនិយមវិចារវិទ្យា»

រដ្ឋមន្ត្រីសុខាភិបាល÷ ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «រូបធាតុបដិសំយោគ នៃសម្ភារនិយមវិចារវិទ្យា»

=============

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៧១៨នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីអនុស្សាវរីយ៍ពីការចុះជួបមន្ត្រីនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនាពេលកន្លងមក ហើយក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខភិបាលគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ផ្តល់សេវាដល់ប្រជាជន ដែលការខិតខំនេះបានក្លាយជាថាមពលជួយឱ្យថ្នាក់ដឹកនាំស្ថាប័ន កាន់តែមានទឹកចិត្តក្នុងការដឹកនាំ និងគាំទ្រដល់ការងារក្នុងវិស័យសុខាភិបាលបន្តទៀត។ ការលើកឡើងនេះ ក៏ជាការឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ ពីការឈានឆ្ពោះទៅសម្រេចបានការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាល និងបន្តខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តធ្វើបទបាឋកថាលើប្រធាន ”រូបធាតុនិយមបដិសំយោគនៃ វិចារវិទ្យាសម្ភារនិយម” ដោយលើកជាឧទាហរណ៍ទាក់ទងនឹងការដោះស្រាយបញ្ហានៃផ្តល់សេវាថែទាំនិងព្យាបាលដែលកើតឡើងដដែលៗ។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ អោយប្រើប្រាស់ទស្សនៈវិជ្ចាសម្រាប់ដោះស្រាយបញ្ហាក្នុងគោលបំណងរកអោយបានដំណោះស្រាយមួយដែលមានភាពសមញ្ញ តែជាដំណោះស្រាយដែលល្អបំផុត (Simple But the Best) នៅក្នុងកាល និងលំហរ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ អំពីបទពិសោធន៍ ស្តីពីការគ្រប់គ្រងលើវិស័យសុខាភិបាលខេត្តមណ្ឌលគិរី៕