រដ្ឋមន្ត្រីសុខាភិបាល៖ «ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ ស្លាប់មុនអាយុ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លង»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា «ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ (២៣%) ស្លាប់មុនអាយុ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងរួមមាន៖ ជំងឺបេះដូង-សរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរៃ។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីចៀសវាងកត្តាហានិភ័យ នៃជំងឺមិនឆ្លង នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រី្តបន្តថា ជំងឺមិនឆ្លងគឺជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា ដែលសម្លាប់មនុស្សជិត ៦០,០០០នាក់ ជារៀងរាល់ឆ្នាំ ស្មើនឹង៦៤% នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ប្រជាជនកម្ពុជាម្នាក់ក្នុងចំណោមបួននាក់ (២៣%) ស្លាប់មុនអាយុ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងរួមមាន៖ ជំងឺបេះដូង-សរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរៃ។ ការកើតជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បងបួន រួមមានដូចជា៖ របបអាហារមិនមានសុខភាព កង្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង ប្រកបដោយគ្រោះថ្នាក់។ បុគ្គលមានការប្រឈមនឹងកត្តាហានិភ័យទាំងនេះកាន់តែច្រើន នឹងមានហានិភ័យ ក្នុងការកើតមានជំងឺមិនឆ្លងកាន់តែខ្ពស់។ ការប្រឈមនឹងហានិភ័យនៃជំងឺមិនឆ្លង គឺពាក់ព័ន្ធនឹងឥរិយាបថរស់នៅរបស់បុគ្គល គ្រួសារ និងសហគមន៍ពេញមួយជីវិត តាំងពីកុមារភាព។ ការទទួលទានរបបអាហារមិនមានសុខភាព (អាហារប្រៃ ផ្អែម ខ្លាញ់) ខ្វះសកម្មភាពរាងកាយ ការប្រើប្រាស់ផលិតផលថ្នាំជក់ ឬស្រូបផ្សែងផលិតផលថ្នាំជក់ ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង បណ្តាលឱ្យមានការកើនឡើងកត្តាហានិភ័យសរីរវិទ្យា (Physiological risk factors) ដូចជា៖ លើសទម្ងន់និងជំងឺធាត់ លើសសម្ពាធឈាម លើសជាតិស្ករក្នុងឈាម និងវិបត្តិខ្លាញ់ក្នុងឈាម។ យើងបានដឹងតាមការអង្កេតកត្តាហានិភ័យជំងឺមិនឆ្លង ប្រទេសកម្ពុជា ឆ្នាំ២០២៣ថា ការប្រឈមកត្តាហានិភ័យនៃជំងឺមិនឆ្លងទាំងបួន ក្នុងចំណោមប្រជាជនអាយុ ១៨ដល់ ៦៩ឆ្នាំ នៅតែជាបញ្ហាគួរព្រួយបារម្ភ ដែលក្នុងនោះការប្រើប្រាស់ ផលិតផលគ្រឿងស្រវឹងនៅមានកម្រិតខ្ពស់ (៥០% ក្នុងចំណោមប្រជាជនទាំងពីរភេទ ក្នុងនោះ ៧១.២% ក្នុងចំណោម បុរស ២៧.៥% ក្នុងចំណោមស្ត្រី) និង៥០% នៃបុរសផឹកគ្រឿងស្រវឹងជោគជាំ (៦កម្រិតស្តង់ដារ ឬច្រើនជាង ក្នុងឱកាសណាមួយក្នុងរយៈពេល ៣០ថ្ងៃកន្លងមក)។ តាមការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោក នៅកម្ពុជា អ្នកប្រើប្រាស់ផលិតផលគ្រឿងស្រវឹងអាយុ ១៥ឆ្នាំឡើង ទទួលទានគ្រឿងស្រវឹងជាមធ្យម ១៦,២លីត្រនៃជាតិអាល់កុលក្នុងម្នាក់ក្នុងមួយឆ្នាំ (ក្នុងនោះបុរសទទួលទាន ២១,៩លីត្រ និងស្ត្រីទទួលទាន ៨,១លីត្រ ដែលនេះជាបរិមាណ ខ្ពស់ក្នុងចំណោមប្រទេសនៅអាស៊ាន)។ ការប្រើប្រាស់គ្រឿងស្រវឹង គឺមិនមានកម្រិតសុវត្ថិភាពនោះទេ (No safe level of alcohol consumption)² ប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន បង្កហានិភ័យដល់សុខភាពកាន់តែច្រើន។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងបង្កបញ្ហាសុខភាពនិងជំងឺច្រើនជាង ២០០ ប្រភេទ ជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូង-សរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម។ ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់យុវវ័យ បណ្តាលឱ្យញៀន និងបង្កបញ្ហាសុខភាព ផ្លូវចិត្តដូចជា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ជាដើម។ លើសពីនេះ ការប្រើប្រាស់
គ្រឿងស្រវឹងបានប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម ជំរុញឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាបុគ្គល គ្រួសារ ផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដ និយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគឺជាអាទិភាព។ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ការបង្ការជំងឺមិនឆ្លង គឺជាអាទិភាពចម្បងមួយរបស់ក្រសួងសុខាភិបាល ដែលក្នុងនោះរួម មានការអប់រំផ្សព្វផ្សាយដើម្បីចៀសវាងកត្តាហានិភ័យជំងឺមិនឆ្លង។ ការងារអប់រំសុខភាពមានសារសំខាន់ណាស់ ក្នុងការជំរុញឱ្យប្រជាជនមានការផ្លាស់ប្តូរឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព។ ការអប់រំសុខភាពផ្តល់នូវចំណេះ ដឹងជំនាញ អាកប្បកិរិយាដល់បុគ្គលនិងគ្រួសារ និងលើកទឹកចិត្តពួកគាត់ឱ្យផ្លាស់ប្តូរឥរិយាបថជាវិជ្ជមាន និងបង្កើតឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការបង្កើតនូវបរិយាកាសគាំទ្រដល់ការផ្លាស់ប្តូរឥរិយាបថប្រកបដោយ និរន្តរភាព៕