រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឆ្មក់ចូលពិនិត្យដំណើរការមណ្ឌលសុខភាពខ្ចាស់ នៃខេត្តសៀមរាប ដើម្បីមើលការបម្រើសេវាសុខាភិបាល ដោយពុំជម្រាបជូនដំណឹង
ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសធ្វើដំណើរពីខេត្តសៀមរាបត្រឡប់មកកាន់រាជធានីភ្នំពេញ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូ បានឆ្លៀតអញ្ជើញសាកល្បងចុះទៅទទួលការបម្រើសេវា និងឆ្លៀតពិនិត្យមណ្ឌលសុខភាពខ្ចាស់ នៃខេត្តសៀមរាប ដោយមិនបានជូនដំណឹងជាមុន។
នាឱកាសចុះនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំម្នាក់ បានដើរតួជាអ្នកជំងឺទៅទទួលការបម្រើសេវាពិនិត្យសុខភាព ដើម្បីជាការពិនិត្យស្ថានភាពជាក់ស្តែងដោយផ្ទាល់ និងសង្កេតមើលពីដំណើរការបម្រើសេវា ទាំងការទទួលភារកិច្ចប្រចាំការ២៤ម៉ោង ទាំងការបដិសណ្ឋារកិច្ច អនាម័យ និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ជាពិសេសសមត្ថភាពផ្នែកបច្ចេកទេសនៃការផ្តល់សេវា។
ជាការសង្កេតឃើញ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនជាព័ត៌មានត្រលប់ អំពីចំណុចកង្វះខាតដែលជាគន្លឹះសំខាន់ៗ ក្នុងការនាំមកនូវការបម្រែបម្រួលកាន់តែល្អ អំពីប្រសិទ្ធិភាពការងារ ជាពិសេសគឺនឹងនាំមកនូវ ការសាទរ ពេញចិត្តពេញថ្លើម ពីបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ។
ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់លើ ៖
១-សុឆន្ទៈទទួលខុសត្រូវខ្ពស់ របស់ប្រធានមណ្ឌល, ភាពរវាសរវៃ (willingness with attentive and vigilant capabilities),
២-សមត្ថភាពចុះសង្កេតទៀងទាត់ និងពិនិត្យឱ្យដល់ជម្រៅ និងគ្រប់ទិដ្ឋភាពនៃដំណើរការសេវា (regular and in-depth observation) ពីកម្រិតដឹកនាំបន្តបន្ទាប់ កម្រិតស្រុកប្រតិបត្តិ-មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមបញ្ជាក់ដោយកម្រិតដឹកនាំនៃក្រសួងសុខាភិបាល,
៣-សមត្ថភាពនៃភាពជាអ្នដឹកនាំគ្រប់កម្រិតលើការថែរក្សា-សន្សំធនធាន និងប្រើប្រាស់ធនធាន ឱ្យបានសុក្រឹតបំផុត រាប់ទាំងមូលធនមនុស្ស ទាំងសម្ភារបរិក្ខា ទាំងសំណង់អគារ (appropriate and optimal way of managing, preserving human capital and all available means),។