រដ្ឋមន្រ្តីក្រសួងបរិស្ថានណែនាំ ៣ជំហាន ជាគន្លឹះដល់ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ដើម្បីទទួលបានជោគជ័យការងារវិស័យបរិស្ថាន

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ជូននូវអនុសាសន៍ចំនួន ៣ជំហានជាគន្លឹះ ដែលអនុសាសន៍ទាំងនោះរួមមាន ការពារ ការពង្រីក និងការអភិវឌ្ឍដល់ប្រធានមន្ទីរបរិស្ថានថ្មី ខេត្តក្រចេះ គឺលោក គា បូ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ នៅសាលមហោស្រពរដ្ឋបាលខេត្តក្រចេះ កាលពីនៅថ្ងៃទី ១០កុម្ភៈ ឆ្នាំ២០២៥ ។

លោក គា បូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់នៅចំពោះមុខឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្តក្រចេះថា លោកនឹងបន្តការងារសុក្រឹតកម្មបរិស្ថានកិច្ចនៅក្នុងក្របខណ្ឌរដ្ឋបាលខេត្តក្រចេះឱ្យសម្រេចបានស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាពជាសសរស្តម្ភ លើសពីនេះលោកប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មីនឹងបន្តការងារផ្សព្វផ្សាយ អប់រំបរិស្ថានឱ្យទៅជាចលនានិងឈានទៅសម្រេចបាននូវទំលាប់ស្អាតទូទាំងខេត្តក្រចេះ ស្របតាមជំហាននីមួយៗ ដែលឯកឧត្តមរដ្ឋមន្រ្តីបានណែនាំ ដែលមានឧទាហរណ៍ជោគជ័យស្រាប់ គឺយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងយុទ្ធនាការពន្លកបៃតង ដែលមានទទួលបានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប។

ស្របនឹងការប្តេជ្ញាចិត្តរបស់លោកប្រធានមន្ទីរបរិស្ថានថ្មី លោក ហង្ស វ៉ាន់ឌី អភិបាលរងនែគណអភិបាលខេត្តក្រចេះ បានថ្លែងស្វាគមន៍ និងគាំទ្រចំពោះការយកចិត្តទុកដាក់អនុវត្ត និងបន្តដឹកនាំការងារបរិស្ថានខេត្តក្រចេះសមស្របតាមបទដ្ឋានគតិយុត្ត ជាពិសេសការពង្រឹងនូវសាគ្គីភាពផ្ទៃក្នុង នឹងជំរុញផ្សព្វផ្សាយការងារបរិស្ថាន ឱ្យផ្ទះរបស់យើងស្អាត មានសោភ័ណល្អ ទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ។

ជាការកត់សម្គាល់បន្ថែម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្តមានប្រសាសន៍ថា លោកជាអ្នកខេត្តក្រចេះ ហើយលោកមានមោទនភាពណាស់ ខណៈឃើញខេត្តក្រចេះមានភាពស្អាតនៅតាមផ្លូវ និងមិនមានសំរាមប្លាស្ទិកហើររាយប៉ាយ និងមានកេរ្តិ៍ឈ្មោះល្បីស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ពីព្រោះថាខេត្តក្រចេះមានសត្វផ្សោត និងទីកន្លែងទេសចរណ៍បែបធម្មជាតិផ្សារភ្ជាប់ប្រវត្តិសាស្រ្តជាច្រើនកន្លែងទៀត៕